(ព្រះសីហនុ)៖ ដើម្បីឆ្លើយតបនឹងកំណើនទេសចរចិននៅកម្ពុជា ដែលកំពុងមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ ក្រសួងទេសចរណ៍ បានសហការជាមួយវិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ជំនាញផ្តល់សេវាកម្មភ្ញៀវទេសចរចិន ជូនសិក្ខាកាមនៅខេត្តព្រះសីហនុចំនួន ១៥០នាក់ បន្ថែមទៀត។

ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោករដ្ឋមន្ត្រី ថោង ខុន, លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ និងលោក សាង ជីងឡុង នាយកវិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណាន និងមានការចូលរួមពីយុវជន សិស្ស-និស្សិត អ្នកជំនាញទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងគ្រូឧទ្ទេសជាតិ និងអន្តរជាតិ ព្រមទាំងសិក្ខាកាមចូលរួមប្រមាណ ១៥នាក់ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ នៅសណ្ឋាគារឆ្នេរថ្មី ខេត្តព្រះសីហនុ។

លោក ប៉ាក់ សុខុម បានលើកឡើកថា វិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណាន ជាវិទ្យាស្ថានបណ្តុះបណ្តាលជំនាញទេសចរណ៍ដ៏ធំមួយរបស់ចិន ដែលតែងតែយកចិត្តទុកដាក់ចូលរួមដល់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ រួមមានការបញ្ជូនមន្រ្តី ប្រតិបត្តិករទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍ជាន់ខ្ពស់កម្ពុជា ទៅទទួលការបណ្តុះបណ្តាលនៅប្រទេសចិន ពិសេសបានរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលស្តីពី ជំនាញផ្តល់សេវាកម្មភ្ញៀវទេសចរចិន ដើម្បីចូលរួមអភិវឌ្ឍសមត្ថភាពអ្នកជំនាញទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ឱ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្តល់សេវាកម្មប្រកបដោយគុណភាព និងភាពពេញចិត្ត ដល់ភ្ញៀវទេសចរដែលមកកម្សាន្តនៅតាមបណ្តាគោលដៅទេសចរណ៍ ក្នុងខេត្តតំបន់ឆ្នេរសមុទ្រ និយាយដោយឡែក និងតាមតំបន់គោលដៅទេសចរណ៍កម្ពុជា និយាយជារួម។

លោកបន្តថា វគ្គបណ្តុះបណ្តាលនេះ ក៏មានការចូលរួមបណ្តុះបណ្តាលពីសំណាក់សាស្រ្តាចារ្យជំនាញទេសចរណ៍ មកពីវិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណានផងដែរ។ វាក៏ជាផ្នែកមួយនៃការអនុវត្តសកម្មភាពជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូរ រវាងក្រសួងទេសចរណ៍កម្ពុជា ជាមួយវិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណាន ក្នុងការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស និងការសិក្សាស្រាវជ្រាវក្នុងវិស័យទេសចរណ៍ សំដៅចូលរួមជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងប្រែក្លាយកម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញលំដាប់ថ្នាក់ពិភពលោក និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ។

លោករដ្ឋលេខាធិការ បានស្នើសុំឱ្យវិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណាន បន្តបើកវគ្គបណ្តុះបណ្តាលលើជំនាញទេសចរណ៍ផ្សេងៗ សម្រាប់ចូលរួមអភិវឌ្ឍសមត្ថភាពដល់អ្នកជំនាញទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ សំដៅចូលរួមអភិវឌ្ឍទេសចរណ៍កម្ពុជា ប្រកបដោយគុណភាព និរន្តរភាព ការទទួលខុសត្រូវ និងបរិយាបន្ន។

សូមរំឭកថា កាលពីខែមករា ឆ្នាំ២០១៨ កន្លងទៅ ក្រសួងទេសចរណ៍ ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស និងការសិក្សាស្រាវជ្រាវក្នុងវិស័យទេសចរណ៍ ជាមួយវិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណាននេះផងដែរ។

នៅឆ្នាំ២០១៧ វិស័យទេសចរណ៍កម្ពុជាសម្រេចបានកំណើនក្នុងអត្រា ១១.៨% ជាមួយនឹងការមកដល់នៃភ្ញៀវទេសចរអន្តរជាតិជាង ៥.៦លាននាក់ (ក្នុងនោះភ្ញៀវទេសចរចិនមានចំនួន ១,២១០,៧៨២នាក់ កើនឡើង ៤៥.៩% ឈរក្នុងលំដាប់ទី១ និងនាំប្រាក់ចំណូលប្រមាណ ៣,៤០០លានដុល្លារ ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ រួមចំណែក ១៣% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតការងារដោយផ្ទាល់ជាង ៦២ម៉ឺននាក់។ ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិចំនួន ១,៧១១,២៥៣នាក់ កើនឡើង ១៣.៩%។

តាមការព្យាករណ៍ កម្ពុជានឹងទទួលបានភ្ញៀវអន្តរជាតិប្រមាណ ៦.២លាននាក់ នៅឆ្នាំ២០១៨ និងប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០ និងនាំមកនូវចំណូលសរុបប្រមាណ ៥,០០០លានដុល្លារ បង្កើតនូវឱកាសការងារប្រមាណ ១លាននាក់ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៥លាននាក់ នៅឆ្នាំ២០៣០ ដោយនាំមកនូវចំណូលសរុបប្រមាណ ១០,០០០លានដុល្លារ បង្កើតឱកាសការងារប្រមាណ ២លាននាក់៕