(បាត់ដំបង)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ប្រាប់ប្រជាពលរដ្ឋថា ការដែលមិនទៅបោះឆ្នោតមិនខុសទាស់អ្វីទេ ប៉ុន្តែអ្នកដែលយកទឹកថ្នាំលាបសក់មកជ្រលក់ដៃ នាំឲ្យមានការបំភ័ន្តសាធារណមតិនោះ អាចប្រឈមនឹងទោសព្រហ្មទណ្ឌ ព្រោះទង្វើនេះ ជាអំពើក្លែងបន្លំមានចែងក្នុងច្បាប់។
ប្រសាសន៍ខាងលើនេះ ត្រូវបានលើកឡើង ក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត (Battambang Conch Cement Company Limited) មានទីតាំងនៅតំបន់ភ្នំដូនមាយ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨។
ប្រមុខរាជរដ្ឋាភិបាល បានស្រាយមន្ទិលសង្ស័យជូនប្រជាពលរដ្ឋថា មិនអាចទៅរួចបានឡើយ ដែលថា អ្នកមិនទៅបោះឆ្នោតហើយ ទទួលបានជ័យជម្នះទទេរៗ ក្នុងការបោះឆ្នោតនោះ។ សម្ដេចបានអំពាវនាវ កុំឲ្យប្រជាពលរដ្ឋជឿ តាមការឃោសនាញុះញង់ថា «ដេកផ្ទះឈ្នះឯង» ព្រោះនេះគ្រាន់តែជានយោបាយបោកប្រាស់ ប្រជាពលរដ្ឋប៉ុណ្ណោះ ឬអាចនាំឲ្យប្រជាពលរដ្ឋ ជាប់ទោសទណ្ឌថែមទៀតផង។
ក្នុងន័យផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ឲ្យយល់ច្បាស់ពីការអនុវត្តសិទ្ធិនោះ សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមផ្ដាំទៅអ្នក មិនអាចជោគជ័យទេ អ្នកកុំបង្កើតទោសព្រហ្មទណ្ឌ ទៅលើអ្វីដែលអ្នកចង់ធ្វើ មានផែនការថា ថ្ងៃបោះឆ្នោតអត់ទៅបោះឆ្នោតទេ តែយកទឹកថ្នាំលាបសក់យកមកលាបដៃ នេះគឺជាការបង្កើតកំហុសផ្នែកព្រហ្មទណ្ឌនៃការក្លែងបន្លំ។ ប្រជាពលដ្ឋដែលត្រូវគេឃោសនា ដើរខ្សឹបមិនចាំបាច់ទៅបោះទេ តែដើម្បីកុំឲ្យគេចំណាំថា យើងមិនបានទៅបោះ គឺត្រូវយកទឹកថ្នាំលាបសក់លាបដៃ មិនអាចទៅបំភ័ន្ដបញ្ជីបោះឆ្នោតបានទេ អ្នកទៅបោះបានគេខ្វែងឈ្មោះ អ្នកមិនទៅបោះគេអត់ខ្វែងឈ្មោះឲ្យទេ កុំភ័ន្តច្រឡំនោះ។ អីចឹងគឺមេបោក វាបញ្ជាពីខាងក្រៅ អាមេគុក គេហៅថាអាជាប់គុកនោះ ហើយមកអប់រំមនុស្សនៅខាងក្នុង ដើម្បីមានមនុស្សជាប់គុកតាមវា»។
ពាក់ព័ន្ធនឹងការលើកឡើងបែបនេះ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ជារឿយៗកន្លងមក ក្រុមប្រឆាំងក្រៅប្រទេស តែងតែឃោសនាតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក៏ដូចជាបណ្ដាញសង្គមផងដែរ ក្នុងន័យញុះញង់មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត បង្អាក់ការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋ ពិសេសពួកគេតែងតែងទន្ទិញចាំមាត់ថា «ដេកផ្ទះឈ្នះឯង»។ ការធ្វើបែបនេះ ព្រោះតែបក្សរបស់ក្រុមប្រឆាំងទាំងនោះ ត្រូវបានតុលាការកំពូលរំលាយចោល ហើយគ្មានក្នុងបញ្ជីគណបក្សនៅ គ.ជ.ប ឡើយ។ ប្រជាពលរដ្ឋភាគច្រើនមិនបានគាំទ្រ តាមការឃោសនាអកុសលរបស់ក្រុមប្រឆាំងទាំងនោះឡើយ ដោយពួកគាត់បានអះអាងថា ពួកគាត់ជាពលរដ្ឋមានសិទ្ធិទៅបោះឆ្នោត ដូច្នេះពួកគាត់បានប្ដេជ្ញាថា ត្រូតែទៅបោះឆ្នោត។
ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន បានព្រមានដល់ក្រុមប្រឆាំងទាំងឡាយ ដែលដើរឃោសនាអកុសល ត្រូវបញ្ឈប់ការឃោសនាបំភ័ន្តប្រជាពលរដ្ឋ ឲ្យប្រព្រឹត្តខុសតាមខ្លួន ហើយសម្ដេចបានដាស់តឿនប្រជាពលរដ្ឋដែរ សូមកុំប្រព្រឹត្តទង្វើក្លែងបន្លំបំភ្លៃមតិសាធារណៈឲ្យសោះ ព្រោះអាចប្រឈមនឹងការទទួលទោសព្រហ្មទណ្ឌ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅតែទទូចឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោតទូទាំងប្រទេស គប្បីទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខទាំងអស់គ្នា ដើម្បីជៀសវាងការស្ដាយក្រោយដោយប្រការណាមួយ ដែលកើតចេញពីការមិនចូលរួមបោះឆ្នោតរបស់ខ្លួន៕