(បាត់ដំបង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញសម្ពោធដាក់ ឲ្យដំណើរការផ្លូវការ នូវរោងចក្រផលិតស៊ីម៉ង់តិ៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត (Battambang Conch Cement Company Limited) ដែលវិនិយោគអស់ទឹកប្រាក់២៣០លានដុល្លារ នៅទីតាំងនៅតំបន់ភ្នំដូនមាយ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំង ដែលបានអញ្ជើញចូលរួមសម្ពោធ ដាក់ឲ្យដំណើរការរោងចក្រផលិតស៊ីម៉ង់តិ៍ទី៤របស់កម្ពុជា នៅលើទឹកដីនៃអតីតសង្គ្រាមដ៏កម្សត់មួយនេះ។
សម្តេចបានថ្លែងថា «ខ្ញុំពិតជាមានមោទនភាព ដោយថ្ងៃនេះ សមិទ្ធផលថ្មីមួយទៀត បានកើតឡើងក្នុងទឹកដីដ៏កម្សត់របស់យើង។...ការសម្ពោធរោងចក្រស៊ីម៉ង់តិ៍ ដែលវិនិយោគរួមគ្នារបស់ក្រុមហ៊ុនមកពីចិន និងក្រុមហ៊ុនក្នុងស្រុករបស់យើងនេះ ដែលបានដាក់ទុនរួមគ្នារហូតដល់២៣០លានដុល្លារអាមេរិក ដែលមានសមត្ថភាពផលិតស៊ីម៉ង់ក្នុង១ឆ្នាំជិត២លានតោន ដែលផ្តល់ឱកាសឲ្យកម្ពុជាកាន់តែមានលទ្ធភាពដើម្បីផ្គត់ផ្គង់នូវសម្ភារសំណង់ ប្រមើឲ្យសេចក្តីត្រូវការនៅក្នុងប្រទេស»។
សម្ដេចតេជោបានថ្លែងថា បច្ចុប្បន្ននេះកម្ពុជា មានរោងចក្រផលិតស៊ីម៉ងតិ៍ចំនួន៤ ដែលត្រូវបើកសម្ពោធដាក់ឲ្យដំណើរការ និងកំពុងប្រតិបត្តិក្នុងប្រទេស ដើម្បីរួមចំណែកក្នុងការផ្គត់ផ្គង់គ្រឿងសំភារៈសំណង់ និងបំពេញតម្រូវការក្នុងស្រុក និងការនាំចេញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា វត្តមានរោងចក្រផលិតស៊ីម៉ង់តិ៍នេះ នឹងចូលរួមចំណែកច្រើន ក្នុងការផ្គត់ផ្គង់សម្ភារៈសំណង់ ជាពិសេសស៊ីម៉ង់តិ៍ ដែលកម្ពុជាធ្លាប់បាននាំចូលច្រើនពីបរទេស។ សម្ដេចតេជោ ក៏សូមលើកទឹកចិត្តឲ្យធ្វើលំនៅឋាន និងសំណង់ផ្សេងៗដោយប្រើដែក និងស៊ីម៉ង់តិ៍ ព្រោះទាំងនេះជាការរួមចំណែកទប់ស្កាត់និន្នាការកាប់ឈើធ្វើលំនៅឋាន។
សម្ដេចតេជោនាយករដ្ឋមន្រ្ដី បានថ្លែងបន្ថែមទៀតថា និន្នាការនៃការធ្វើផ្លូវពីស៊ីម៉ង់តិ៍នៅកម្ពុជា ក៏មានច្រើនផងដែរ ដូច្នេះវត្តមានរោងចក្រនេះ គឺជាការឆ្លើយតបមួយដ៏ល្អ។ មួយវិញទៀត ការផលិតស៊ីម៉ង់តិ៍ដោយខ្លួនឯងនេះ គឺសន្សំបានយ៉ាងច្រើននូវរូបិយបណ្ណ ដែលមិនត្រូវបានយកទៅដូរជាស៊ីម៉ង់តិ៍។
សម្តេចតេជោបានថ្លែងថា កាលពីមុនកម្ពុជានាំចូលស៊ីម៉ង់តិ៍ពីបរទេសទាំងអស់ តែបច្ចុប្បន្នកម្ពុជា មានរោងចក្រផលិតស៊ីម៉ង់តិ៍ខ្លួនឯងរហូតដល់ទៅ៤ ដែលអាចផលិតបានប្រមាណ៧លានតោនក្នុងមួយឆ្នាំ។ តែតម្រូវការប្រើប្រាស់ស៊ីម៉ង់តិ៍ ក៏មានច្រើនផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា រោងចក្រស៊ីម៉ងតិ៍នៅក្នុងខេត្តបាត់ដំបងនេះ ប្រហែលជាអាចត្រឹមផ្គត់ផ្គង់ ក្នុងខេត្តបាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ពោធិ៍សាត់ និងអាចទៅខេត្តសៀមរាបតែប៉ុណ្ណោះ ដែលសមត្ថភាពផលិតអស់ហើយត្រឹម២លានតោននោះ ប៉ុន្តែតម្រូវការសាងសង់ខ្ពស់ណាស់ ដូច្នេះទាមទារឲ្យមានការសាងសង់បន្ថែមទៀត ដើម្បីបំពេញតម្រូវការក្នុងស្រុងផង និងបំណងដើម្បីនាំចេញផងដែរ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា «យើងមិនចង់ត្រឹមតែផលិតស៊ីម៉ង់តិ៍ប្រើប្រាស់ក្នុងស្រុកទេ យើងចង់មានសមត្ថភាពផលិតស៊ីម៉ងតិ៍នាំចេញផងដែរ ព្រោះថាប្រទេសមួយចំនួនក៏នាំចូលស៊ីម៉ង់តិ៍ ដូចកាលពីអតីតកាលដែលយើងនាំចូលស៊ីម៉ង់តិ៍ពីប្រទេសគេផងដែរ»។
សូមជម្រាបថា រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន ត្រូវបានសង់នៅលើទីតាំងដែលមានផ្ទៃដីសរុបទំហំ៣១៦ហិកតា និងប្រើរយៈពេលសាងសង់ចំនួន១៨ខែ គិតចាប់តាំងពីចុងឆ្នាំ២០១៦។ ការបង្កើតរោងចក្រនេះ ប្រើទុនវិនិយោគប្រមាណ ២៣០លានដុល្លារអាមេរិក ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Conch International Holding (HK) Limited របស់ចិន និងក្រុមហ៊ុន Battambang KT Cement Co.,Ltd តំណាងដោយអ្នកឧកញ៉ា ស៊ី គង់ទ្រីវ និងលោកឧកញ៉ា វិញ ហួរ។
សូមបញ្ជាក់ថា នៅកម្ពុជាសព្វថ្ងៃមានរោងចក្រស៊ីម៉ងត៍ចំនួន៤ កំពុងដំណើរការ ដែលមានសមត្ថភាពផលិតសរុបប្រមាណជិត ៧លានតោនក្នុងមួយឆ្នាំ។ រោងចក្រទាំង៤នោះរួមមាន៖
១៖ រោងចក្រកំពត ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd) មានទីតាំងនៅស្រុកបន្ទាយមាស និងស្រុកដងទង់ ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ២លានតោនក្នុងមួយឆ្នាំ។
២៖ រោងចក្រស៊ីម៉ងត៍ កម្ពុជា ចក្រីទីង (Cambodia Cement Chakreyting Co., Ltd) មានទីតាំងនៅស្រុកកំពត ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ១,១លានតោនក្នុងមួយឆ្នាំ។
៣៖ រោងចក្រ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន (Chip Mong Insee Cement Corporation) មានទីតាំងនៅស្រុកបន្ទាយមាស ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ២លានតោនក្នុងមួយឆ្នាំ ហើយដែលបានដាក់ឲ្យដំណើរការជាផ្លូវការ កាលពីខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅនេះ។
រីឯរោងចក្រទី៤ គឺរោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត ដែលសម្ពោធដាក់ឲ្យដំណើរការផលិតស៊ីម៉ងត៍ជាផ្លូវការនៅព្រឹកថ្ងៃនេះ៕