(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមប្រជុំលើកទី១៦ គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យា-សាស្រ្ត និងបច្ចេកវិទ្យា នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាថ្ងៃទី១៧ ខែឧសភាខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស នៅថ្ងៃនេះ។
សេចក្តីប្រកាសក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News បានទទួលនៅមុននេះ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំខាងលើ ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន នឹងធ្វើជាសហប្រធាន ជាមួយលោក ផាម ប៊ិញ មិញ (Pham Binh Minh) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៦នេះ នឹងពិនិត្យឡើងវិញនូវសមិទ្ធិផលលើវិស័យនានា ដែលសម្រេចបានដោយប្រទេសទាំងពីរ និងរិះរកមធ្យោបាយ ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលបានកសាង និងថែរក្សា សម្រាប់សន្តិភាព និងវិបុលភាពរបស់ប្រទេសទាំងពីរ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសទាំងពីរ នឹងចុះហត្ថលេខា លើកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៦។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសវៀតណាម លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងចូលជួបសម្តែងការគួរសមជាមួយលោក ង្វៀន ស៊ុន ហ្វុក នាយករដ្ឋមន្រ្តីវៀតណាម ផងដែរ៕