(កំពង់ស្ពឺ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃពុធនេះបានអំពាវនាវឱ្យកម្មករ-កម្មការិនី នៅខេត្តកំពង់ស្ពឺ សូមអញ្ជើញទៅបោះឆ្នោត ជូនគណបក្សប្រជាកម្ពុជា ដើម្បីទទួលបានតំណាងរាស្ត្រវ័យក្មេង ដែលមានសមត្ថភាពខ្ពស់ដូចជាកូនរបស់សម្តេច «លោក ហ៊ុន ម៉ានី» ដើម្បីជួយមើលការខុសត្រូវ និងការអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ ឱ្យមានប្រសិទ្ធភាពបន្ថែមទៀត។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជន បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិក ជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១៧ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «សូមក្មួយៗបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាទៅបានជាប់កូន របស់ពូឈរនៅខេត្តកំពង់ស្ពឺ ហើយជួយមើលការខុសត្រូវនៅក្នុងខេត្តកំពង់ស្ពឺ»។
ទទឹមនឹងនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណនូវសេចក្តីស្រឡាញ់ពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ស្ពឺ ដែលបានបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា និងបានចូលររួមចំណែកស្តារឡើងវិញ បន្ទាប់ពីរងការបំផ្លាញឱ្យដោយសារ របបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានេះបុរសខ្លាំងកម្ពុជា បានសង្កត់ធ្ងន់ថា ប្រសិនបើប្រទេសជាតិគ្មានសុខសន្តិភាព និងគ្មានការអភិវឌ្ឍនោះទេ ហើយអ្នកដែលឈរបាំងខ្លួន ដើម្បីរក្សាសន្តិភាព គឺមានសម្តេតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីរក្សាសុខសន្តិភាពដើម្បីរក្សាភាពសុខសាន្ត របស់ប្រជាជនកម្ពុជា ទោះបីត្រូវបានគេជេរប្រទិច ពីសំណាក់ក្រុមពួកប្រឆាំងតែម្តង ជាពិសេសការមិនពេញចិត្តពីសំណាក់បរទេសមួយចំនួន ក៏រាជរដ្ឋាភិបាលមិនបានរុញរាជាមួយបញ្ហាទាំងនេះឡើយ។
សូមជម្រាបថា សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិថ្មីអាណត្តិទី៦ ដែលឈានមកដល់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នាពេលខាងមុខដ៏ខ្លីនេះ គណបក្សប្រជាជនកម្ពុជា បានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតនៅទូទាំង២៥ រាជធានី-ខេត្ត ដោយមានបេក្ខជនសរុប ២៧១រូប ក្នុងនោះបេក្ខជនពេញសិទ្ធិ ១២៥រូប និងបេក្ខជនបម្រុង ១៤៦រូប ការដាក់បេក្ខជនវ័យក្មេងនៅអាណត្តិថ្មីមានខ្ទង់ ៣០ភាគរយ កើនជាងអាណត្តិមុន ១០ភាគរយ។
ក្នុងចំណោមបេក្ខជនទាំង ២៧១រូបនោះ មានបេក្ខជន ២០រូប ជាបេក្ខជនតំណាងរាស្រ្ដកើតនៅក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ដែលមានវ័យជាង ៣០ឆ្នាំ និងក្រោម ៣០ឆ្នាំ។ ក្នុងអាណត្តិទី៥នេះ គណបក្សប្រជាជនកម្ពុជា បានផ្តល់ឱកាសឱ្យយុវជនវ័យក្មេង៣នាក់ បានធ្វើជាតំណាងរាស្ត្រ ហើយមានយុវជនវ័យក្មេងមួយចំនួនទៀត បានធ្វើជារដ្ឋមន្ត្រី និងថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ននានាផងដែរ៕