(ភ្នំពេញ)៖ លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ និងលោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ បានចុះហត្ថលេខាលើលិខិតប្តូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនចំនួន៣៤២ លានយ៉េន ស្មើនឹងប្រមាណ៣.២២ លានដុល្លារអាមេរិក សម្រាប់គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស។
ថ្លែងក្នុងឱកាសនោះ លោក ប្រាក់ សុខុន បានបញ្ជាក់ថា លោកមានសេចក្ដីរីករាយ ដែលបានចុះហត្ថលេខាជាមួយ លោក HORINOUCHI លើលិខិតប្តូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនចំនួន ៣៤២ លានយ៉េន (ប្រមាណ ៣,២២ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស សម្រាប់ឆ្នាំសិក្សា ២០១៨ ។
លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា អាហារូបករណ៍នេះ នឹងផ្ដល់ជូននិស្សិត ដែលជាមន្ត្រីរាជការវ័យក្មេងកម្ពុជាចំនួន២៦រូប សម្រាប់ថ្នាក់បរិញាប័ត្រជាន់ខ្ពស់២៤រូប សិក្សារយៈពេល០២ ឆ្នាំ និងថ្នាក់បណ្ឌិតចំនួន០២រូប សិក្សារយៈពេល០៣ឆ្នាំ។ និស្សិតចំនួន២៤នាក់ (ស្ត្រី១៣នាក់) នឹងចេញដំណើរទៅសិក្សានៅជប៉ុន ក្នុងខែសីហា ឆ្នាំ២០១៨។
លោក ប្រាក់ សុខុន បានបន្ថែមថា រដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់អភិវឌ្ឍធនធានមនុស្សនៅកម្ពុជា មានរយៈពេល១៨ឆ្នាំមកហើយ គឺចាប់ពីឆ្នាំ២០០០ ដែលមានចំនួនសរុបចំនួន ៥,៨៥៧លានយ៉េន (ប្រមាណ៥៨.៧៧លានដុល្លារអាមេរិក)។ តាមរយៈជំនួយនេះ មន្ត្រីរាជការវ័យក្មេងកម្ពុជាចំនួន៤១៦នាក់ (ក្នុងនោះមានស្ត្រី ៩៣នាក់) ទៅបន្តការសិក្សាថ្នាក់ Master នៅប្រទេសជប៉ុន លើមុខវិជ្ជាពាក់ព័ន្ធនឹងសេដ្ឋកិច្ច ការលើកកំពស់ការអភិវឌ្ឍសង្គម និងការលើកកំពស់អភិបាលកិច្ច។
លោកទេសរដ្ឋមន្ត្រីបញ្ជាក់ទៀតថា គិតមកដល់បច្ចុប្បន្ននិស្សិត ដែលបានបញ្ចប់ការសិក្សានៅប្រទេសជប៉ុន តាមរយៈជំនួយខាងលើនេះ មានចំនួន ៣៤៤នាក់ (ស្ត្រី៦៨ នាក់) ហើយកំពុងបម្រើការងារនៅតាមក្រសួង-ស្ថាប័នសំខាន់ៗ និងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍនៅកម្ពុជា។
ប្រមុខការទូតកម្ពុជារូបនេះថ្លែងថា «តាងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ក្នុងការបន្តគាំទ្រ និងតែងតែជួយជំរុញការអភិវឌ្ឍធនធានមនុស្ស ដែលជាវិស័យអាទិភាពមួយ របស់រាជរដ្ឋាភិបាល។ លិខិតប្ដូរសារដែលបានចុះហត្ថលេខាថ្ងៃនេះ នឹងចូលរួមចំណែកថែមទៀតដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្ថយគម្លាតអភិវឌ្ឍរបស់ខ្លួន ទាំងនៅក្នុងប្រទេស និងក្នុងតំបន់ និងសបញ្ជាក់អំពីទំនាក់ទំនងមិត្តភាពដ៏រឹងមាំរវាងប្រទេសយើងទាំងពីរ»។
លោក Hidehisa HORINOUCHI បានថ្លែងថា «យើងរំពឹងថា ទំនាក់ទំនងរវាងជប៉ុន និងកម្ពុជាកាន់តែរឹងមាំបន្ថែមទៀត តាមរយៈកម្មវិធីអាហារូបករណ៍ សម្រាប់ការអភិវឌ្ឍធនធានមនុស្សនេះ។ ខ្ញុំជឿជាក់ថា និស្សិតអាហារូបករណ៍ទាំងអស់ នឹងមិនត្រឹមតែខិតខំក្នុងការអភិវឌ្ឍន៍ប្រទេសកំណើតខ្លួនប៉ុណ្ណោះទេ ហើយថែមទាំងក្លាយជាស្ពានមិត្តភាពរវាងជប៉ុន និងកម្ពុជាផងដែរ»៕