(ភ្នំពេញ)៖ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្តនៃអតីតគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះថា លោកបានប្រកាសផ្អាកសកម្មភាពស្វែងរកអន្តរាគមន៍នានាមួយរយៈសិន រហូតដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តបានបញ្ចប់។
សកម្មភាពស្វែងរកអន្តរាគមន៍ដែលលោកផ្អាកនេះ រួមមានសកម្មភាពទាមទារឱ្យមានការដោះលែងលោក កឹម សុខា និងសកម្មភាពដែលទាមទារឱ្យអនុញ្ញាតដល់ អតីតគណបក្សសង្រ្គោះជាតិ ចូលរួមបោះឆ្នោតវិញផងដែរ។
លោក អ៊ូ ច័ន្ទរ័ត្ន បានបញ្ជាក់ថា មូលហេតុដែលលោកផ្អាកនេះដោយសារតែការស្វែងរកអន្តរាគមន៍កន្លងមក មិនទទួលបានលទ្ធផលនោះទេ។ ជាមួយគ្នានេះ លោកចង់ទប់ស្ថានការណ៍ មិនឱ្យឡើងកម្តៅខ្លាំងនៅអំឡុងពេលបោះឆ្នោត។ ទោះជាយ៉ាងនេះក្តី អតីតតំណាងរាស្រ្តរូបនេះ ក៏អំពាវនាវឱ្យមានការចរចាដោយសន្តិវិធី ដើម្បីសម្របសម្រួលនយោបាយរវាងអតីតគណបក្សសង្រ្គោះជាតិ និងគណបក្សកាន់អំណាចផងដែរ។
សូមបញ្ជាក់ កន្លងទៅនេះ លោក អ៊ូ ច័ន្ទរ័ត្ន គឺជាអ្នកចេញធ្វើសកម្មភាព នៅក្នុងប្រទេសច្រើនជាងគេ ក្នុងការប្តឹងប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ និងការឃុំខ្លួនរបស់ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ៕