(ភ្នំពេញ)៖ អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បានចាត់ទុកគំនិត និងការអំពាវនាវរបស់ ទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី មេចលនាចលាចលជាតិ ដែលមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត និងចាត់ទុកអ្នកដែលមិនទៅចូលរួមបោះឆ្នោត គឺជាសំឡេងគាំទ្ររបស់អតីតបក្សខ្លួន គឺជាគំនិតចៅចាក់ស្មុគ កំពុងតែដេកស្រមៃ នៅលើចុងដើមត្នោត!។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨នេះ លោក ហេង រតនា បានចោទជាសំណួរថា តើមានប្រពន្ធ័ប្រជាធិបតេយ្យ នៃការបោះឆ្នោតក្នុងប្រទេសណាមួយ នៅលើពិភពលោកនេះ មានច្បាប់នីតិវិធីកំណត់ចំនួន អ្នកមិនចេញទៅបោះឆ្នោត ដើម្បីចាត់ទុកជាអ្នកឈ្នះ ឬចាញ់នៃការបោះឆ្នោតនោះ?
លោកបញ្ជាក់ទៀតថា «ប្រសិនជាមានរូបមន្ត គិតចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតហើយ មិនចេញទៅបោះឆ្នោត អាចយកមកគិតជាកត្តាឈ្នះ-ចាញ់ការបោះឆ្នោតបែបនេះបានវិញនោះ មិនដឹងជាបក្សកាន់អំណាច (CPP) ឈ្នះស្រួលយ៉ាងណាទេ។ ព្រោះល្បីថា នៅប្រទេសសិង្ហបុរី មន្ត្រីរដ្ឋការណាដែលខកខាន មិនបានទៅបោះឆ្នោត គឺរាប់គិតជាសំឡេងគាំទ្របក្សកាន់អំណាចតែម្តង។ ដូចគ្នានេះ នៅកម្ពុជាបើសិនជាមានរឿងចម្លែករាប់អ្នកបោះបង់សិទិ្ធមិនចេញ ទៅបោះឆ្នោតគិតថា ជាសំលេងបក្សប្រឆាំងបានមែននោះ មានគិតទេថា? ប្រសិនបើបក្សកាន់អំណាច ធ្វើវិសោធកម្មច្បាប់បោះឆ្នោតបន្ថែមតែមួយឃ្លា ដោយយកកំណត់ដូចនៅសិង្ហបុរីដែរ នោះយុទ្ធសាស្ត្រដែលខ្លួនបង្កើតឡើងនេះ អាចក្លាយជាតំរិះជាន់កឯងមិនខានឡើយ!»។
អគ្គនាយករូបនេះបញ្ជាក់បន្ថែមថា គណបក្ស CPP បច្ចុប្បន្នមានសមាជិកជាង៥លាន៨សែននាក់ មានជិត៧០០,០០០ក្រុមបក្ស ដែលរចនាសម្ព័ន្ធនេះ នឹងការពារខែ្សក្រវ៉ាត់បានហើយ។
លោក ហេង រតនា បានលើកឡើងទៀតថា នៅប្រទេសប្រជាធិបតេយ្យជឿនលឿនដូចជា អាមេរិក បារាំង អង់គ្លេស អូស្ត្រាលី ជប៉ុនក្តី អ្នកចេញទៅបោះឆ្នោតមានចំនួនភាគរយ ក៏មិនជាច្រើនប៉ុន្មានដែរ ។ យុទ្ធសាស្ត្រអំពាវនាវ របស់ទណ្ឌិត សម រង្ស៊ី មិនឲ្យប្រជាជនកម្ពុជា ចេញទៅបោះឆ្នោត ដើម្បីបំរើគោលបំណងបង្កការបះបោរ និងបង្កចលាចលសង្គមតែប៉ុណ្ណោះ។ ប្រជាជនកម្ពុជាត្រូវការរក្សាក្តីសង្ឃឹមថ្មីបន្តទៀត ជាមួយសន្តិភាពសង្គម និងនិរន្តភាពនៃការអភិវឌ្ឍន៍!៕