(ស្វាយរៀង)៖ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យប្រើប្រាស់សិទ្ធិរបស់ខ្លួន ទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ជាពិសេសគឺបោះឆ្នោតជូន CPP ដើម្បីគាំទ្រ​ សម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី បន្តថែរក្សាសន្តិភាព ដែលធានាបាននូវការអភិវឌ្ឍ ឥតឈប់ឈរបន្ថែមទៀត។

លោកស្រី ម៉ែន សំអន បានលើកឡើងបែបនេះ ខណៈលោកស្រីអញ្ជើញចូលរួមជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋសមាជិក ជាង៣០០នាក់ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ នៅសាខាគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

លោកស្រីបានថ្លែងបន្តថា ក្រោយពីប្រទេសជាតិរួចផុតពីសង្គ្រាម ដោយបានចាប់ផ្តើមអភិវឌ្ឍប្រទេសពីចំណុចសូន្យ គឺមានតែគណបក្សប្រជាជនកម្ពុជាតែ១គត់ ដែលជាខ្ន​ង​បង្អែកធានាបាន នូវសុខសន្តិភាព និងជំរុញការអភិវឌ្ឍប្រទេស ឱ្យមានការរីកចម្រើន មានអ្វីៗគ្រប់បែបយ៉ាង រហូតមកដល់បច្ចុប្បន្ន។ ការអភិវឌ្ឍប្រទេសកម្ពុជា តាំងពីបាទដៃទទេរហូតមានថ្ងៃនេះ គឺពិតជាបានឆ្លងកាត់ឧបសគ្គគ្រប់ដំណាក់កាល តាំងពីប្រជាពលរដ្ឋ មិនមានបាយហូបគ្រប់គ្រាន់ រហូ​តមកដល់សព្វថ្ងៃ ដែលមានជីវភាពសមរម្យ រស់នៅប្រកបដោយភាពសុខសាន ក្រោមដំបូលសន្តិភាពតែមួយរបស់ សម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដ៏ឆ្នើមគ្មានពីរ។

លោកស្រីឧបនាយករដ្ឋមន្រ្តី បានបន្តទៀតថា ដើម្បីបន្តរក្សាសន្តិភាព ជាពិសេសធានាដល់ការអភិវឌ្ឍឲ្យមានការរីកចម្រើនឥតឈប់ឈរ សូមប្រជាពលរដ្ឋទាំងអស់ ទៅចូលរួមការបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ ដែលនឹងមកដល់នាថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីបន្តឲ្យសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយវិបុលភាព និងវឌ្ឍនភាព។

លោកស្រី បានថ្លែងបន្ថែមយ៉ាង​ច្បាស់ថា សេរីភាពដែលយើងទទួលបានជាង៣០ឆ្នាំមកនេះ គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានអភិវឌ្ឍប្រទេសជាតិពីបាទដៃទទេរ ដោយចាប់ផ្តើមកសាង ស្តារ និងជំរុញការអភិវឌ្ឍឱ្យមានការរីកចម្រើន មានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ ដោយមិនសន្យាខ្យល់ ដូចអ្នកនយោបាយប្រថុយប្រឋានមួយចំនួននោះឡើយ។ គណប​ក្សប្រជាជនមានមានគោលការណ៍ និងយុទ្ធសាស្រ្តដឹកនាំដ៏ត្រឹមត្រូវប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជាច្រើនអាណត្តិ ជាពិសេសក្នុងអាណត្តិទី៥នេះ បានជំរុញអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ថ្នល់ ផ្សារ សាលារៀន មន្ទីរពេទ្យវត្តអារាម គឺទទួលបានសមិទ្ធផលជាច្រើន កើតឡើងជាហូរហែរជាក់ស្តែងផ្ដល់ការអភិវឌ្ឍន៍ លើគ្រប់វិស័យមកដល់ពេលនេះ៕