(ភ្នំពេញ)៖ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះ គឺជាខួបលើកទី៦៩ ទិវាកុមារអន្តរជាតិ ១មិថុនា ក្រោមប្រធានបទ «រួមគ្នាការពារកុមារ ដើម្បីអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិ»។ ក្នុងលិខិតចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កុមារគឺជាធនធានមនុស្សដែលមិនអាចខ្វះបានសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត។
សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា តាមរយៈប្រធានបទនៃទិវាកុមារអន្តរជាតិនេះ គឺជំរុញឲ្យរាជរដ្ឋាភិបាលខិតខំឲ្យបានខ្លាំងក្លាថែមទៀត លើការអនុវត្តន៍សិទ្ធចម្បងទាំង៤របស់កុមារ (សិទ្ធរស់រានមានជីវិត សិទ្ធិអភិវឌ្ឍន៍ សិទ្ធិទទួលបានការការពារ និង សិទ្ធនៅក្នុងការចូលរួម) ឲ្យមានប្រសិទ្ធភាពក្នុងនោះសិទ្ធិទទួលបានការការពារ គឺជាសិទ្ធិអាទិភាពចម្បងមួយ ដើម្បីការពារកុមារឲ្យរួចផុតពីហានិភ័យផ្សេងៗ ដូចជាការរើសអើង ការរំលោភបំពាន ការកេងប្រវ័ញ្ច ការមិនយកចិត្តទុកដាក់ចំពោះកុមារដែលគ្មានគ្រួសារសាច់ញាតិ និងកុមារចំណាកស្រុកជាដើម។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកដែរថា ដើម្បីឲ្យធនធានមនុស្សប្រកបដោយសក្តានុពលនោះ ការផ្តល់ការការពារ និងអភិវឌ្ឍន៍កុមារ គឺជាភារកិច្ចយ៉ាងសំខាន់ដែលតម្រូវឲ្យមានការអនុវត្តន៍តាមបែបពហុវិស័យបញ្ចូលគ្នា ហើយសកម្មភាពអាទិភាពទាំងឡាយ ដែលត្រូវអនុវត្តន៍រួមមាន ការងាររៀបចំក្របខណ្ឌគតិយុត្ត ការកែលម្អយន្តការពិនិត្យតាមដាន និងវាយតម្លៃការអភិវឌ្ឍន៍សមត្ថភាព ការពង្រឹងសេវាអប់រំ ការការពារ និងថែទាំសុខភាពដល់កុមារ ការផ្តល់ការអប់រំមូលដ្ឋានឲ្យបានទាន់ពេលវេលាដល់កុមារ ដោយផ្តោតជាពិសេសលើកុមាររងគ្រោះ កុមារងាយរងគ្រោះ និងកុមារដែលមានជីវភាពក្រីក្រ។
«កុមារត្រូវការចាំបាច់នូវការអភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី និងការសិក្សាអប់រំរៀនសូត្រ ហេតុនេះកុមារត្រូវការការថែទាំ ការជួយទំនុកបម្រុងពីគ្រួសារ និងសង្គម ជាពិសេសការលើកកម្ពស់កិច្ចការពារកុមារដោយឲ្យកុមារទទួលបានការសិក្សាអប់រំ ដើម្បីអភិវឌ្ឍន៍ខ្លួនប្រកបដោយសមត្ថភាពដែលអាចកសាងគ្រួសារប្រកបដោយសុភមង្គល និងរស់នៅដោយសេចក្តីថ្លៃថ្នូរ ព្រមទាំងបានចូលរួមចំណែកយ៉ាងសកម្ម និងពេញលេញក្នុងការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន»។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែម។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានវិភាជជនធានបន្ថែមទៀត លើវិស័យសុខាភិបាល អប់រំ សង្គមកិច្ច និងវិស័យផ្សេងៗ ដែលទាក់ទងនឹងការអភិវឌ្ឍធនធានមនុស្ស ពិសេសផ្តោតលើការអភិវឌ្ឍសុខុមាលភាពកុមារ សំដៅសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (២០១៥-២០៣០)។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា ការវិនិយោគជាមួយកុមារសម្រាប់ពេលបច្ចុប្បន្ន នឹងបង្កើតបានជធានធានដ៏សំខាន់សម្រាប់ប្រទេសជាតិនាពេលអនាគត។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងបញ្ជាក់ដូច្នេះ «ការវិនិយោគជាមួយកុមារ គឺជាការងារអាទិភាព ការវិនិយោគលើកុមារនៅថ្ងៃនេះ នឹងបង្កើតបានជាធនធានមនុស្សដែលមានជំនាញ និងប្រកបដោយសក្តានុពលនាពេលអនាគត ដើម្បីធានាចីរភាពកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។ កិច្ចការពារកុមារគឺជាការងារពហុវិស័យដែលតម្រូវឲ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ចូលរួមចំណែកអនុវត្តដោយការទទួលខុសត្រូវខ្ពស់ តាមជំនាញរៀងៗខ្លួន លើការងារលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាលជំនាញ លើកកម្ពស់សុខុមាលភាពសង្គមសម្រាប់កុមារ ពង្រឹងកិច្ចការពារ និងបង្ការទប់ស្កាត់កុមារពីអំពើហិង្សា និងការងារប្រកបដោយគ្រោះថ្នាក់ ពង្រឹងកិច្ចសហប្រតិបត្តិការ ការអនុវត្តច្បាប់ ក្របខណ្ឌគតិយុត្ត និងគោលនយោបាយរួមទាំងការពង្រឹងយន្តការជាដើម»។
ដើម្បីធានាថាកុមារត្រូវបានការពារ និងអភិវឌ្ឍន៍ប្រកបដោយចេរភាពនោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ ៧ចំណុចឲ្យភាគីពាក់ព័ន្ធទាំងអស់ប្រឹងប្រែងរួមគ្នាអនុវត្តន៍។ ភាគីទាំង៧ចំណុចនោះរួមមាន៖
១. ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារត្រូវបន្តដឹកនាំចាត់ចែងអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ និងពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការការពារកុមារមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ សង្គមស៊ីវិល ប្រកបដោយប្រសិទ្ធភាព ព្រមទាំងកសាងនូវលិខិតបទដ្ឋានគតិយុត្តបន្ថែម ដើម្បីឲ្យប្រព័ន្ធកិច្ចការពារកុមារលក្ខណៈគ្រប់ជ្រុងជ្រោយ។
២. ក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន សហគមន៍ និងពលរដ្ឋគ្រប់រូបត្រូវចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ពិសេសចាត់វិធានការការពារកុមារពីអំពើហិង្សាគ្រប់រូបភាព អប់រំកុមារពីរបៀបការពារខ្លួនប្រឆាំងនឹងការរំលោភបំពាន ការសម្លុតគំរាមកំហែងគ្រប់បែបយ៉ាង និងត្រូវធ្វើឲ្យកុមារអាចយល់ដឹងពីវិធីរាយការណ៍ដល់អាជ្ញាធរ ឬ មនុស្សពេញវ័យដែលជាអ្នកថែទាំពួកគេអំពីការរំលោភបំពានដល់ពួកគេតាមគ្រប់រូបភាព។
៣. ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយអំពីការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅគ្រប់សកម្មភាពសេដ្ឋកិច្ច និងពង្រឹងវិធានការអិការកិច្ចពលកម្មកុមារ ព្រមទាំងស្វែងរកដំណោះស្រាយសមស្រប ដើម្បីជួយសង្គ្រោះពលកម្មកុមារ។
៤. ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ជំរុញកុមារដែលមិនបានរៀនសូត្រ ឬបោះបង់ការសិក្សាឲ្យមានឱកាសទទួលបានការអប់រំរៀនសូត្រតាមគ្រប់រូបភាព ពិសេសត្រូវខិតខំបង្កលក្ខណៈងាយស្រួលដល់កុមារ ដែលជាជនពិការឲ្យទទួលបានលទ្ធភាពក្នុងការសិក្សា។
៥. បង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋក្នុងការកំណត់អត្តសញ្ញាណអំពើរំលោភបំពានលើកុមារ និងការលើកកម្ពស់ការយល់ដឹងចំពោះផលប៉ះពាល់អវិជ្ជមាននៃអំពើរំលោភបំពាន និងផ្តល់ភាពក្លាហានដល់កុមារ និងគ្រួសារក្នុងការរាយការណ៍អំពីការរំលោភបំពាននានា។
៦. គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយនានា បន្តជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីការយកចិត្តទុកដាក់លើកស្ទួយវិស័យសុខុមាលភាពកុមារនៅកម្ពុជា ជាពិសេសពង្រឹងគុណភាពនៃការផលិតកម្មវិធីសម្រាប់កុមារប្រកបដោយខ្លឹមសារអប់រំ ដើម្បីបង្ការទប់ស្កាត់កុំឲ្យកុមារក្លាយជាជនរងគ្រោះ។
៧. បង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ដើម្បីលើកកម្ពស់សេវានានា របស់កុមារដោយបន្តបង្កើនការវិនិយោគលើកុមារ ដែលជាតម្រូវការចាំបាច់បំផុតរបស់មនុស្ស៕