(វ៉ាស៊ីនតោន)៖ ជំនួបរវាងមន្ត្រីកំពូលៗមកពីប្រទេសកូរ៉េខាងជើង និងមន្ត្រីកំពូលៗសហរដ្ឋអាមេរិក ដែលបានប្រារព្ធឡើងនៅទីក្រុងញូយ៉ក នាថ្ងៃពុធសប្តាហ៍នេះ ត្រូវបានលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកអះអាងថា បានប្រព្រឹត្តទៅដោយល្អ ប្រសើរ ហើយវាជាសញ្ញាវិជ្ជមានថ្មីបន្ថែម នៅក្នុងការឈានទៅរកជំនួបកំពូល នៃប្រមុខដឹកនាំប្រទេសទាំងពីរ ដែលមិនធ្លាប់មានសោះឡើយក្នុងប្រវត្តិសាស្ត្រ។ នេះបើតាមការចេញផ្សាយ ស៊ីនហួរ នាយប់ថ្ងៃព្រហស្បតិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៨។
ក្រៅពីការបង្ហាញក្តីរីករាយ ចំពោះកិច្ចពិភាក្សាបែបវិជ្ជមានរវាងមន្ត្រីកំពូលរបស់លោក គឺរដ្ឋមន្ត្រីការបរទេស ម៉ៃក៍ ប៉ុមប៉េអូ ជាមួយគណៈប្រតិភូកូរ៉េខាងជើងដឹកនាំដោយលោក គីម យ៉ុងចុល (Kim Yong Chol ) ដៃស្តាំលោក គីម ជុងអ៊ុន នោះលោក ដូណាល់ ត្រាំ ក៏បានរំពឹងផងដែរថា ក្រុមប្រតិភូកូរ៉េខាងជើងដែលនឹងជួបលោកនៅទីក្រុងវ៉ាស៊ីនតោន ក្នុងថ្ងៃសុក្រខាងមុខនេះ ដោយពាំនាំយកមកជាមួយនូវសំបុត្រលោក គីម ជុងអ៊ុន មកជូនផ្ទាល់ដៃលោកផងដែរ។
គួរបញ្ជាក់ថា គេនៅមិនទាន់ដឹងថា តើមានសំបុត្រពីលោក គីម ផ្ញើជូនលោក ត្រាំ នោះមែន ឬក៏អត់នោះឡើយ ប៉ុន្តែបើសិនជាមានពិតមែននោះគ្រប់នឹងបានស្វែងយល់អត្ថន័យ នៅក្នុងសំបុត្រនោះពេលឆាប់ៗខាងមុខនេះហើយ៕