(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះកម្ពុជាបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីលុបបំបាត់អំពើពុករលួយ ទាំងការបើកប្រាក់បៀវត្សរ៍មន្ដ្រីរាជការ និងបានកាត់បន្ថយការជួបគ្នារវាងអ្នកផ្ដល់សេវា និងអ្នកទទួលសេវាថែមទៀតផង ជៀសវាងការតថ្លៃគ្នារឿងតម្លៃ។
ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សមន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥឡូវនេះយើងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ»។
សម្តេចប្រមុខនៃរាជរដ្ឋាភិបាល បានថ្លែងថា ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននេះ ជាពិសេសការបើកប្រាក់បៀវត្សរ៍តាមប្រព័ន្ធធនាគារ បានកាត់មន្ត្រីខ្មោច និងទាហានខ្មោចជាច្រើន ហើយបានលុបបំបាត់មន្ត្រីខ្មោច និងកម្លាំងប្រដាប់អាវុធខ្មោច គឺចំណេញបានថវិកាជាតិច្រើនណាស់។
បើតាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ក្រៅពីការបើកប្រាក់បៀវត្សរ៍តាមធនាគារហើយនោះ បច្ចុប្បន្ននេះការបង់ពន្ធផ្សេងៗ ក៏ត្រូវបង់តាមប្រព័ន្ធធនាគារផងដែរ ព្រោះអាចការបន្ថយការជួបគ្នារវាងអ្នកផ្ដល់សេវា និងអ្នកទទួលសេវា ដើម្បីកុំឲ្យមានការតថ្លៃគ្នារឿងតម្លៃជាដើម។
សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា បន្ទាប់ពីប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ការគ្រប់គ្រងទន្និន័យទាំងអស់ ក៏ត្រូវបញ្ជូលក្នុងប្រព័ន្ធទូរស័ព្ទផងដែរ ជាក់ស្ដែងក្នុងទូរស័ព្ទដៃរបស់សម្ដេច ទោះបីសម្ដេចទៅដល់ទីណា ក៏សម្តេចអាចតាមដានបានគ្រប់ពេលវេលានូវចំណូលថវិកាជាតិ។ ហេតុនេះហើយដែលមន្ត្រីថ្មី ត្រូវទាមទារឲ្យចេះប្រើប្រាស់ស្មាតហ្វូន ដើម្បីបម្រើការងារកាន់តែងាយស្រួល។
សូមជម្រាបថា សម្រាប់ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដើម្បីកាត់បន្ថយអំពើពុករលួយនោះ បើយើងងាកទៅក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានប្រើប្រាស់នូវបច្ចេកវិទ្យានេះផងដែរ ពោលការចុះបញ្ជីយានយន្ដតាមប្រព័ន្ធស្វ័យប្រវត្តិកម្មជាដើម។
ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ធ្លាប់ការបញ្ជាក់ថា បន្ទាប់ពីការដាក់ឲ្យដំណើរការនូវប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ ការចុះបញ្ជីយានយន្ដក៏បានកាត់បន្ថយការចំណាយក្រៅផ្លូវការរបស់ប្រជាពលរដ្ឋ នៅពេលទៅចុះបញ្ជី។ មួយវិញទៀត ក៏បញ្ឈប់នូវសកម្មភាពបក្ខពួកនិយម ក្នុងជ្រើសរើសស្លាកលេខរថយន្ដជាដើម៕