(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្រ្ដី នាពេលកន្លងទៅនេះ ព្រោះមិនចង់ឲ្យសមាជិករាជរដ្ឋាភិបាល មានតួលេខច្រើន ហើយពេលរៀបចំរដ្ឋាភិបាលម្ដងៗ មានសភាពសំពីងសំពោង។
ការថ្លែងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សមន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល។
រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ជំពូកទី១០ថ្មី អំពីរាជរដ្ឋាភិបាល មាត្រា១១៨ថ្មី (មាត្រា៩៩ចាស់)៖ គណៈរដ្ឋមន្ដ្រី ជារាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ គណៈរដ្ឋមន្ដ្រី ត្រូវបានដឹកនាំដោយនាយករដ្ឋមន្ដ្រីមួយរូប អមដោយឧបនាយករដ្ឋមន្ដ្រី ព្រមទាំងមានទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី និងរដ្ឋលេខាធិការជាសមាជិក។
ប៉ុន្ដែក្រោយធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្រ្ដី សមាជិកនៃរាជរដ្ឋាភិបាលមានតែ នាយករដ្ឋមន្ដ្រី ឧបនាយករដ្ឋមន្ដ្រី ទេសរដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីតែប៉ុណ្ណោះ។
ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានពន្យល់ថា ការពិតរដ្ឋលេខាធិការ មិនមែនទទួលខុសត្រូវចំពោះសភា និងនាយករដ្ឋមន្ដ្រីទេ ហើយដាក់ឲ្យទទួលខុសត្រូវចំពោះ នាយករដ្ឋមន្ដ្រី និងសភា គឺមានតែរដ្ឋមន្ដ្រី ជាប្រធានស្ថាប័ន ហើយជាអនាប័កដើមខ្សែតែប៉ុណ្ណោះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ តម្រូវឲ្យថ្នាក់រដ្ឋលេខាធិការ ក៏ជាសមាជិករដ្ឋាភិបាល ការពិតរដ្ឋលេខាធិការមិនមែនទទួលខុសត្រូវចំពោះ សភា និងនាយករដ្ឋមន្ដ្រីទេ ការដាក់ឲ្យទទួលខុសត្រូវចំពោះនាយករដ្ឋមន្ដ្រី និងសភា គឺមានតែរដ្ឋមន្ដ្រី ជាប្រធានស្ថាប័ន ហើយជាអនាប័កតែប៉ុណ្ណោះ។ ក៏ប៉ុន្ដែរដ្ឋធម្មនុញ្ញក៏បានដាក់បញ្ជាក់ថា នាយករដ្ឋមន្ដ្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ គឺជាសមាជិករាជរដ្ឋាភិបាល ដូច្នេះពេលរៀបចំរដ្ឋាភិបាលម្ដងៗ គេឃើញសំពីងសំពោង រាប់រយនាក់ឯណោះ។ ចឹងទេបានជាយើងត្រូវតែធ្វើការកែសម្រួល ដោយដកចេញ ដោយទុកតែថ្នាក់នាយករដ្ឋមន្ដ្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាសមាជិករាជរដ្ឋាភិបាល»។
សម្ដេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាល ក៏បានគូសបញ្ជាក់ថា ចាប់ពីថ្នាក់រដ្ឋលេខាធិការចុះក្រោម គឺតែងតាំងដោយព្រះរាជក្រឹត្យ ដែលធ្វើឡើងតាមសំណើររបស់ នាយករដ្ឋមន្ដ្រី ខុសពីថ្នាក់រដ្ឋមន្ដ្រី ដល់នាយករដ្ឋមន្ដ្រី ត្រូវបោះឆ្នោតជ្រើសតាំងដោយសភា៕