(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្ដល់ថវិកាចំនួន៥ម៉ឺនដុល្លារដល់ សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ដើម្បីទ្រទ្រង់សកម្មភាពការងារតទៅមុខទៀត។ កន្លងមកសម្ដេចនាយករដ្ឋមន្ត្រី និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតបានផ្ដល់ថវិកា ចំនួន៥ម៉ឺនដុល្លារ សម្រាប់ការចាប់ផ្ដើមដំបូងរបស់ ស.ស.ស.ក ផងដែរ។
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ថ្លែងអំណគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានគាំទ្រឲ្យ ស.ស.ស.ក មានលទ្ធភាពក្នុងការពង្រីកខ្លួនឯងផង ជួយការងារកាសែតផង ហើយក៏រួមចំណែកនៅក្នុងផ្នែកព័ត៌មានសម្រាប់ការសម្រេចចិត្តដ៏ត្រឹមត្រូវនៅកម្ពុជា។
ស.ស.ស.ក បានកើតឡើងពីសមាជិកស្ថាបនិកដែលជាអ្នកសារព័ត៌មាន ទាំងភាសាខ្មែរ និងភាសាបរទេសនៅក្នុងប្រទេសកម្ពុជា ហើយថវិកាដែល ស.ស.ស.ក ទទួលបាននេះ គឺទទួលបានពីសប្បុរសជនក្នុងស្រុកជាពាណិជ្ជករ និងមន្ត្រីថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល។
ស.ស.ស.ក បង្កើតឡើងនេះគឺបានធ្វើសកម្មភាពជាច្រើនទាក់ទងទៅនឹងការតម្រង់ទិសសារព័ត៌មាន ការរួមចំណែកពង្រឹងសីលធម៌វិជ្ជាជីវៈ និងសមត្ថភាពវិជ្ជាជីវៈដល់ អ្នកសារព័ត៌មានកម្ពុជា ជាមួយនឹងការផ្សព្វផ្សាយព័ត៌មាន ក៏ដូចជាប្រឆាំងការផ្សាយព័ត៌មានមិនពិត ហើយបានដើរតួនាទីនៅក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិតំណាងឲ្យសាព័ត៌មានកម្ពុជា៕