(ភ្នំពេញ)៖ ជាការដាស់តឿនយ៉ាងទទូចមួយ ចំពោះប្រជាពលរដ្ឋ ពិសេសចំពោះស្ត្រីដែលនិយមប្រើប្រាស់គ្រឿងសម្អាងនានា បន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះ មានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្រ្តីសុខាភិបាល សាខាកាំកុងត្រូល និងអា​ជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទីតាំងវេចខ្ចប់ និងចែកចាយផលិតផលគ្រឿងសម្អាងគ្មានច្បាប់អនុញ្ញាត១កន្លែង ស្ថិតនៅតាមផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ដោយបានរកឃើញគ្រឿង សម្អាងក្លែងក្លាយជាង១ពាន់គីឡូក្រាម។

មន្ត្រីនគរបាល បានបញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើងនាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ និងក្រោមការសម្របសម្រួលនីតិវិធីពីលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

មន្ត្រីដដែលបានបន្តថា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានរកឃើញថា ទីតាំងវេចខ្ចប់ និងចែកចាយផលិតផលគ្រឿងសម្អាងមួយនេះ ពុំមានច្បាប់អនុញ្ញាតពី​ក្រសួងស្ថាប័នពាក់ព័ន្ធនោះឡើយ ក្នុងនោះវត្ថុតាងគ្រឿងសម្អាងចម្រុះដែលលាយរួច សំបកវេចខ្ចប់ វត្ថុធាតុផ្សំសម្រាប់លាយចេញជាគ្រឿងសម្អាង និងគ្រឿងសម្អាងចម្រុះជាច្រើនប្រភេទសរុប ១,១៤៣គីឡូក្រាម។

ក្រោយត្រួតពិនិត្យក្នុងទីតាំងខាងលើរួចហើយ លោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងទាំងអស់ យកទៅរក្សាទុកនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងបាននាំម្ចាស់ទីតាំងឈ្មោះ គឹម ហ៊ង ភេទស្រី អាយុ២៤ឆ្នាំ មកសាកសួរបំភ្លឺនៅនាយកដ្ឋានដើម្បីបន្តនីតិវិធី៕