(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការសាកសួរសព្វគ្រប់ ចៅក្រមស៊ើបសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី ថាវរៈ បានចេញដីការសម្រេចឃុំខ្លួនថៅកែស្រីចិត្តខ្មៅ ឈ្មោះ ម៉េង រ័ត្នពិសី ហៅភា ដែលបានវាយធ្វើទារុណកម្មក្មេងស្រីកូនឈ្នួលរាប់ឆ្នាំហើយ ដោយដាក់គុកជាបណ្តោះអាសន្ន នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ ដោយរងចាំនីតិវិធីជំនុំជម្រះទោសទណ្ឌជាក្រោយ។
ការចេញដីការបង្គាប់ឲ្យឃុំខ្លួននេះ គឺធ្វើឡើងបន្ទាប់ពីលោកព្រះរាជអាជ្ញារង ស្រី ម៉ាកនី បានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់លើឈ្មោះ ម៉េង រ័ត្នពិសី ហៅភា អាយុ៣៣ឆ្នាំ មុខរបរលក់សម្លៀកបំពាក់ ស្នាក់នៅផ្ទះលេខ១៧អា ក្បែរផ្សារបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសទាក់ទង ទៅលើជនរងគ្រោះឈ្មោះ ជា ស្រីនូ ហៅស្រីពៅ អាយុ១៦ឆ្នាំ មានស្រុកកំណើត ភូមិទំនប់ថ្មី ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មករស់នៅស៊ីឈ្នួលក្នុងផ្ទះជាមួយ ដោយយោងតាមមាត្រា២១៩ នៃក្រមព្រហ្មទណ្ឌ។
យោងតាមមាត្រាខាងលើនេះ ជនត្រូវចោទអាចប្រឈមការផ្តន្ទាទោសដាក់ពន្ធនាគារ ពី២ឆ្នាំ ទៅ៥ឆ្នាំ។
សូមជម្រាបជូនថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ កាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅផ្ទះរបស់ជនសង្ស័យ ក្រោយពីមានការបែកធ្លាយ ព័ត៌មានថាស្ត្រីសង្ស័យ បានប្រើអំពើហិង្សាលើក្មេងស្រីរងគ្រោះ របួសជាច្រើនកន្លែងអស់រយៈពេល៤ឆ្នាំ៕