(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃសុក្រនេះ បានហៅលិខិតរបស់លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ដែលបង្ហោះលើ Facebook ទូលថ្វាយព្រះមហាក្សត្រ កាលពីម្សិលមិញនេះ គឺជាការញុះញង់បំបែកបំបាក់ រវាងស្ថាប័នព្រះមហាក្សត្រ និងស្ថាប័ននីតិប្រតិបត្តិ។
លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាទស្សនៈភ្លីភ្លើខ្លាំងណាស់ ដែលទណ្ឌិតសម រង្សី ឈឺឆ្អាលជំនួសព្រះមហាក្សត្រ ដែលហ៊ានធ្វើលិខិតទូលព្រះមហាក្សត្រថា ម្រមុខរាជរដ្ឋាភិបាលគាបសង្កត់ព្រះមហាក្សត្រ។ ខ្លឹមសារនេះរបស់ទណ្ឌិតសម រង្សី គ្រាន់តែជាការញុះញង់បំបែកបំបាក់រវាង ស្ថាប័នព្រះមហាក្សត្រ និងស្ថាប័ននីតិប្រតិបត្តិ ដែលទណ្ឌិតសម រង្សី តែងតែប្រើវប្បធម៌លាបពណ៌ ចំពោះអ្នកដទៃជាដរាប»។
ការអះអាងរបស់ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី បានធ្វើលិខិតមួយជាភាសាបារាំង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ដើម្បីថ្វាយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហមុនី ដោយស្នើព្រះអង្គកុំធ្វើតាមរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។
ក្នុងលិខិតរបស់ លោក សម រង្ស៊ី បានចោទរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជាថា មានបំណងចង់ស្នើសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ ដើម្បីជំរុញប្រជាពលរដ្ឋឲ្យទៅបោះឆ្នោត ថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕