(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា មានតែជនអគតិមានបំណងបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងឆន្ទៈប្រជាពលរដ្ឋប៉ុណ្ណោះ ដែលណែនាំប្រាពលរដ្ឋមិនឲ្យទៅបោះឆ្នោត។
ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រមុខគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងស្របពេលដែលលោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ កំពុងនឹងធ្វើចលនាអំពាវនាវប្រជាពលរដ្ឋកម្ពុជាមិនឲ្យទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅលើទំព័រ Facebook នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះថា គ្មានមេដឹកនាំណាមួយណែនាំពលរដ្ឋមិនឲ្យទៅបោះឆ្នោតនោះទេ។ សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «ច្បាស់ណាស់ គឺគ្មានមេដឹកនាំណាមួយណែនាំពលរដ្ឋខ្លួនមិនឲ្យទៅបោះឆ្នោតទេ មានតែជនអគតិដែលមានបំណងបំផ្លិចបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងឆន្ទៈប្រជាពលរដ្ឋទេ ទើបពួកគេអាចធ្វើដូច្នេះ»។
បើទោះបីជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន បានធ្វើការកត់សម្គាល់ថា បើប្រៀបធៀបភាគរយនៃការចូលរួមបោះឆ្នោតពីសំណាក់ប្រជាពលរដ្ឋរវាងប្រទេសកម្ពុជា និងសហគមន៍អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក គឺកម្ពុជានៅតែមានអត្រាប្រជាពលរដ្ឋទៅបោះឆ្នោតច្រើនជាងបណ្តាប្រទេសទាំងនេះ។ សម្តេចបានលើកឡើងថា នៅប្រទេសក្នុងតំបន់អ៊ឺរ៉ុបមានប្រជាពលរដ្ឋទៅបោះឆ្នោតក្នុងរង្វង់ ៣០% ក៏អាចទទួលយកបាន រីឯសហរដ្ឋអាមេរិក មានពលរដ្ឋទៅបោះឆ្នោតតែក្នុងរង្វង់៤០%ប៉ុណ្ណោះ ខណៈដែលកម្ពុជា មានពលរដ្ឋជាង ៦៩%ទៅបោះឆ្នោត។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា តាមរយៈលទ្ធផលនេះបង្ហាញច្បាស់អំពីការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជាមិនដូចការបកស្រាយដោយជនអគតិមួយចំនួនឡើយ។
សម្តេចតេជោ ប្រមុខបក្សកាន់អំណាច ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទៅបោះឆ្នោតឲ្យបានគ្រប់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ។
ជាការកត់សម្គាល់ស្របពេលដែលក្រុមមេដឹកនាំអតីតបក្សប្រឆាំងនៅកម្ពុជា កំពុងធ្វើយុទ្ធនាការអំពាវនាវប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោតក្រោយពួកគេបរាជ័យក្នុងការស្វែងរកសហគមន៍អន្តរជាតិជួយពួកគេនោះ ប្រជាពលរដ្ឋនៅកម្ពុជាតាមបណ្តាញសង្គម Facebook កំពុងធ្វើចលនាយ៉ាងផុលផុសបង្ហាញពីសារៈនៃការបោះឆ្នោតជ្រើសរើសមេដឹកនាំ បំផុសស្មារតីប្រជាពលរដ្ឋឲ្យទៅចូលរួមបោះឆ្នោតផងដែរ។
សូមបញ្ជាក់ថា ការចុះឈ្មោះគណបក្សនយោបាយ និងបេក្ខភាពសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ មានគណបក្សនយោបាយចំនួន២០ បានទៅចុះឈ្មោះ និងដាក់បេក្ខភាពចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតអាណត្តិទី៦នេះ។
ក្នុងចំណោមគណបក្សទាំង២០នេះ គណបក្សនយោបាយចំនួន៥ ហើយត្រូវបាន គ.ជ.ប ទទួលស្គាល់ផ្លូវការមានសិទ្ធិគ្រប់គ្រាន់សម្រាប់ចូលរួមការប្រកួតប្រជែង។ គណបក្សដែល គ.ជ.ប បានទទួលស្គាល់រួចមកហើយនោះរួមមាន៖ គណបក្សយុវជនកម្ពុជា ដែលឈរនៅ ១៧មណ្ឌល, គណបក្សប្រជាជនកម្ពុជា ឈរនៅ ២៥មណ្ឌល, គណបក្សសញ្ជាតិកម្ពុជាឈរនៅ ២៥មណ្ឌល, គណបក្សខ្មែររួបរួមជាតិ ឈរនៅ ២៥មណ្ឌល និងគណបក្សហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ឈរឈ្មោះប្រកួតប្រជែងនៅ ២៥មណ្ឌល។
ដោយឡែកគណបក្សនយោបាយ ១៥ទៀតដែល គ.ជ.ប កំពុងពិនិត្យនីតិវិធី និងមិនទាន់សម្រេចទទួលស្គាល់នៅឡើយនោះរួមមាន៖ គណបក្សខ្មែរតែមួយ ឈរនៅ ១៦មណ្ឌល, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឈរនៅ ២៥មណ្ឌល, គណបក្សសំបុកឃ្មុំសង្គប្រជាធិបតេយ្យ ឈរនៅ ២៥មណ្ឌល, គណបក្សពន្លឺថ្មី ឈរនៅ ១៣មណ្ឌល, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ឈរនៅ ២៥មណ្ឌល, គណបក្សធម្មាធិបតេយ្យ ឈរនៅ ១០មណ្ឌល, គណបក្សខ្មែរឈប់ក្រ ឈរនៅ ២៥មណ្ឌល, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ឈរនៅ ១២មណ្ឌល, គណបក្សខ្មែរសាធារណរដ្ឋ ឈរនៅ ១០មណ្ឌល, គណបក្សរស្មីខេមរា ឈរនៅ ៧មណ្ឌល, គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ឈរនៅ ១៦មណ្ឌល, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជាឈរនៅ ១១មណ្ឌល, គណបក្សមាតុភូមិយើង ឈរនៅ ៦មណ្ឌល, គណបក្សឆន្ទៈខ្មែរ ឈរនៅ ២៥មណ្ឌល និងគណបក្សខ្មែរក្រោក ឈរនៅ ៥មណ្ឌល៕