(ព្រះសីហនុ)៖ ​ករណីផ្ទុះហ្គាសសម្រាប់បង្រៀនផ្សារបច្ចេកទេស របស់សាលាបច្ចេកទេស «ដុនបូសស្កូ» ស្ថិតក្នុងក្រុមទី១៨ ភូមិ​៥ សង្កាត់៤ ក្រុងព្រះសីហនុ បានបណ្តាលឲ្យមេជាងក្រឡឹងម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ និងមនុស្សចំនួន៨នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនមកសង្គ្រាះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ នៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨។

ស្នងការនគរបាលខេត្ដព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា​ ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់មួយនេះ បណ្ដាលឲ្យស្លាប់ម្នាក់ ឈ្មោះ ​សេង សារ៉ាត់​ អាយុ៣៥ឆ្នាំ ជាគ្រូបង្រៀនផ្នែកបច្ចកទេសក្រឡឹង និងផ្សារ។

ដោយឡែក ជនរងគ្រោះ៨នាក់ផ្សេងទៀត ទី១៖​ឈ្មោះ អៀង សុធា ​អាយុ​៤២ឆ្នាំ មុខរបរសិស្ស, ទី២៖ឈ្មោះ ជុំ វណ្ណជិន ​​អាយុ២៩ឆ្នាំ, ទី៣៖​ឈ្មោះ នូច វណ្ណា អាយុ៣០ឆ្នាំ, ទី៤៖ឈ្មោះ សយ គឹមហ៊ូ ​​អាយុ២០ឆ្នាំ មុខរបរមេកានិច, ទី៥៖ឈ្មោះ ស្ងួន​ សារ័ត្ន ​​អាយុ២០ឆ្នាំ, ទី៦៖ឈ្មោះ ម៉ូង វណ្ណៈ ​​អាយុ២០ឆ្នាំ, ទី៧៖ឈ្មោះ ម៊ី សុភា អាយុ២០ឆ្នាំ និងទី៨៖ឈ្មោះ សាំង ភារិត ​អាយុ២០ឆ្នាំ​។ ​អ្នករបួសទាំងអស់ក្រោយសម្រាកព្យាបាលនៅគ្លីនិកសេតេ ក្នុងសង្កាត់២ ក្រុងព្រះសីហនុ រហូតមកដល់ម៉ោង១០៖០០នាទីយប់ ពួកគាត់បានចេញពីគ្លីនិកទៅលំនៅ​ដ្ឋានរៀងៗខ្លួន។

លោកឧត្តមសេនីយ៍ស្នងការបញ្ជាក់ថា តាមការបំភ្លឺសិស្សដែលកំពុងរៀននៅកន្លែងកើតហេតុ ឈ្មោះ លី ប៊ុនឡេង​ អាយុ១៩ឆ្នាំ មុខរបរសិស្សផ្នែកយន្តសាស្ត្រ បច្ចុប្បន្នស្នាក់នៅក្នុងសាលា បានឲ្យដឹងថា​ ខ្លួនកំពុងតែសិក្សាស្រាប់តែឮសំលេងផ្ទុះយ៉ាងខ្លាំង ​ពេលនោះខ្លួនបានចេញមកមើលឃើញរោងជាងរបស់គ្រូ សារ៉ាត់ (សាកសព) ខូចខាតទាំង​ស្រុង ហើយរូបគាត់បានស្លាប់ និងមានអ្នករងរបួសជាច្រើនទៀត។​

តាមការសន្និដ្ឋានរបស់នគរបាលបច្ចេកទេសវិសាស្ត្រ បានឲ្យដឹងថា ការផ្ទុះនេះ គឺបណ្តាលមកពីផ្ទុះធុងខ្យល់ផ្សារ ដោយកំដៅក្បាលមាន់ដែលជាងផ្សារ ទៅប៉ះ​ធុងខ្យល់ បណ្តាលឲ្យធុងខ្យល់រីកមាឌរួចផ្ទុះតែម្តង និងបានរកឃើញក្បាល​​រ៉ូមានេធុងខ្យល់អុកស៊ីហ្សែន និងធុងខ្យល់ហ្គាស គឺឃើញខ្យល់ឡើងដល់១៧០​គីឡូ នៅក្នុងធុងនោះ វាលើស​ធ្វើឲ្យក្បាលមាន់ដែលជាងផ្សារជះកំដៅទៅដល់ធុងហ្គាស​ ដោយមិនដឹងខ្លួន​​ធ្វើឲ្យធុងខ្យល់រីកមាឌអាចផ្ទុះបាន​។

សូមជម្រាបថា សាលាបច្ចេកទេសដុនបូសស្កូ អ្នកគ្រប់គ្រង និងជានាយកសាលាឈ្មោះ យូជីន ខាល់កូ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិឥណ្ឌា រីឯនាយករងសាលាឈ្មោះ អ៊ូច សំបូរ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ៕