(បាត់ដំបង)៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសន្យាថា កំណាត់ផ្លូវដែកពីរាជធានីភ្នំពេញ-ខេត្តពោធិ៍សាត់ មានប្រវែង១៦៦គីឡូម៉ែត្រ នឹងដាក់ឲ្យដំណើរការ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដែលជាផ្លូវដែកភ្ជាប់ពីរាជធានីភ្នំពេញ-ប៉ោយប៉ែត ដែលមានប្រវែង៣៨៦គីឡូម៉ែត្រ។
ការសន្យារបស់លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញដាក់ឲ្យប្រើប្រាស់ ជាបណ្តោះអាសន្ន កំណាត់ផ្លូវដែកពីបាត់ដំបង-ពោធិ៍សាត់ មានប្រវែង ១០៧គីឡូម៉ែត្រ បន្ទាប់ពីបានអាកខានអស់រយៈពេល១២ឆ្នាំ។
លោក ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូច្នេះថា «នៅថ្ងៃនេះ ខ្ញុំសូមសន្យាជាមួយប្រជាពលរដ្ឋថា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ នឹងមានការតភ្ជាប់ផ្លូវដែករបស់យើង កំណាត់ចុងក្រោយពីពោធិ៍សាត់ ទៅដល់ភ្នំពេញតែម្ដង ដែលមានប្រវែង១៦៦គីឡូម៉ែត្រ នេះជាកំណាត់ចុងក្រោយ នៃការស្ដារឡើងវិញផ្លូវដែកប៉ែកខាងជើង»។
បើតាមលោកទេសរដ្ឋមន្ដ្រី កំណាត់ផ្លូវដែកពីរាជធានីភ្នំពេញ មកប៉ោយប៉ែត គឺមានប្រវែងសរុប៣៨៦គីឡូម៉ែត្រ ប៉ុន្ដែបច្ចុប្បន្ននេះនៅសល់១៦៦គីឡូម៉ែត្រទៀត ដែលមិនទាន់ភ្ជាប់ និងដាក់ឲ្យដំណើរការជាផ្លូវការនៅឡើយទេ។
សូមបញ្ជាក់ថា កំណាត់ផ្លូវដែកភាគខាងជើងរាជធានីភ្នំពេញ ចាប់ពីរាជធានីភ្នំពេញ រហូតដល់ក្រុងប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) មានប្រវែងសរុប ៣៨៦គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើងអំឡុងឆ្នាំ១៩២៩ ដល់១៩៤២ ក្នុងសម័យអាណានិគមបារាំង។ តែផ្លូវដែកនេះ ត្រូវបានអាក់ខានប្រើប្រាស់ ក្នុងពេលកម្ពុជាជួបភ្លើងសង្គ្រាមទសវត្សរ៍ឆ្នាំ៧០។
កំណាត់ផ្លូវដែកពីភ្នំពេញ ដល់ក្រុងសិរីសោភណ ខេត្តបន្ទាយមានជ័យ ត្រូវបានដាក់ឲ្យដំណើរឡើងវិញ នៅក្រោយពេលរបបប៉ុលពតត្រូវបានវាយរំលំ តែក៏ត្រូវបានអាកខានទៅវិញនៅឆ្នាំ២០០៦ ព្រោះតែសភាពទ្រុឌទ្រោម។ ដោយឡែកកំណាត់ផ្លូវដែកពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត ត្រូវបានអាកខានការធ្វើដំណើតាំងពីទសវត្សរ៍ឆ្នាំ៧០មកម្ល៉េះ ដោយសារទម្ងន់គ្រាប់បែក នៅឆ្នាំ១៩៧៣ ហើយក្រោយរបប ប៉ុល ពត ផ្តួលរំលំក៏មិនទាន់បានប្រើប្រាស់ដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានឲ្យដឹងថា ការស្តារឡើងវិញកំណាត់ផ្លូវដែកពីភ្នំពេញ រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ បានចំណាយថវិកាប្រមាណ៩៦.៦លានដុល្លារអាមេរិក។ ក្នុងនោះទឹកប្រាក់ប្រមាណ ១៣លានដុល្លារជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ហើយក្រៅពីនោះទឹកប្រាក់ ៨៣.៦លានដុល្លារ ជាថវិការបស់រាជរដ្ឋាភិបាល៕