(ព្រះវិហារ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ បានចុះទៅពិនិត្យព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅភូមិបេងកោង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជយ័ ខេត្តព្រះវិហារ។

លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា ដោយអនុវត្តន៍តាមអនុសាសន៍ណែនាំរបស់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល ឲ្យមន្ទីរសុខាភិបាលរាជធានី-ខេត្ត បង្កើតក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីចុះពិនិត្យព្យាបាលជម្ងឺជូន ប្រជាពលរដ្ឋនៅតាមរាជធានី-ខេត្ត រៀងៗខ្លួន និងក៏ដូចជា ការចង្អុលណែនាំរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ, ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានចុះពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅភូមិបេងកោង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ។ ក្នុងនោះ ធ្វើការពិនិត្យជម្ងឺទូទៅបាន១៤០ករណី ជម្ងឺកុមារបាន១១៤ករណី រោគស្ត្រី២៨ករណី ជម្ងឺភ្នែកបាន៤១ករណី ជម្ងឺមាត់ធ្មេញបាន១៨ករណី និងវះកាត់តូចបាន២ករណី។

លោក គួង ឡូ បានឲ្យដឹងទៀតថា នៅក្នុងឱកាសចុះពិនិត្យព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋក្នុងឱកាសនោះ លោកកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋភាគច្រើនកើតជម្ងឺក្រះពោះវៀន ដែលករណីនេះ គឺបណ្តាលមកពីពួកគាត់បរិភោគមិនទៀងទាត់ និងខ្វះអនាម័យ។

ជាមួយគ្នានេះផងដែរ លោកក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវថែរក្សាអនាម័យឲ្យបានគ្រប់ៗគ្នា ពោលគឺហូបស្អាត រស់នៅស្អាត ហើយស្របពេលរដូវវស្សាចូលមកដល់ហើយនោះ ត្រូវនាំគ្នាប្រុងប្រយត្ន័ខ្ពស់ពីជម្ងឺគ្រុនចាញ់ និងជម្ងឺគ្រុនឈានពោល គឺត្រូវគេងដាក់មុងគ្រប់ពេលវេលា គ្រប់ទីកន្លែងជានិច្ច។

លោក គួង ឡូ បានបញ្ជាក់ជាចុងក្រោយថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ នឹងចុះពិនិត្យព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅតំបន់ផ្សេងៗទៀតនៅឱកាសក្រោយ ហើយលោកក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋយើង ត្រូវទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕