(ភ្នំពេញ)៖ បន្ទាប់ពីទទួលស្គាល់គណបក្សនយោបាយទាំង២០ ដែលបានចុះបញ្ជីគណបក្ស និងបេក្ខភាពសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្ររួចហើយនោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អាចនឹងរៀបចំពិធីចាប់លេខរៀងគណបក្សទាំង២០ នៅអំឡុងសប្ដាហ៍ក្រោយ ក្រោមព្រះអធិបតីភាពសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ។ នេះបើតាមលោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប។
លោក ហង្ស ពុទ្ធា បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះថា បន្ទាប់ពីការទទួលស្គាល់គណបក្សនយោបាយទាំង២០ហើយ នីតិវិធីបន្ត គ.ជ.ប នឹងរៀបចំចាប់លេខរៀងគណបក្សនីមួយៗ ដោយមានការនិមន្តសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ គឺសម្ដេចព្រះសង្ឃរាជ ទេព វង្ស សម្ដេចសង្ឃគណៈមហានិកាយ និងសម្ដេចព្រះសង្ឃរាជ ប៊ូ គ្រី សម្ដេចព្រះសង្ឃគណៈធម្មយុត្តនិកាយ។
លោកបញ្ជាក់យ៉ាងដូច្នេះថា «យើងធ្វើតែមួយព្រឹកទេ ប៉ុន្តែឥលូវមិនទាន់កំណត់ច្បាស់លាស់ថាថ្ងៃណា ព្រោះយើងមិនទាន់ទាក់ទងទៅសម្ដេចព្រះសង្ឃរាជ តើព្រះអង្គមានពេលឬនៅ កំពុងតែឆែកមើលពេលវេលា ប៉ុន្តែខ្ញុំគិតថាប្រហែលជានឹងធ្វើនៅអាទិត្យក្រោយ»។
ជាមួយគ្នានេះ ការចាប់លេខរៀងគណបក្សនយោបាយ ក៏មិនទាន់ដឹងថានឹងធ្វើនៅទីណាដែរ។ លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា បើមានអ្នកចូលរួមច្រើន គ.ជ.ប នឹងជួលអគារនៅក្រសួងមហាផ្ទៃ តែបើអ្នកចូលរួមតិច នឹងធ្វើនៅទីស្ដីការ គ.ជ.ប។
លោក ហង្ស ពុទ្ធា បានបន្តថា អ្នកដែលអាចមានសិទ្ធិចាប់យកលេខរៀងគណបក្ស គឺមានតែសម្ដេចព្រះសង្ឃរាជទាំងពីរគណៈខាងលើប៉ុណ្ណោះ មិនអាចមានតំណាងគណបក្សនយោបាយណាមួយ ទៅចាប់យកលេខរៀងនេះបានឡើយ។
គួរបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសទទួលស្គាល់ជាផ្លូវការនូវគណបក្សនយោបាយ ដែលបានចុះបញ្ជីគណបក្សនយោបាយ និងបេក្ខភាពសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ គ្រប់ទាំង២០គណបក្ស នាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨។
គណបក្សនយោបាយទាំង២០នោះ រួមមាន៖
១៖ គណបក្សខ្មែរឈប់ក្រ ដាក់បេក្ខជនឈរនៅ ២៥មណ្ឌល។
២៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
៣៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
៤៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
៥៖ គណបក្សខ្មែរតែមួយ ដាក់បេក្ខជនឈរឈ្មោះនៅ ១៦មណ្ឌល។
៦៖ គណបក្សពន្លឺថ្មី ដាក់បេក្ខជនឈរឈ្មោះនៅ ១៣មណ្ឌល។
៧៖ គណបក្សប្រជាជនកម្ពុជា ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
៨៖ គណបក្សយុវជនកម្ពុជា ដាក់បេក្ខជនឈរឈ្មោះនៅ ១៧មណ្ឌល។
៩៖ គណបក្សសញ្ជាតិកម្ពុជា ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
១០៖ គណបក្សខ្មែររួបរួមជាតិ ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
១១៖ គណបក្សហ្វ៊ុនស៊ិនប៉ិច ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
១២៖ គណបក្សធម្មាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះនៅ ១០មណ្ឌល
១៣៖ គណបក្សមាតុភូមិយើង ដាក់បេក្ខជនឈរឈ្មោះនៅ ៦មណ្ឌល។
១៤៖ គណបក្សខ្មែរក្រោក ដាក់បេក្ខជនឈរឈ្មោះនៅ ៦មណ្ឌល។
១៥៖ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះនៅ ១៦មណ្ឌល។
១៦៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដាក់បេក្ខជនឈរឈ្មោះនៅ ១២មណ្ឌល។
១៧៖ គណបក្សឆន្ទៈខ្មែរ ដាក់បេក្ខជនឱ្យឈរឈ្មោះនៅ ២៥មណ្ឌល។
១៨៖ គណបក្សខ្មែរសាធារណរដ្ឋ ដាក់បេក្ខជនឱ្យឈរឈ្មោះនៅ ១០មណ្ឌល។
១៩៖ គណបក្សរស្មីខេមរា ដាក់បេក្ខជនឱ្យឈរឈ្មោះនៅ ៧មណ្ឌល។
២០៖ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ដាក់បេក្ខជនឱ្យឈរឈ្មោះនៅ ១១មណ្ឌល។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕