(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានប្រកាសសារជាថ្មីម្តងទៀត ដោយអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់ និងពិចារណាឲ្យបានច្បាស់ ចំពោះការខ្ចីលុយ តាមរយៈអនឡាញ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណា ដែលមិនទាន់ចុះបញ្ជីត្រឹមត្រូវ ពីធនាគារជាតិនៃកម្ពុជា។
ការក្រើនរំលឹកសារជាថ្មី របស់ធនាគារជាតិនៃកម្ពុជា ធ្វើឡើងស្របពេលដែលមានព័ត៌មាន ពីពលរដ្ឋមួយចំនួន ដែលកំពុងចាញ់បោកក្រុមហ៊ុនខ្ចីប្រាក់មួយ ដែលមិនមានច្បាប់អនុញ្ញាត ឬការចុះបញ្ជីត្រឹមត្រូវនៅធនាគារជាតិ។
ជាក់ស្តែងមានម្ចាស់ Facebook ម្នាក់ ឈ្មោះថា Ah Yata SP បានចេញឃ្លីបវីដេអូមួយ ដោយបានរៀបរាប់ ពីការចាញ់បោកអស់ប្រាក់សន្ធឹកសន្ធាប់ ពីក្រុមហ៊ុនខ្ចីប្រាក់មួយរបស់ចិន ដែលបានខ្ចីតិច តែសង់ត្រឡប់ទៅវិញច្រើនលើសលុប។
ស្រ្ដីដដែលនេះបានរៀបរាប់ថា «ក្នុងនាមជាអ្នករកស៊ីតែងតែមានការខ្វះខាត បន្ដិចបន្ដួចរឿងលុយកាក់ ក្នុងការបង្វិល ខណៈកំពុងតែមានការខ្វះខាតលុយកាក់ ស្រាប់តែមានក្រុមហ៊ុនឥណទានចិនមួយកន្លែង បានទំនាក់ទំនងមកនាងខ្ញុំ ដើម្បីផ្ដល់ការប្រឹក្សាក្នុងការឲ្យកម្ចីប្រាក់ ជាមួយលក្ខខណ្ឌងាយស្រួល ដោយមានអត្រាការប្រាក់ធូរថ្លៃ។ បន្ទាប់ពីនិយាយយល់ស្របគ្នារួចហើយ នាងខ្ញុំក៏សម្រាប់ខ្ចីលុយពីក្រុមហ៊ុនរបស់ពួកគេ២ពាន់ដុល្លារ ដែលនឹងតម្រូវសងទៅក្រុមហ៊ុនវិញរយៈពេល៥-៧ថ្ងៃ»។
ស្រ្ដីរងគ្រោះបានបន្ដទៀតថា បន្ទាប់ពីទទួលបានលុយចំនួន២ពាន់ដុល្លារ និងដល់ថ្ងៃដែលតម្រូវសងទៅក្រុមហ៊ុនវិញ ស្រាប់តែខាងក្រុមហ៊ុនបានទារឲ្យសង់ចំនួនជាង៣ពាន់ដុល្លារទៅវិញ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះការប្រាក់នេះ ខុសពីបណ្ដាធនាគាររហូតដល់១គុណនឹង១០០ឯណ្ណោះ។
ស្រ្ដីរងគ្រោះក៏បានអំពាវនាវ ឲ្យមានការជួយអន្ដរាគមន៍ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងហាមប្រាមដល់ពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត នូវរាល់ការខ្ចីប្រាក់នានា តាមបណ្ដាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬក្រុមហ៊ុននានា ដើម្បីកុំឲ្យចាញ់បោកគេដូចខ្លួន៕