(ភ្នំពេញ)៖ មន្ត្រីនគរបាលពាក់ស័ក្តិ២ ដែលបានប្រើហិង្សា ទះកំផ្លៀងស្ត្រីម្នាក់ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព និងជិះម៉ូតូបញ្ច្រាសទិស ហើយត្រូវបានគេថតវីដេអូបង្ហោះលើ Facebook រកការរិះគន់យ៉ាងខ្លាំងនោះ ពេលនេះត្រូវបាននាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យចាប់ខ្លួនមកកាន់ស្នងការនគរបាលរាជធានីភ្នំពេញហើយ។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានឲ្យដឹងថា ករណីដែលមន្ត្រីនគរបាលទះកំផ្លៀងស្ត្រីម្នាក់កាលពីថ្ងៃមិញនេះ លោកបានបញ្ជាឲ្យចាប់ខ្លួនមកកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដាក់វិន័យទៅតាមច្បាប់របស់នរគបាលជាតិ។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏បានសូមទោសដល់ជនរងគ្រោះ និងក្រុមគ្រួសាររបស់នាង ហើយលោកក៏បានសូមទោសដល់ប្រជាពលរដ្ឋខ្មែរផងដែរ ចំពោះទង្វើមិនគប្បីរបស់សមត្ថកិច្ច ដែលមានឥរិយាបទមិនសមរម្យជាមន្ត្រីរាជការបែបនេះ។

សូមជម្រាបថា ករណីហិង្សានេះ បានកើតឡើងនៅម៉ោងប្រហែល១១ព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ២៩៨ កែងផ្សារអូរឡាំពិក ក្នុងសង្កាត់ ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មន្ត្រីនគរបាលដែលប្រើហិង្សាលើស្ត្រីជាគ្រូពេទ្យមានឈ្មោះ កៅ សំអុល អាយុ៤៨ឆ្នាំ ជានគរបាលប៉ុស្តិ៍ទួលស្វាយព្រៃ១ ដោយបានទះកំផ្លៀងទៅលើស្ត្រីរងគ្រោះឈ្មោះ ឌី លីណា អាយុ៣៧ឆ្នាំ ស្នាក់នៅខណ្ឌ៧មករា ខណៈដែលកំពុងចាប់ឃាត់ម៉ូតូ មិនគោរពច្បាប់៕