(កំពង់ធំ)៖ កញ្ញាបណ្ឌិត ចាន់ ផលលឿន អគ្គនាយិការង នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រធានគម្រោងផលិតកម្មស្បៀង (BFP) បានលើកឡើងថា ក្នុងឆ្នាំ២០១៩ខាងមុខ ខេត្តកំពង់ធំ នឹងផលិតពូជស្រូវក្រអូបឱ្យបាន១ម៉ឺន៥ពាន់តោន ក្នុងនោះ មានគ្រាប់ពូជស្រូវផ្ការំដួលចំនួន៧ពាន់តោន និងពូជស្រូវសែនក្រអូប រួមនឹងពូជស្រូវផ្សេងៗទៀត ចំនួន៨ពាន់តោន ដើម្បីជំរុញការផលិតចេញជាអង្ករកម្ពុជាសុទ្ធល្អ ឱ្យបានចំនួន២៥ម៉ឺនតោនក្នុងមួយឆ្នាំៗ។
កញ្ញាបណ្ឌិត ចាន់ ផលលឿន បានបែបនេះនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ នៅក្នុងពិធីប្រគល់ ទទួលសម្ភារ បរិក្ខារ និងគ្រឿងយន្តកសិកម្ម ជូនដល់កសិករដាំបន្លែ និងសហគមន៍ផលិតពូជស្រូវ របស់គម្រោងជំរុញផលិតកម្មស្បៀង (BFP) នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ទទឹមនឹងនេះកញ្ញា ចាន់ ផលលឿន បានបន្តថា ដើម្បីលើកកម្ពស់កម្រិតជីវភាព និងសុខភាពរបស់ប្រជាកសិករ ត្រូវតែនាំគ្នាខិតខំដាំដំណាំ បន្លែតាមរបៀបធម្មជាតិ ដោយមិនត្រូវប្រើប្រាស់ ថ្នាំគីមីហួសហេតុពេក ជាពិសេសត្រូវផលិតឱ្យបានជាង២០តោន ក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងខេត្ត ដើម្បីចូលរួមកាត់បន្ថយការនាំបន្លែចូលមានជាតិគីមី ពីប្រទេសជិតខាងផងដែរ។
កញ្ញាបណ្ឌិត បានបន្ថែមទៀតថា ចំពោះការប្រគល់ជូននូវសម្ភារ បរិក្ខារ និងគ្រឿងយន្តកសិកម្មសូមឱ្យប្រជាកសិករទាំងអស់ ខិតខំយកចិត្តទុក ដាក់បង្កបង្កើនផល និងដំាដំណាំបន្លែសុវត្ថិភាព ឱ្យប្រកបដោយគុណភាព ដោយមានការជួយណែនាំពីមន្ត្រីបច្ចេកទេសរបស់មន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ត្រូវរៀបចំផែនការផលិតកម្ម នៅក្នុងការដាំដុះឱ្យស្របទៅ នឹងតម្រូវការរបស់ទីផ្សារ ចៀសវាងដល់ពេលប្រមូលផលមានបន្លែ ច្រើនលើសលប់ធ្វើឱ្យបន្លែសុវត្ថិភាពរបស់យើងធ្លាក់ចុះក្លាយជាទំនិញគ្មានទីផ្សារ បងប្អូនបាក់ទឹកចិត្តក្នុងការដាំដុះ និងប៉ះពាល់ដល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋបន្ថែមទៀត។
ជាមួយគ្នានេះ កញ្ញាបានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ជាថវិកាសម្រាប់អនុវត្តគម្រោងជំរុញ ផលិតកម្មស្បៀង តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងផ្តាំផ្ញើដល់បងប្អូនប្រជាកសិករ សូមជួយថែរក្សានូវសម្ភារបរិក្ខារ និងគ្រឿងយន្តកសិកម្មទាំងអស់នេះ ក្នុងការប្រើប្រាស់ឱ្យបានរយៈពេលយូរ។
ចុងក្រោយ កញ្ញាបណ្ឌិត ចាន់ ផលលឿន បានប្រគល់សម្ភារ បរិក្ខារ និងគ្រឿងយន្តកសិកម្ម រួមមាន១៖ ម៉ាស៊ីនច្រូតកន្ត្រៃចំនួន៤គ្រឿង, ២៖ ម៉ាស៊ីនបោកស្រូវចំនួន៤គ្រឿង, ៣៖ ម៉ាស៊ីនរោយសម្អាតគ្រាប់ពូជចំនួន៤គ្រឿង, ៤៖ ឧបករណ៍វាស់ជាតិពុល ក្នុងបន្លែចំនួន៣គ្រឿង, ៦៖ ប្រព័ន្ធស្រោចស្រពទំនើប ចំនួន១៣២ឈុត ដល់កសិករ និងសហគមន៍កសិកម្មផងដែរ៕