(ភ្នំពេញ)៖ ថ្លែងជាមួយអារម្មណ៍រំភើបលាយឡំជាមួយភាពក្តុកក្តួលក្នុងពេលសម្ពោធអគារពាណិជ្ជកម្មទំនើប និងខ្ពស់ជាងគេនៅកម្ពុជានារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា វឌ្ឍនភាពនិងភាពរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន គឺបានផ្តើមចេញពីការយកជីវិតទៅធ្វើជាដើមទុន មិនមែនជាការស្នងមរតក នៃភាពរីកចម្រើនរបស់កម្ពុជាក្នុងដំណាក់កាលណាមួយនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន រំលឹកថា ដើម្បីមានកម្ពុជានាពេលបច្ចុប្បន្នសម្តេចបានចូល សមរភូមិសង្គ្រាមចំនួន ១០៥លើក របួស៥ដង និងពិការភ្នែកម្ខាងថែមទៀតផង។
ការដាក់សម្ពោធអគារវឌ្ឍនៈ ឬហៅថាអគារចក្រវាឡចម្លែកដែលវិនិយោគក្រោមទឹកប្រាក់ប្រមាណ ២៥០លានដុល្លារអាមេរិក ដែលជាសមិទ្ធិផលថ្មីសន្លាងមួយទៀតរបស់កម្ពុជា ក្រោមការឆ្លងកាត់ដំណាក់ដ៏សែនលំបាក់ជាច្រើននេះ គឺបានបង្ហាញពីភាពរីកចម្រើនរបស់កម្ពុជា ក្រោយពេលប្រទេសនេះបានបំផ្លិចបំផ្លាញដោយភ្លើងសង្គ្រាមប្រមាណជា ៣ទសវត្សរ៍ ហើយមិនមានសល់អ្វីសោះក្រោយឆ្នាំ១៩៧៩។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមានមោទនភាពនៅពេលបានឃើញភាពរីកចម្រើន និងមានវត្តមានអគារខ្ពស់ៗនៅក្នុងរាជធានីភ្នំពេញដូចជាអគារវឌ្ឍនៈ។ បើតាមសម្តេចមានមោទនភាព ក៏ដោយសារតែដំណាក់កាលរីកចម្រើនរបស់កម្ពុជាក្រោយពន្លត់ភ្លើងសង្គ្រាម ផ្តួលរំលំរបប ប៉ុលពត គឺមិនបានកាត់ផ្តាច់ពីវត្តមានរបស់សម្តេចនោះឡើយ។
«ខ្ញុំកាន់តែមានមោទនភាព ព្រោះថាអ្វីដែលកើតមានចាប់តាំងពីការចាប់ផ្តើម រហូតមកដល់ពេលនេះផ្សារភ្ជាប់ជាមួយតួអង្គរបស់ ហ៊ុន សែន ជាប់ជានិច្ចមិនមែនគ្រាន់តែជាការ ដែលខ្ញុំមកទទួលស្នងមរតកពីដំណាក់កាលរុងរឿងណាមួយនោះទេ។ ប៉ុន្តែខ្ញុំបានជម្នះដោយយកជីវិតក្បាលរបស់ខ្ញុំ ធ្វើដើមទុនរំដោះប្រទេសនេះចេញពីរបប ប៉ុលពត នោះឡើយ»។ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជាស្ថាបនិកសន្តិភាពនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរថា ដើម្បីធ្វើការអភិវឌ្ឍជាតិកម្ពុជាក្រោយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត សម្តេចត្រូវប្រឈមមុខជាមួយឧបសគ្គធំៗចំនួន៣ រួមមាន៖
ឧបសគ្គទី១៖ ការមិនយល់ផ្ទៃក្នុងនៃរដ្ឋាភិបាលរដ្ឋកម្ពុជា គឺអត់ទាន់យល់អ្វីទៅជាការចរចា និងអ្វីទៅជាសេដ្ឋកិច្ចទីផ្សារ។ សម្តេចចាត់ទុកការមិនយល់ផ្ទៃក្នុងគ្នានេះ គឺជាមហន្តរាយសម្រាប់ជីវិតនយោបាយរបស់សម្តេច។ សម្តេចបន្ថែមថា នៅកម្ពុជាបើនិយាយពីចម្បាំង គឺគិតតែពីច្បាំង ដោយមិនបានគិតពីនយោបាយដំណោះស្រាយណាមួយនោះទេ តែសម្តេចក៏មិនជឿទាល់តែសោះក្នុងការយកសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាមនោះ ហើយសម្តេចត្រូវរកឱកាសដើម្បីធ្វើការចរចា ទោះបីទៅទីណាក៏ដោយ។
ឧបសគ្គទី២៖ គឺភាពខុសគ្នារវាងរបបសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម ដែលអំឡុងពេលនោះ ទ័ពវៀតណាមនៅកម្ពុជា នៅឈរជើងការពារវិលត្រឡប់មកវិញនូវរបបខ្មែរក្រហម។ តែសម្តេចចាត់ទុកជាសំណាងល្អ ដែលវៀតណាមមិនបានចាប់បង្ខំណាមួយលើការសម្រេចចិត្តខាងនយោបាយរបស់កម្ពុជានោះឡើយ។ សម្រាប់ឧបសគ្គធំទី៣របស់សម្តេច គឺការស្វែងរកជំនួយ ដែលពេលនោះកម្ពុជាទទួលបានជំនួយតែពីអតីតសហភាពសូវៀត និងអឺរ៉ុបខាងកើត ប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា បើទោះបីសម្តេចបានជួបឧបសគ្គលំបាកយ៉ាងណាក្តី តែសម្តេចមិនរាថយនោះឡើយ ដើម្បីជាតិ និងប្រជាជនកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ប៉ុន្តែខ្ញុំមិនបានបន្ថយនូវការខិតខំណាមួយនោះទេ យើងប្រឹងរកទាំងសន្តិភាព យើងប្រឹងរកទាំងការអភិវឌ្ឍ។ ឥឡូវនេះវិស័យឯកជនបានរីកចម្រើនធំធាត់ ខ្ញុំគិតថាល្អណាស់ដែលពួកគេមិនបានភ្លេចដើមកំណើតចេញពីទីណា»។
ជាមួយនឹងវឌ្ឍនភាព និងភាពរីកចម្រើនរបស់កម្ពុជាដែលកំពុងបន្តកើតមាននៅកម្ពុជា ក្នុងពិធីសម្ពោធអគារដដែលនេះ សម្តេចតេជោ ហ៊ុន សែន បន្តឲ្យមានការកៀរគរអ្នកវិយោគពីក្រៅប្រទេសបន្ថែមទៀត ហើយសម្រាប់ការវិនិយោគនេះ គឺមានសិទ្ធិស្មើគ្នាដោយគ្មានរើសអើងរវាងអ្នកវិនិយោគនៅក្នុងប្រទេស ឬក្រៅប្រទេសនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បន្តអះអាងប្រឹងប្រែងរក្សាឲ្យបាននូវសុខសន្តិភាពនៅកម្ពុជា ដើម្បីជាឱកាសសម្រាប់ភាពរីកចម្រើននៅកម្ពុជា៕