(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានហៅលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ ដែលកំពុងរត់គេចខ្លួនពីការអនុវត្តច្បាប់នៅកម្ពុជា ទៅជ្រកកោននៅបរទេស គឺជាមនុស្សមានក្រយ៉ៅរត់រកគុក ឬក្រយ៉ៅជាប់គុក។
ការថ្លែងបែបនេះបានលើកឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត (Battambang Conch Cement Company Limited) មានទីតាំងនៅតំបន់ភ្នំដូនមាយ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្រោយពេលលោក សម រង្ស៊ី ដែលកំពុងរុំស្រោបដោយទោសទណ្ឌតាមច្បាប់នៅកម្ពុជា បានធ្វើចលនាបំផុសមិនឲ្យប្រជាពលរដ្ឋកម្ពុជាទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ។ មិនត្រឹមតែបំផុសប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោតផ្ទុយនឹងច្បាប់នោះទេ លោក សម រង្ស៊ី ថែមទាំងណែនាំប្រជាពលរដ្ឋឲ្យយកថ្នាំលាបសក់ទៅលាបដៃបន្លំសាធារណជនថែមទៀតផង។
ការដែលបញ្ចេះប្រជាពលរដ្ឋឲ្យយកថ្នាំលាបសក់ទៅលាបលើម្រៀមដៃនេះ គឺជាទង្វើមួយនាំដល់ការប្រព្រឹត្តខុសនឹងច្បាប់របស់កម្ពុជា ហើយឈានទៅជាប់ទោសទណ្ឌផងដែរ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការមិនទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋមិនមានអ្វីជាបញ្ហាចោទនោះទេ ប៉ុន្ដែការណែនាំឲ្យពលរដ្ឋយកថ្នាំខ្មៅមកលាបដៃ គឺជាទង្វើខុសច្បាប់ដែលអាចប្រឈមនឹងបទល្មើសព្រហ្មទណ្ឌ។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកទង្វើរបស់លោក សម រង្ស៊ី កំពុងតែជំរុញឲ្យពលរដ្ឋឈានដល់ការប្រព្រឹត្តបទល្មើសតាមខ្លួន។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា «មានផែនការថា ថ្ងៃបោះឆ្នោតអត់ទៅបោះឆ្នោតទេ តែយកថ្នាំលាបសក់យកមកលាបដៃ តើនេះជាអ្វី នេះជាការបង្កើតកំហុសផ្នែកព្រហ្មទណ្ឌ នៃការក្លែងបន្លំ [...] អាហ្នឹងមេបោក អាមេបោកវាបញ្ជាពីខាងក្រៅ អាមេគុកមកអប់រំមនុស្សនៅខាងក្នុង ឲ្យងាយជាប់គុកតាមវា។ អាម្នាក់ហ្នឹងវាពូកែខាងរកគុក បើវាមិនចូលគុកទេ គុកក៏ទៅរកវាដែរ។ ក្រយ៉ៅវាកើតមកជាប់គុកតែចឹង បើអ្នកជាប់គុកហើយ រត់គេចពីគុក អ្នកកុំចង្អុលអ្នកខាងក្នុងស្រុកជាប់គុក»។
សម្ដេចតេជោ ហ៊ុន សែន បានពន្យល់បន្ថែមថា «ប្រជាពលរដ្ឋដែលត្រូវបានគេឃោសនាដើរខ្សិប ថាមិនចាំបាច់ទៅបោះឆ្នោតទេ តែដើម្បីកុំឲ្យគេចំណាំថា យើងមិនបានទៅបោះឆ្នោត គឺត្រូវយកថ្នាំលាបសក់លាបដៃ។ នេះមិនអាចទៅបំភ័ន្ដបញ្ជីបោះឆ្នោតបានទេ អ្នកដែលទៅបោះ ទើបគេខ្វែងឈ្មោះ អ្នកអត់ទៅបោះគេអត់ខ្វែងឈ្មោះឲ្យទេ»។
ពាក់ព័ន្ធករណីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្ដិភាព បានបង្ហាញពីទិដ្ឋភាពច្បាប់ថា ការបន្លំខ្លួនបានទៅបោះឆ្នោត ដោយជ្រលក់ទឹកខ្មៅផ្សេងនោះ គឺជាចេតនាទុច្ចរិត ដើម្បីបង្កការភ័ន្តច្រលំ ទៅលើចំនួនពិតប្រាកដអ្នកដែលបានបោះឆ្នោត ដែលនាំឲ្យចំនួនអ្នកបោះឆ្នោតច្រើនជាងចំនួនសន្លឹកឆ្នោត ដែលបានបោះពិតប្រាកដ។
លោក គឹម សន្ដិភាពថា «ការបន្លំថាខ្លួនបានទៅបោះឆ្នោត ដោយជ្រលក់ទឹកខ្មៅផ្សេងនោះ គឺជាចេតនាទុច្ចរិតដើម្បីបង្កការភ័ន្តច្រលំ ទៅលើចំនួនពិតប្រាកដ អ្នកដែលបានបោះឆ្នោត ដែលនាំឲ្យចំនួនអ្នកបោះឆ្នោតច្រើនជាងចំនួនសន្លឹកឆ្នោតដែលបានបោះពិតប្រាកដ។ ទង្វើនេះនឹងបង្កើតនូវការយល់ច្រលំថា ការបោះឆ្នោតមានភាពមិនប្រក្រតី ដែលនឹងបង្កឲ្យមានភាពវឹកវរក្នុងសង្គមមួយកើតឡើងបាន។ អំពើខាងលើនេះ ជាអំពើល្មើសច្បាប់ ប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារតាមច្បាប់ព្រហ្មទណ្ឌ»។
ពីលើវេទិកាសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រផលិតស៊ីម៉ង់តិ៍នាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់លោក សម រង្ស៊ី កុំព្យាយាមធ្វើសកម្មភាពទុចរិតរុញច្រានប្រជាពលរដ្ឋឲ្យជាប់ទោសតាមខ្លួន។
សូមបញ្ជាក់ថា រហូតមកដល់ពេលបណ្តឹងលើលោក សម រង្ស៊ី ដែលប្តឹងដោយមន្រ្តីសម្តេចតេជោ ហ៊ុន សែន សម្តេច ហេង សំរិន និងបណ្តឹងផ្សេងៗទៀត សរុបមិនតិចជាង ១០នោះទេ។ តាមរយៈបណ្តឹងទាំងនេះ លោក សម រង្ស៊ី ត្រូវប្រឈមការជាប់ទោសទណ្ឌជាច្រើន ហើយបង់ប្រាក់ផាកពិន័យរាប់សិបលានរៀលផងដែរ៕