(ភ្នំពេញ)៖ បន្ទាប់ពីត្រូវបានអង្គសមាជជ្រើសរើស ជាប្រធានរបស់គណបក្សខ្មែររួបរួមជាតិសារជាថ្មីនោះ លោក ញឹក ប៊ុនឆៃ បានប្រកាសនៅមុខថ្នាក់ដឹកនាំ និងអ្នកសកម្មជនអ្នកគាំទ្រថា លោកនឹងចុះធ្វើយុទ្ធនការរកសំឡេងឆ្នោត នៅតាមបណ្តារាជធានី-ខេត្តនានា ដើម្បីកៀរគរអ្នកគាំទ្រ និងសំណូមពរឱ្យពលរដ្ឋខ្មែរទៅបោះឆ្នោតជូនគណបក្សរបស់លោក នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។

លោក ញឹក ប៊ុនឆៃ បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលគណបក្សខ្មែររួបរួមជាតិ បានធ្វើសមាជប្រកាស ទទួលស្គាល់លោក ជាប្រធានគណបក្សខ្មែររួបរួមជាតិសារជាថ្មី នៅក្នុងគេហដ្ឋានលោក ញឹក ប៊ុនឆៃ នាសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

លោក ញឹក ប៊ុនឆៃ បានថ្លែងយ៉ាងដូច្នេះថា៖ «យើងខ្ញុំបានពិភាក្សាគ្នាហើយថា ពេលវេលាយើងវាខ្លីមកដល់ពេលនេះមានពេល៥០ថ្ងៃ អញ្ចឹងហើយ យើងខ្ញុំថ្នាក់ដឹកនាំ បានរៀបចំកម្មវិធី ដើម្បីចុះទៅតាមបណ្តាខេត្តជាពិសេសគឺខេត្តធំៗ ដែលមានអសនៈច្រើន ដែលយើងត្រូវដំណើរការដូចជា រាជធានីភ្នំពេញ, កណ្តាល, កំពង់ចាម, ព្រៃវែង, ត្បូងឃ្មុំ, កំពង់ធំ, សៀមរាប, បាត់ដំបង, បន្ទាយមានជ័យ, កំពង់ឆ្នាំង។ល។»

ប្រធានគណបក្សខ្មែររួបរួមជាតិរូបនេះ បានបន្តថា សម្រាប់អសនៈវិញ លោកបានមិនទាន់ហ៊ានរំពឹងថា ទទួលបានប៉ុន្មានអសនៈនោះទេ គឺត្រូវចាំមើលអ៊ុត នៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត របស់គណបក្សនៅតាមមូលដ្ឋានសិន។ ក៏ប៉ុន្តែលោកសង្ឃឹមថា និងមានការគាំទ្រពីសំណាក់ពលរដ្ឋច្រើន​មុន៕