(ភ្នំពេញ)៖ នៅម៉ោងប្រមាណ៤៖៣០នាទីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨នេះ គណបក្សឆន្ទៈខ្មែររបស់លោក គង់ មុនីកា កូនប្រុសរបស់លោក គង់ គាំ អតីតប្រធានគណបក្ស សម រង្ស៊ី បានទៅ ចុះបញ្ជីឈ្មោះចូលរួម និងចុះបញ្ជីបេក្ខជនឈ្មោះសម្រាប់ការបោះឆ្នោត នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហើយ។ គណបក្សដាក់ពាក្យចូលរួមបោះឆ្នោត និងប្រកាសដាក់បេក្ខជនឈរឈ្មោះនៅគ្រប់មណ្ឌល២៥ រាជធានីខេត្ត។
បើតាមលោក គង់ មុនីកា ស្ថាបនិក និងជាប្រធានគណបក្សនេះបានឱ្យដឹងថា គណបក្សឆន្ទៈខ្មែរ ត្រូវបានបង្កើតឡើងដោយស្ថានិក៧រូប ប៉ុន្តែស្ថានិបទាំងនោះ មិនមែនជាថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិ ដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយទេ។ លោក គង់ មុនីកា ដែលជាកូនប្រុសពៅរបស់ លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៊ី មានបំណងចង់ឱ្យ គណបក្សរបស់លោក ក្លាយទៅរូបកាយថ្មីមួយរបស់ព្រលឹង អតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងវិលវល់ រកកន្លែងចាប់កំណើតមិនទាន់ឃើញ។
សូមបញ្ឌាក់ថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងចុះបញ្ជីបេក្ខជន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ នឹងត្រូវបិទបញ្ចប់នៅល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨នេះហើយ។ ការចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងការចុះបញ្ជីបេក្ខជន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ ដែលមានរយៈពេលជាង២សប្តាហ៍ បានចាប់ផ្តើមឡើង កាលពីថ្ងៃទី៣០ ខែមេសា រហូតមក ហើយអំឡុងពេលនេះ មានគណបក្សនយោបាយជាច្រើន បានទៅចុះឈ្មោះ និងបំពេញបែបបទផ្សេងៗ៕