(ភ្នំពេញ)៖ រហូតដល់ពេលនេះ កិច្ចប្រជុំគណៈរដ្ឋមន្រ្តី បានអនុម័យទាំងស្រុងហើយ លើសេចក្តីព្រាងច្បាប់ «ស្តីពីប្រាក់ឈ្នួលអប្បរមា» ក្នុងកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ នៅវិមានសន្តិភាព។ នេះបើតាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
កិច្ចប្រជុំពេញអង្គនេះបានធ្វើឡើង ក៏ដើម្បីពិភាក្សាលើរបៀបវារៈចំនួន៥ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ត្រូវបានដឹកនាំរៀបចំតាក់តែងនៅដើមឆ្នាំ២០១៦ ដោយក្រុមការងារផ្នែកច្បាប់របស់ក្រសួង និងបានឆ្លងកាត់កិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសរបស់ក្រសួងចំនួន០៧លើក។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានដាក់ជូនកិច្ចប្រជុំត្រីភាគីពិភាក្សាចំនួន០៣លើក ដើម្បីធានាការចូលរួមពិគ្រោះយោបល់ពីដៃគូពាក់ព័ន្ធ និងបានដាក់ឆ្លងឲ្យសិក្ខាសាលាពិគ្រោះយោបល់ជាសាធារណៈចំនួន០៣លើក។
សេចក្តីព្រាងច្បាប់នេះ ក៏ត្រូវបានដាក់ជូនកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សាចំនួន០២លើក ដែលប្រព្រឹត្តទៅនៅថ្ងៃទី០២ និងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨។ ដោយឡែក ក្រុមការងារផ្នែកច្បាប់របស់ក្រសួងបានពិភាក្សា និងទទួលបានការឯកភាពពីក្រសួងយុត្តិធម៌លើខ្លឹមសារ នៃជំពូកទី៥ ស្តីពីវិធានការរដ្ឋបាល និងទោសប្បញ្ញត្តិ។
គោលបំណងច្បាប់នេះ មានគោលបំណងដូចតទៅ៖
*លើកកម្ពស់ជីវភាពរស់នៅសមរម្យ ថ្លៃថ្នូរ បង្កើតឱកាសការងារ និងបង្កើនផលិតភាពរបស់កម្មករនិយោជិត
*ជម្រុញអោយមានបរិយាកាសវិនិយោគ និងធុរកិច្ចកាន់តែប្រសើរប្រកបដោយភាពទាក់ទាញ។
ចំពោះគោលដៅ ច្បាប់នេះមានគោលដៅដូចតទៅ៖
*ធានាការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ
*បង្កើតនីតិវិធីកំណត់ប្រាក់ឈ្នួលអប្បបរមាតាមបែបវិទ្យាសាស្រ្ត ដោយផ្អែកលើលក្ខណៈវិនិច័្ឆយបែបសង្គម និងសេដ្ឋកិច្ច
*បង្កើតក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីជាយន្តការត្រីភាគីសម្រាប់សិក្សាស្រាវជ្រាវ និងផ្តល់អនុសាសន៍អំពីប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗរបស់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ។
បើតាមលោក ផៃ ស៊ីផាន ច្បាប់នេះមានវិសាលភាពគ្របដណ្ដប់លើសសហគ្រាស ឬគ្រឹះស្ថាន និងជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ។
សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមានេះ គឺជាសមិទ្ធផលថ្មីមួយទៀតក្នុងការអភិវឌ្ឍន៍ក្របខ័ណ្ឌគតិយុត្ត ដើម្បីគាំទ្រការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា។ ការបង្កើតឲ្យមានក្របខ័ណ្ឌគតិយុត្តមួយច្បាស់លាស់ ដើម្បីធានាដំណើរការយន្តការកំណត់ប្រាក់ឈ្នួលអប្បបរមា គឺពិតជាមានសារប្រយោជន៍ខ្លាំងណាស់ ក្នុងការធានាភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ក៏ដូចជាការលើកកម្ពស់កម្រិតជីវភាពរបស់កម្មករនិយោជិត ព្រមទាំងធានានូវស្ថិរភាព និរន្តភាពនៃវិស័យពាណិជ្ជកម្មអន្តរជាតិ និងការទាក់ទាញការវិនិយោគ។
សូមជម្រាបថា បៀបវារៈទាំង៥ ដែលត្រូវបានដាក់ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកនេះ រួមមានដូចខាងក្រោម៖
១៖ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៨៧ ចំណងជើងចំណុច «គ» នៃផ្នែកទី៣ ជំពូកទី៤ មាត្រា៨៩ មាត្រា៩០ មាត្រា៩១ មាត្រា៩៤ មាត្រា១១០ មាត្រា១២០ និងមាត្រា១២២ នៃច្បាប់ស្តីពីការងារដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នំា១៩៩៧។
២៖ សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។
៣៖ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៣ មាត្រា៦ មាត្រា៧ មាត្រា៨ មាត្រា៩ មាត្រា១១ មាត្រា១២ ចំណងជើងជំពូកទី៤ មាត្រា១៦ មាត្រា១៩ មាត្រា២៦ មាត្រា៥០ មាត្រា៥១ មាត្រា៥២ មាត្រា៥៣ មាត្រា៥៤ មាត្រា៥៥ មាត្រា៥៦ មាត្រា៥៧ មាត្រា៥៨ មាត្រា៥៩ មាត្រា៦៥ មាត្រា៦៦ មាត្រា៦៧ និងមាត្រា៦៨ នៃច្បាប់ស្តីពីស្តង់ដាកម្ពុជា ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦០៧/០១៣ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៧។
៤៖ គម្រោងវិនិយោគសាងសង រោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អានុភាព៧០០ មេហ្គាវ៉ាត់ នៅខេត្តព្រះសីហនុ និងគម្រោងវិនិយោគសាងសងរោងចក្រផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យអានុភាព៦០ មេហ្គាវ៉ាត់ នៅខេត្តកំពង់ស្ពឺ។
៥៖ បញ្ហាផ្សេងៗ៕