(កំពង់ចាម)៖​ ក្នុងគោលបំណងស្វែងយល់អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាម​តំបន់ជនបទ ​នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ លោក​ ឡូវ សុខ​សាន តំណាងអនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកស្រីសន្ធរ បាននាំយកអំណោយរបស់លោក ហ៊ុន ម៉ាណែត ​ជូនប្រជាពលរដ្ឋប្រមាណ៣០០​នាក់ នៅក្នុងភូមិខ្ទឹង ក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម​។​

លោក ចាស់ ជឿន មេឃុំទងត្រឡាច បានលើកឡើងជារបាយការណ៍ អំពី​អំណោយរបស់សម្តេចតេជោ ហ៊ុន សែន បានកសាងកុដិមួយខ្នង ទំហំ៧ម៉ែត្រ គុណ៩ម៉ែត្រ កម្ពស់២ជាន់ ប្រក់ក្បឿង ដែលត្រូវចំណាយថវិកាប្រមាណ៤ម៉ឺនដុល្លា បានកសាងរួចរាល់បានប្រមាណ៧០​ភាគរយ ក្លាយទៅជាសមិទ្ធិផលថ្មីមួយ នៅវត្ត​ទងត្រឡាច​។

លោក​ ឡូវ សុខ​សាន បានថ្លែង​ថារាជរដ្ឋាភិបាល បាននាំមកនូវសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់ សង្គម បូរណភាពទឹកដី ធ្វើឲ្យប្រជាពលរដ្ឋមានឱកាស​កសាងជីវភាពរីកចម្រើនទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ ដែលមកដល់បច្ចុប្បន្ននេះ បានពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង ដំឡើងប្រាក់បៀវត្សដល់មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ កម្មករជាបន្តបន្ទាប់។

លោកបន្ថែមថា ​​ប្រជាពលរដ្ឋត្រូវរួមគ្នាថែររក្សាសុខសន្តិភាព និងការអភិវឌ្ឍ រួមគ្នាថែររក្សានូវសមិទ្ធិផលនានារបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូន ឲ្យបានគង់វង្ស សម្រាប់ទុកបន្តដល់កូនចៅជំនាន់ក្រោយៗទៀត។ ដោយឡែកមន្រ្តីរាជការ ត្រូវតែប្រព្រឹត្តអំពើល្អ និងបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន រួមគ្នាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនុវត្ត​ឲ្យបាននូវគោលនយោបាយរបស់​រាជរដ្ឋាភិបាល ស្តីពីភូមិ ឃុំមានសុវត្ថិភាព។

លោកគូសបញ្ជាក់ថា ​សូមបងប្អូនប្រជាពលរដ្ឋទាំងអស់​សូមចូលរួមទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខនេះ ហើយសូមជ្រើសរើសថ្នាក់ដឹកនាំដែលបានរួមសុខ រួមទុក្ខ និងបានរំដោះបងប្អូនប្រជាពលរដ្ឋឲ្យមានសិទ្ធសេរីភាព រហូតមកដល់បច្ចុប្បន្ន មិនចេះភូតភរ កុហកបោកប្រាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសឆ្ពោះទៅរកវឌ្ឍនភាព និងបានធានាបាននូវសន្តិសុខ ស្ថេរភាព សន្តិភាពជូនប្រទេសជាតិ៕