(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ត្រូវបានវេទិកានយោបាយអាស៊ី-អឺរ៉ុបលើកទី២ ដែលរៀបចំនៅទីក្រុងឡុង ចេញសេចក្តីថ្លែងការណ៍រួមទទួលស្គាល់ជា ប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី (Asian Cultural Council-ACC) ដែលជាស្ថាប័នមួយរបស់ សន្និសីទ​អន្តរជាតិ​នៃ​គណបក្ស​នយោបាយ​នៅ​អាស៊ី (ICAPP)។ នេះបើតាមសេចក្តីប្រកាសរបស់គណបក្សប្រជាជនកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែឧសភានេះ។

វេទិកានយោបាយអាស៊ី-អឺរ៉ុប (2nd Asia Political Forum- AEPF) ដែលបានរៀបចំឡើង ដោយក្រុមអ្នកនយោបាយអភិរក្ស និងកែទម្រង់អឺរ៉ុប (European Conseratives and reformists Group-ECR) បានបិទបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ជាមួយនឹងការចេញសេចក្តីថ្លែងការណ៍រួមទីក្រុងឡុង។

សម្រាប់កម្ពុជា គណបក្សប្រជាជនកម្ពុជា តំណាងដោយលោកស្រី ឃួន សុដារី សមាជិកអចិន្រ្តៃយ៍ នៃគណបក្សនេះ និងក្រុមអ្នកនយោបាយអភិរក្ស ​និង​កែទម្រង់អឺរ៉ុបតំណាងដោយ លោក ចេហ្រ្វី វ៉ាន់អូដុន(Geoffrey Van Orden) បានធ្វើជាសហប្រធាន នៅក្នុងវេទិកានេះ។

សេចក្តីថ្លែងការណ៍រួម នៃវេទិកានយោបាយអាស៊ី-អឺរ៉ុប នៅក្នុង​ទីក្រុងឡុងដ៍ ត្រូវបានអនុម័ត និងបានបញ្ជាក់ឡើងវិញនូវគោលបំណងរួមទាក់ទងនឹង​សន្តិភាព និង​ការអភិវឌ្ឍជានិរន្តន៍ សម្រាប់ប្រជាពលរដ្ឋនៃទ្វីបទាំងពីរ។ បានទទួលស្គាល់ថា ពាណិជ្ជកម្ម និងការតភ្ជាប់ក្នុងតំបន់ជាឧបករណ៍មួយសម្រាប់ជំរុញ ដល់ភាពជាដៃគូរវាងអាស៊ី និង​អឺរ៉ុប។ សេចក្តីថ្លែងការណ៍រួមនេះ បានទទួលស្គាល់ជាផ្លូវការនូវតួនាទីរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាប្រធានស្ថាបនិកកិត្តិយស នៃក្រុមប្រឹក្សាវប្បធម៍អាស៊ី (Asian Cultural Council-acc) ដែលជាស្ថាប័នមួយរបស់ ICAPP។

មិនតែប៉ុណ្ណោះ សេចក្តីថ្លែងការណ៍រួម ក៏បានទទួលស្គាល់តួនាទីរបស់ប្រទេសកម្ពុជា ក្នុង​ការសម្រេចបាននូវកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ ជាដៃគូររវាង ក្រុមប្រឹក្សាវប្បធម៍អាស៊ី និង​អង្គការយូណេស្កូ។ កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការនេះ និងត្រូវចុះហត្ថលេខានៅចុងឆ្នាំ២០១៨។

បន្ទាប់ពីបញ្ចប់ វេទិកានយោបាយអាស៊ី-អឺរ៉ុប ក្រុមប្រទេសជាសមាជិក បានសម្រេចឲ្យ​ប្រទេស​កម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំកំពូលក្រុមប្រឹក្សាវប្បធម៍អាស៊ី នៅរាជធានីភ្នំពេញ ក្នុងត្រីមាសទី១ ឆ្នាំ២០១៩ ខាងមុខនេះតែម្តង៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គណបក្សប្រជាជនកម្ពុជា៖