(ភ្នំពេញ)៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក បានស្នើក្រសួងមហាផ្ទៃ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះសកម្មភាពទាំងឡាយណារបស់ប្រព័ន្ធព័ត៌មាន និងបណ្ដាញសង្គម ដែលល្មើសច្បាប់ ដោយផ្សព្វផ្សាយព័ត៌មានទុច្ចរិត ក្នុងគោលបំណង រារាំងដំណើរការបោះឆ្នោត។
ការស្នើបែបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងកិច្ចប្រជុំប្រជុំស្ដីពី លទ្ធផលការងារ និងការត្រៀមលក្ខណៈសម្បត្ដិ ដើម្បីការពារសុវត្ថិភាពដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលកិច្ចប្រជុំនេះ ត្រូវបានប្រព្រឹត្ដិទៅនៅ ទីស្ដីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពរបស់ សម្ដេចក្រឡាហោម ស ខេង និងលោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប។
លោក ស៊ិក ប៊ុនហុក បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍ មានវិធានការចំពោះសកម្មភាពទាំងឡាយណារបស់ប្រព័ន្ធព័ត៌មាន និងបណ្ដាញសង្គមដែលល្មើសច្បាប់ ដោយផ្សព្វផ្សាយព័ត៌មានទុច្ចរឹត ក្នុងគោលបំណង៖ រារាំងប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅបោះឆ្នោត,
រារាំងបេក្ខជន ឬអ្នកគាំទ្រគណបក្សនយោបាយមិនឲ្យឃោសនាតាមការកំណត់, ធ្វើឲ្យបាត់បង់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត, ធ្វើឲ្យមានការភ័ន្ដច្រឡំ នាំឲ្យបាត់បង់ទំនុកចិត្តលើការបោះឆ្នោត និងបង្កការរំខាន មិនឲ្យដំណើរបោះឆ្នោតបាន»។
បើតាមប្រធាន គ.ជ.ប គ្រប់ប្រព័ន្ធព័ត៌មាន និងបណ្ដាញសង្គមទាំងអស់ត្រូវគោរពតាមច្បាប់ស្ដីពីរបបសារព័ត៌មាន, ច្បាប់ស្ដីពីការបោះឆ្នោត, បទបញ្ជា និងនីតិវិធី និងគោរពក្រមសីលធម៌សម្រាប់ប្រព័ន្ធព័ត៌មានដែលរៀបចំដោយ គ.ជ.ប។
យ៉ាងណាមិញ លោក ស៊ិក ប៊ុនហុក ក៏បានស្នើគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍ ទប់ស្កាត់ឲ្យបាននូវរាល់កលល្បិចដែលចង់បំផ្លាញការបោះឆ្នោត បំភ្លៃការបោះឆ្នោត និងចាត់វិធានការឲ្យបានហ្មត់ចត់ ដើម្បីរក្សាបាននូវបរិយាកាសល្អទាំងពេលឃោសនាបោះឆ្នោត ពេលបោះឆ្នោត ពេលរាប់សន្លឹកឆ្នោត និងក្រោយពេលប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត៕