(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បញ្ជាឲ្យកម្លាំងជំនាញផែនសណ្ដាប់ធ្នាប់ ចុះត្រួតពិនិត្យ និងរឹតបណ្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសអ្នកបើកបរគ្មានប័ណ្ណបើកបរ ឬមានប័ណ្ណបើកបរអន្តរជាតិមិនត្រូវ ព្រមទាំងរថយន្តគ្មានផ្លាកលេខ។

ប្រតិបត្ដិការចុះត្រួតពិនិត្យ និងរឹតបណ្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកខាងលើនេះ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យចរាចរណ៍ ដែលមានកម្លាំងជាច្រើនរូប ដោយចាត់កម្លាំងជា២គោលដៅ ពេញមួយថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨។

ពេលព្រឹកចំនួន០១គោលដៅ៖ កម្លាំងសរុបចំនួន១៧នាក់​ ដឹកនាំដោយលោកអនុសេនីយ៍ឯក វ៉ាយ លាភ នាយរងផ្នែកបញ្ជាចរាចរណ៍ កម្លាំងចំនួន១៧នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅជិតសង្កាត់លេខ០២ ស្ថិតក្នុងភូមិ០២ សង្កាត់០២​ ក្រុង/ខេត្តព្រះសីហនុ​។

ពេលល្ងាចចំនួន០១គោលដៅ​៖ កម្លាំង​សរុប​ចំនួន២២នាក់ ដឹកនាំដោយលោក​​វរសេនីយ៍ទោ កេត សុភ័ក្រ្ត នាយរងការិយាល័យចរាចរណ៍ កម្លាំងចំនួន២២នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅស្តុបកាល់តិច ស្ថិតក្នុងភូមិ០២ សង្កាត់០២ ក្រុង/ខេត្តព្រះសីហនុ​។​

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ជាលទ្ធផលសរុបបាន​ចំនួន១២៤គ្រឿង​​, ល្មើសច្បាប់ចរាចរណ៍ចំនួន១១១ករណី​​, ​រថយន្ត១៥គ្រឿង​​មានដូចខាងក្រោម​​៖

១​៖ពិន័យ​អ្នកបើកបរ ​និង​អ្នករួម​ដំណើរ​លើ​ម៉ូតូ មិនពាក់មួកបានចំនួន៧៥គ្រឿង
​២៖ពិន័យ​អ្នកបើកបរម៉ូតូគ្មានកញ្ចក់មើលក្រោយ បា​នចំនួន០៩គ្រឿង
៣៖ពិន័យ​រថយន្តមិនពាក់ខ្សែរក្រវ៉ាត់ បានចំនួន០៥គ្រឿង​
៤៖ពិន័យ​រថយន្តល្មើសផ្លាកសញ្ញាចរាចរណ៍ ចំនួន១០គ្រឿង​
៥៖ពិន័យ​ម៉ូតូល្មើសផ្លាកសញ្ញាចរាចរណ៍ ចំនួន១២គ្រឿង​
៦៖ជនជាតិចិនបើកបរដោយគ្មានប័ណ្ណបើកបរ និងមានប័ណ្ណបើកបរអន្តរជាតិ មិនត្រឹមត្រូវចំនួន១៣គ្រឿង យកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក បន្តតាមនីតិវិធី៕​