(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃពុធ នេះបានថ្លែងថា លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ដែលឃោសនាមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតនោះ នឹងចាញ់សមរភូមិនយោបាយ ក្នុងការធ្វើប្រជាមតិលើចំនួនប្រជាពលរដ្ឋ ដែលទៅចូលរួមការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី០៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំមិនជឿថា អ្នក (លោក សម រង្ស៊ី) ដែលអំពាវនាវឲ្យប្រជាជនធ្វើពហិការ មិនចូលរួមក្នុងការបោះឆ្នោត វានឹងក្លាយទៅជាចំនួនភាគច្រើននោះទេ ព្រោះនេះជាការប្រើសិទ្ធិ។ សមាជិកគណបក្សប្រជាជនកម្ពុជាមានជាង ៥លាននាក់ រួចស្រេចទៅហើយ ក្នុងចំណោមជាង ៨លាននាក់ ដែលបានចុះឈ្មោះបោះឆ្នោត ដូច្នេះអ្នកគិតថា នេះជាការធ្វើប្រជាមតិ ប្រហែលជាអ្នកប្រថុយប្រថានពេកទេដឹង»។
សម្តេចបានបន្តថា «ច្បាប់នៅលើពិភពលោក អត់មានច្បាប់ណាចែងថា ប៉ុន្មានភាគរយទៅបោះឆ្នោត ទើបគ្រប់កិច្ចនោះទេ ប៉ុន្តែខ្ញុំគ្រាន់តែចង់ឲ្យអ្នកភ្លឺភ្នែកថា គ្រាន់តែសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាមានជាង ៥លាននាក់ ក្នុងចំណោមអ្នកទៅបោះឆ្នោតជាង ៨លាននាក់ ដូច្នេះអ្នកមិនអាចទៅរួចទេ នៅក្នុងការចាត់ថា ជាការធ្វើប្រជាមតិ តាមរយៈការបោះឆ្នោតបានប៉ុន្មាននោះ អ្នកច្បាស់ជាទទួលបរាជ័យលើបញ្ហានេះ»។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជន បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិត ជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១៧ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ការឆ្លើយតបបែបនេះ ក៏បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី អំពាវនាវដោយខុសច្បាប់ឲ្យប្រជាពលរដ្ឋខ្មែរនៅដេកផ្ទះ ហើយកុំទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ បើសិនជាអតីតគណបក្សសង្រ្គោះជាតិរបស់លោក មិនបានចូលរួមក្នុងការបោះឆ្នោតជាតិនេះទេនោះ។ លោក សម រង្ស៊ី បានចាត់ទុកថា ការដែលប្រជាពលរដ្ឋខ្មែរ មិនទៅចូលរួមការបោះឆ្នោតជាតិ ដែលមានចំនួនភាគច្រើន នឹងធ្វើឲ្យលោក និងអតីតគណបក្សសង្រ្គោះជាតិឈ្នះនយោបាយលើគណបក្សកាន់អំណាច។
កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ម្សិលមិញនេះ លោក សម រង្ស៊ី បានបង្ហាញនៅលើទំព័រ Facebook របស់លោក អំពីការបោះឆ្នោតនៅប្រទេសវេណេហ្សុយអេឡា (Venezuela) កាលពីថ្ងៃអាទិត្យ ទី២០ ខែឧសភា ឆ្នាំ២០១៨។ លោកអះអាងថា ប្រជាពលរដ្ឋភាគច្រើន បានធ្វើតាមសេចក្តីអំពាវនាវរបស់គណបក្សប្រឆាំង គឺមិនទៅបោះឆ្នោត ហើយក៏បានធ្វើឲ្យការបោះឆ្នោតក្លែងក្លាយនោះ ទទួលបរាជ័យ ដោយសារតែអ្នកមិនទៅបោះឆ្នោត (៥៣ភាគរយ) ច្រើនជាងអ្នកទៅបោះឆ្នោត (៤៧ភាគរយ)។ លោកជឿជាក់ថា នៅកម្ពុជា នឹងមានជោគវាសនាដូចទៅនឹងប្រទេសនៅទ្វីបអាមេរិកខាងត្បូងមួយនេះដែរ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបន្ថែមទៀតថា ស្ថានភាពកម្ពុជា មិនអាចដូចទៅនឹងប្រទេសវេណេហ្សុយអេឡា។ សម្តេចបញ្ជាក់ថា សមាជិកក្រុមប្រឆាំងមានតិចតួចប៉ុណ្ណោះ ប៉ុន្តែសមាជិកគណបក្សកាន់អំណាចមានចំនួនភាគរយច្រើនដាច់ ព្រោះសមាជិកគណបក្សប្រជាជនកម្ពុជា មានរហូតដល់ជាង ៥លាននាក់ ក្នុងចំណោមអ្នកមានឈ្មោះបោះឆ្នោតជាង ៨លាននាក់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «អ្នកនឹងចាញ់ ក្នុងសមរភូមិប្រជាមតិ បើអ្នកគិតថា ការបោះឆ្នោតគឺជាការធ្វើប្រជាមតិ»។ សម្តេចបានបន្តថា រឿងណេវេស៊ុយអេឡា គឺជារឿងមួយដែលលោក សម រង្ស៊ី មិនគួរប្រៀបធៀបទេ ប៉ុន្តែនៅកម្ពុជា វាជារឿងមួយផ្សេងទៀត។
មេដឹកនាំកំពូលរបស់គណបក្សកាន់អំណាចជាង៣០ឆ្នាំរូបនេះ ក៏បានរិះគន់ផងដែរចំពោះការអំពាវនាវឱ្យប្រជាជនងើបបះបោរ ដែលធ្វើឡើងដោយទណ្ឌិតសមរង្ស៊ី តាមរយៈចលនាសង្រ្គោះជាតិ ដែលបង្កើតឡើងកាលពីចុងខែមករា ឆ្នាំ២០១៨ នៅសហរដ្ឋអាមេរិក។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា លោក សម រង្ស៊ី មិនអាចប្រៀបខ្លួនស្មើនឹងអតីតព្រះមហាវីរក្សត្រ ដែលហ៊ានបង្កើតចលនាឲ្យប្រជាជនបះបោរ។ សម្តេចបញ្ជាក់ថា នៅក្នុងប្រទេសសន្តិភាព សូម្បីតែព្រះករុណាបិតា ព្រះអង្គក៏គ្មានលទ្ធភាព ដើម្បីបំផុសប្រជាជនឲ្យងើបឡើងតស៊ូ ដូចទៅនឹងឆ្នាំ១៩៧០ដែរ។ បើតាមសម្តេចនាយករដ្ឋមន្ត្រី នៅក្រោយឆ្នាំ១៩៧៩ ក៏មានចលនាសីហនុនិយម និងចលនាហ៊្វុនស៊ិនប៉ិច ប៉ុន្តែព្រះកុរណាបិតា ពេលនោះចូលរួមក្នុងចលនាត្រីភាគី មិនអាចធ្វើចលនាប្រជាពលរដ្ឋក្រោកឈរឡើង ដូចនៅឆ្នាំ១៩៧០នោះទេ។
សម្តេចបញ្ជាក់ទៀតថា «អ្នកមិនអាចយកខ្លួនទៅប្រៀបនឹងព្រះករុណាបិតាបានទេ ដែលអំពាវនាវឲ្យប្រជាជន (ងើបបះបោរ)។ កន្លងទៅអ្នកបានធ្វើរួចស្រេចទៅហើយ ប្រជាជនជាង ១៥លាននាក់ អ្នកឯងគ្រាន់តែរកបានប៉ុន្មានម៉ឺននាក់មកធ្វើបាតុកម្មប៉ុណ្ណោះ អ្នកបានធ្វើរួចហើយ ប៉ុនប៉ងផ្តួលរំលំរួចហើយ អ្នកធ្វើមិនបានក្នុងពេលដែលអ្នកបានដឹកនាំ (ផ្ទាល់) និងមានបរទេសគាំទ្រទៀតផង អ្នកធ្វើមិនកើត ពេលនេះដងខ្លួនរបស់អ្នក ឆ្អឹងខ្នងរបស់អ្នកត្រូវបានវាយបំបាក់ ទៅជាខ្មោចហើយ អ្នករត់ទៅក្រៅប្រទេស អ្នកមិនអាចធ្វើដូចនេះបានទេ»។
សម្តេចតេជោ ហ៊ុន សែន បានហៅ លោក សម រង្ស៊ី ថាជាមេដឹកនាំដែលទន់ខ្សោយ មិនចេះប្រើប្រាស់កម្លាំង។ សម្តេចថ្លែងថា មេទ័ពពូកែ គេមិនរត់ចោលកូនចៅ ហើយបញ្ជាពីក្រៅប្រទេសនោះទេ គេត្រូវនៅជាមួយទ័ព ហើយបញ្ជាផ្ទាល់តែម្តង។ សម្តេចផ្តាំថា «អ្នកត្រូវចាំ មេបញ្ជាការទ័ព គេនៅក្បែរទ័ព ទើបគេអាចបញ្ជាកងទ័ពប្រយុទ្ធទៅរួច អ្នកទៅតាមអា Facebook ទៅវាមិនរួចទេ»។
សម្តេចតេជោ ហ៊ុន សែន បានក៏ផ្តាំឲ្យ លោក សម រង្ស៊ី ដែលមិនហ៊ានវិលត្រឡប់មកកម្ពុជានោះ រង់ចាំមើលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ សម្តេចតេជោ ហ៊ុន សែន សុខចិត្តរុញទូកបណ្តោយទឹក នៅពេលដែលឃើញមេក្រុមប្រឆាំងនេះ អំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោត ហើយយកមកធ្វើជាសមរភូមិនយោបាយ។
សម្រាប់សម្តេច ក្រុមប្រឆាំងដែលមានចំនួនភាគតិចបំផុតនោះ ទៅបោះឆ្នោតកាន់តែតិច គឺកាន់តែល្អសម្រាប់គណបក្សប្រជាជនកម្ពុជា ព្រោះសន្លឹកឆ្នោតទាំងនោះ នឹងឃើញតែគណបក្សប្រជាជនកម្ពុជាច្រើនតែម្តង។ សម្តេចបញ្ជាក់យ៉ាងដូច្នេះថា «បើនិយាយអំពីការបោះឆ្នោត ពួកបក្សប្រឆាំង ទៅកាន់តែតិច សន្លឹកឆ្នោតកាន់តែល្អសម្រាប់បក្សកាន់អំណាច»៕