(ភ្នំពេញ)៖ រហូតមកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ សល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ គឺមានរយៈពេលគម្រប់ ២០ថ្ងៃហើយ ដែលពលរដ្ឋក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បានជួបគ្រោះអកុសលរហូតស្លាប់ ១៣នាក់ និង ជាង ២០០នាក់ទៀតត្រូវបានគ្រូពេទ្យជួយសង្គ្រោះឲ្យរួចជីវិតផុតពីក្តីមរណា។ ក្នុងភូមិដែលធ្លាប់ក្អាកក្អាយបានប្រែជាស្ងប់ស្ងាត់ក្រុមគ្រួសារខ្លះព្រាត់ម្តាយ គ្រួសារខ្លះព្រាត់ឪពុក គ្រួសារខ្លះក៏ព្រាត់កូន។
ការជួបគ្រោះអកុសលរហូតមានអ្នកស្លាប់បាត់បង់ជីវិតយ៉ាងច្រើនបែបនេះ វាជាភាពអាណោចអាធ័មមួយទៅហើយសម្រាប់ពលរដ្ឋដ៏កម្សត់នៅក្នុងខេត្តក្រចេះ ប៉ុន្តែអ្វីដែលសំខាន់នោះក្នុងរយៈពេលនៃការជួបគ្រោះរបស់គាត់ជិត ២០ថ្ងៃទៅហើយ មិនទាន់មានមន្ត្រីជំនាញណារកឃើញមូលហេតុពិតដែលនាំឲ្យពួកគាត់ជួបគ្រោះដូចនេះនៅឡើយនោះទេ។ ការរកមូលហេតុពិតនៃការនាំឲ្យជួបគ្រោះរហូតដល់ស្លាប់មិនឃើញបែបនេះ វាកាន់តែអភ័ព្វទៅទៀតសម្រាប់សព។
ភ្លាមៗក្រោយពេលកើតហេតុរដ្ឋមន្ត្រីសុខាភិបាល លោក ម៉ម ប៊ុនហេង បានអះអាងថា ការស្លាប់របស់ពួកគាត់ព្រោះតែការផឹកស្រាមានមេតាណុលខ្ពស់ ខណៈក្នុងចំណោមជនរងគ្រោះនោះ មានទាំងក្មេងតូចមិនទាន់ដឹងក្តី និងចាស់សុំសីលឈប់ផឹកស្រាទៅហើយក៏មានដែរ។
ប៉ុន្មានថ្ងៃមុននេះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអះអាងថា ការរងគ្រោះនេះដោយសារតែការផឹកទឹកអូរ ដែលមានជាតិស្យានីតខ្ពស់។ ជាតិស្យានីតនេះកើតចេញពីក្រុមហ៊ុនរុករករ៉ែមាស ប្រើសម្រាប់លាងមាស ហើយក៏ហូរចូលក្នុងទឹកនាំឲ្យពុលតែម្តង។
ក្រោយការអះអាងរបស់លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ មិនទាន់ទាំងបាត់សើមមាត់ផង ស្រាប់តែលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដែលជាអ្នកគ្រប់គ្រងលើអាជីវកម្មរ៉ែនោះ បានចេញមកច្រានចោលភ្លាមៗ ហើយអះអាងថា ការពុលនោះមិនមែនបណ្តាលមកពីសារធាតុស្យានីតទេ គឺបណ្តាលមកពីថ្នាំបាញ់សម្លាប់សត្វល្អិត ឬបាញ់ស្មៅឲ្យងាប់ទៅវិញ។
បន្ទាប់ពីលោក ស៊ុយ សែម អះអាងបែបនេះ គេសង្ស័យថា ស្អែក ឬខានស្អែករដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន អាចនឹងចេញមកច្រានចោលការចោទប្រកាន់នេះក៏ថាបាន។
បើរដ្ឋមន្ត្រីចេញមកច្រានចោលជាបន្តបន្ទាប់បែបនេះ តើការពិតជុំវិញការស្លាប់ និងការរងគ្រោះដោយសារការពុលរបស់ពលរដ្ឋក្នុងខេត្តក្រចេះ តើនរណាជាអ្នកទទួលខុសត្រូវ?
ការចេញមកច្រានចោលពីសំណាក់អស់លោករដ្ឋមន្ត្រី ត្រូវបានគេមើលឃើញថា ជាការព្យាយាមច្រាលចោលបញ្ហា ដើម្បីគេចពីការទទួលខុសត្រូវ ដែលអាចនាំឲ្យប៉ះពាល់ដល់តំណែងរបស់ខ្លួន គ្រាដែលប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កំពុងពិចារណារៀបចំគណៈរដ្ឋមន្ត្រីសម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មី។ តាមរយៈការធ្វើកំណែទម្រង់របស់សម្តេចនាយករដ្ឋមន្ត្រី ច្បាស់ណាស់ថា រដ្ឋមន្ត្រីដែលសាងកំហុសឆ្គងប្រាកជាគ្មានវត្តមានក្នុងបញ្ជីគណៈរដ្ឋមន្ត្រីអាណត្តិថ្មីនោះឡើយ។
ប្រសិនបើមូលហេតុពិតរកមិនឃើញ ហើយរដ្ឋមន្ត្រីចេះច្រានកំហុសឲ្យគ្នាទៅវិញទៅមកបែបនេះ យុត្តិធម៌សម្រាប់ជីវិតពលរដ្ឋក្នុងខេត្តក្រចេះនឹងស្លាប់ទាំងអសារបង់ ទាំងអយុត្តិធម៌ ទាំងមិនដឹងថា ពួកគាត់ស្លាប់ដោយសារមូលហេតុអ្វីនោះឡើយ?
យើងក៏មិនអាចបន្ទោសនរណាបានដែរ អ្វីដែលគួរបន្ទោសនោះ គឺព្រហ្មលិខិត បានបង្កើតពលរដ្ឋរងគ្រោះទាំងនោះឲ្យមករស់ក្រោមរដ្ឋមន្រ្តីដែលចេះតែគេចបញ្ហា ហើយចេះតែយកស្នាដៃ មិនចេះដោះស្រាយបញ្ហា និងមិនចេះទទួលស្គាល់បញ្ហា។
បើអស់លោករដ្ឋមន្ត្រីបានផ្តល់តម្លៃដល់ជីវិតរបស់ពលរដ្ឋដែលស្លាប់តែ១៣នាក់តែបន្តិច ពួកគាត់នឹងរួមគ្នាស្វែងរកបញ្ហា ដោះស្រាយបញ្ហា បង្ការកុំឲ្យមានបញ្ហាពេលក្រោយ ហើយក៏មិនមែនចេះបន្ទោស ទម្លាក់កំហុសឲ្យគ្នា ហើយដោះសារតាមទំព័រព័ត៌មានបែបនេះឡើយ៕