(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ បានបង្ហាញនូវក្ដីព្រួយបារម្ភ ចំពោះការកម្រើកឡើងវិញ នៃជំងឺអេដស៍នៅកម្ពុជា និងបានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធ ពិសេសដៃគូស្នេហា ត្រូវការពារខ្លួនឲ្យបានត្រឹមត្រូវ ពីការឆ្លងជំងឺអេដស៍ ដោយរួមភេទប្រើប្រាស់ស្រោមអនាម័យ។
ការអំពាវនាវបែបនេះ របស់សម្ដេចតេជោនាយករដ្ឋមន្រ្ដី ធ្វើឡើងក្នុងឱកាសដែលសម្ដេច អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករនិយោជិត ប្រមាណ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១៧ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ។
សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ឥឡូវនេះជំងឺអេដស៍ ហាក់បានកម្រើកឡើងវិញបន្ដិច ត្រូវប្រយ័ត្នក្មួយៗមុនពេលរៀបការ មុនពេលស្រលាញ់អ្នកណាក៏ដោយ ត្រូវធ្វើតេស្ដឈាមសិន ហើយបើមិនប្រាកដទេត្រូវប្រើវិធីការពារ...[ប្រើប្រាស់ស្រោមអនាម័យ] បើពុំដូច្នោះទេ វានឹងនាំមេរោគអេដស៍ចូលផ្ទះ»។
សម្ដេចប្រមុខរដ្ឋាភិបាលបានថ្លែងបន្ថែមទៀតថា «ប្រទេសយើងជាប្រទេសដែលជោគជ័យ លើការកាត់បន្ថយអត្រាផ្ទុកមេរោគអេដស៍ និងការរីករាលដាលនៃជំងឺអេដស៍ ប៉ុន្ដែតាមការសង្កេតហាក់បីដូចជា ចាប់ផ្ដើមកម្រើកឡើងវិញបន្ដិច ដូច្នេះក៏សូមយកឱកាសនេះអំពាវនាវចំពោះយុវជន យុវនារីត្រូវមានការប្រុងប្រយ័ត្ន ក្នុងភាពជាដៃគូ ហើយបើល្អទេ គឺមួយទល់នឹងមួយមិនព្រួយកើតអេដស៍»។
របាយការណ៍របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា នៅឆ្នាំ២០១៧កន្លងទៅ ករណីឆ្លងថ្មីនៃមេរោគអេដស៍មានចំនួន៥៧២នាក់ ហើយការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍បានគ្របដណ្តប់៨៥% នៃចំនួនអ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍។
តាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជងឺអេដស៍បានបញ្ជាក់ថា គិតត្រឹមចុងឆ្នាំ២០១៧ អ្នកជំងឺអេដស៍នៅកម្ពុជាមានចំនួន៥៨,៥១៦នាក់ (ប្រុស២៦,៨៥៥នាក់) ដែលបានចុះឈ្មោះ និងកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ ក្នុងចំនួននោះ ៣៤០៨ នាក់ជាកុមារ អាយុ ពី០ឆ្នាំ ដលើ១៤ឆ្នាំ៕