(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលធ្លាប់ហែលឆ្លងភ្លើងសង្គ្រាមមករកត្រើយសន្តិភាព ជាមួយប្រជាពលរដ្ឋខ្មែរជាច្រើនឆ្នាំមកហើយនោះ បានប្ដេជ្ញាចំពោះពលរដ្ឋ ទូទាំងប្រទេសថា ទោះបីជាសម្ដេចរងនូវការជេរប្រមាថពីក្រុមប្រឆាំង ដែលចង់បំផ្លាញប្រទេសដ៏កំសត់មួយនេះយ៉ាងណាក៏ដោយ ក៏នាយករដ្ឋមន្ត្រីដ៏ស្វាហាប់រូបនេះក្រាញស៊ូទ្រាំ នៅជាមួយប្រជាពលរដ្ឋឲ្យបាន ឲ្យតែជាតិកម្ពុជាមានសន្តិភាព ស្ថិរភាពនយោបាយ ជីវភាពប្រជាពលរដ្ឋរីកលូតលាស់ទៅមុខ។
ភាពអង់អាចរឹងមាំនេះ ត្រូវបានបន្លឺឡើងក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាស ចំនួន១៧ នៅខេត្តកំពង់ស្ពឺ ដែលពិធីនេះបានធ្វើឡើងនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានបទពិសោធន៍ក្នុងការថែរក្សាការពារសុខសន្តិភាពជិត៤០ឆ្នាំ មកហើយនោះបានបញ្ជាក់ថា ប្រទេសកម្ពុជា បើគ្មានសុខសន្តិភាពទេក៏គ្មានការអភិវឌ្ឍលើគ្រប់វិស័យ ដូចពេលបច្ចុប្បន្ននេះដែរ។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ខ្លួនសម្ដេចផ្ទាល់ រួមជាមួយគណបក្សប្រជាជនកម្ពុជា បានប្រគៀកស្មារជាមួយប្រជាពលរដ្ឋកម្ពុជាដែលរងគ្រោះក្នុងសង្គ្រាម បង្ហូរឈាម លះបង់អាវៈយុវៈ រហូតដល់អាយុជីវិត ដើម្បីប្ដូរយកសុខសន្តិភាព ការពារសន្តិភាព ស្រោចស្រង់ប្រជាពលរដ្ឋទូទាំងប្រទេសឲ្យរួចពីភ្លើងសង្គ្រាម និងរបបប្រល័យ ពូជសាសន៍ដ៏ឃោឃៅ។
ក៏ប៉ុន្តែក្រុមដែលបានបំផ្លាញ និងចង់បំផ្លាញប្រទេស និងប្រជាពលរដ្ឋកម្ពុជា មិនបានអបអរសាទរជាមួយការលះបង់របស់សម្ដេចតេជោ របស់គណបក្សប្រជាជន និងប្រជាពលរដ្ឋខ្មែរ អ្នកស្រលាញ់សន្តិភាព និងការអភិវឌ្ឍឡើយ មានតែនាំគ្នាជេរប្រមាថប្រទេចផ្ដាសាដាក់សម្ដេចតេជោទៅវិញ។ សម្ដេចបន្តថា ផលកម្មនៃទង្វើអសីលធម៌បែបនោះ មិនបានបង្អង់ទុកយូរឡើយ ពោលគឺពួកអ្នកជេរប្រមាថសម្ដេចទាំងអម្បាលម៉ាន បានរងនូវក្ដីវេនាសអន្តរាយព្រាត់ប្រាស រហូតមានពួកពាលមួយចំនួនត្រូវស្លាប់ដោយ គ្មានដីកប់ថែមទៀតផង ដូចជា មេដឹកនាំរបបប្រល័យពូជសាសន៍ ប៉ុលពត និង ស៊ុន សេន ហើយអ្នកខ្លះក៏ត្រូវតុលាការសន្តិភាពកាត់ទោសថែមទៀត ដូចជា ខៀវ សំផន ជាដើម។
សម្ដេចបានអះអាងថា សម្ដេចមិនខ្ចីរវីរវល់នឹងពាក្យជេរប្រមាថទាំងនោះឡើយ ពីព្រោះសម្ដេចក៏ធ្លាប់រងនូវការប្រមាថខ្លាំងជាងនេះទៅទៀត កាលពីសម័យចរចាគ្នារកសន្តិភាព ក្រោមឆ័ត្រ UNTAC ពោលគ្មានអ្នកណាជេរសម្ដេចតេជោ ហ៊ុន សែន ខ្លាំងជាងក្រុមខ្មែរក្រហមឡើយ។
សម្ដេតេជោ ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះថា «គ្មាននរណាជេរពូលើសពីខ្មែរក្រហមទេ ប៉ុន្តែទីចុងបំផុត គឺខ្មែរក្រហមមួយផ្នែកមេដឹកនាំរបស់គេ គឺស្លាប់ដោយរកដីកប់មិនបាន, ប៉ុល ពត និង ស៊ុន សេន ស្លាប់តៃហោងដោយសារតែពាលស៊ីពាល គឺពួកប៉ុលពត បានបាញ់សម្លាប់ ស៊ុន សេន ទាំងពូជ ទាំងក្រុមគ្រួសារតែម្ដង។ ឯប៉ុលពត ខ្លួនឯង ក៏ស្លាប់រកដីកប់មិនបាន ឯក្រៅពីនោះក៏ត្រូវមានការកាត់ទោសមេដឹកនាំ។ ដូច្នេះអ្នកដែលប្រទេចផ្ដាសាពូ ក៏ពូគិតថានឹងទទួលរងនូវផលកម្មដែលពួកគេផ្ដាសាដូចជាពួក ប៉ុល ពត ដូចគ្នា។ ហើយបើនិយាយពី ខៀវ សំផន វិញ បើថ្ងៃចរចា ខៀវ សំផន ជេរ ហ៊ុន សែន ២០ដងយ៉ាងតិច។ ពេលចរចា គឺថាអង្គុយជេរហ្មង ប៉ុន្តែទីចុងបំផុត ខៀវ សំផន បាននាំទាំងប្រពន្ធទាំងកូនទាំងកូនប្រសារ នាំទាំងចៅមកផ្ទះ ហ៊ុន សែន តែម្ដង»។
សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អ្វីដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ននេះ មិនមែនជារឿងងាយស្រួលនោះទេ គឺបានមកពីរួមគ្នាខិតខំរវាងប្រជាពលរដ្ឋ ជាពិសេសសម្តេច ដើម្បីជាតិកម្ពុជាដ៏កំសត់កម្រមួយនេះ គឺសម្តេចបានផ្សារភ្ជាប់ជាមួយជាតិ និងប្រជាជនគ្រប់កាលៈទេសៈទាំងអស់ ចាប់តាំងពីឆ្នាំ១៩៧៩មក។
សម្តេចបានប្រាប់កម្មករ-កម្មការិនីថា ដើម្បីទទួលបានមេដឹកនាំដែលរក្សាបានសុខសន្តិភាព សូមបោះឆ្នោតទាំងអស់គ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាន មេដឹកនាំដែលការពារបាននូវសុខសន្តិភាព មិនឲ្យមានភ្លើងសង្គ្រាមនោះឡើយ ពីព្រោះគណបក្សប្រជាជនកម្ពុជា បានតម្រូវឲ្យសម្ដេចបំពេញបេសកកម្មបន្ត ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដូច្នេះសម្ដេចតេជោ ហ៊ុន សែន ត្រូវមានភារកិច្ចយកខ្លួនទៅពាំងដើម្បីរក្សាការពារសន្តិភាព រក្សាភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ទោះបីត្រូវរងការជេរប្រទេចពីសំណាក់ពួកប្រឆាំង ក៏ដូចជារងការមិនពេញចិត្តពីពួកបរទេសមួយចំនួនយ៉ាងណាក៏ដោយ ក៏នាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលរូបនេះ មិនរុញរាជាមួយនឹងបញ្ហាទាំងនោះដែរ៕