(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានលើកឡើងថា រាល់គ្រប់បទល្មើសទាំងឡាយ ដែលច្បាប់បានកំណត់ មិនមែនជាសមត្ថកិច្ចផ្ដាច់មុខរបស់អង្គភាពណាមួយនោះទេ​ ពោលគឺគ្រប់សមត្ថកិច្ចពាក់ព័ន្ធមានសិទ្ធិអនុវត្តតាមច្បាប់ ដើម្បីបង្ក្រាប និងដោះស្រាយ។

ការលើកឡើងរបស់នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ ក្នុងឱកាសលោក និងលោកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី «ការគ្រប់គ្រង នៃការស៊ើបអង្កេតលើបទល្មើស ក្រុមបណ្ដាញឧក្រិដ្ឋកម្មមានការចាត់តាំង និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ពាក់ព័ន្ធគ្រឿងញៀន និងផលិតផលក្លែងក្លាយ» នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការជួយឧបត្ថម្ភពីរាជរដ្ឋាភិបាលបារាំង។

នាយឧត្តមសេនីយ៍រូបនេះ បានគូសបញ្ជាក់ថា គ្រប់សមត្ថកិច្ចពាក់ព័ន្ធត្រូវធ្វើការរួមគ្នាដើម្បីដោះស្រាយសម្របសម្រួល ក្នុងនាមជាមន្ដ្រីអនុវត្តច្បាប់ដើម្បីសន្ដិសុខ សុខភាពសាធារណៈ ស្ថេរភាពក្នុងសង្គម និងពិភពលោកទាំងមូល ស្របពេលដែលកម្ពុជាកំពុងទទួលបាននូវសុខសន្ដិភាព ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ដោយឡែក សម្រាប់វគ្គបណ្ដុះបណ្ដាល ដែលមានរយៈពេល២សប្ដាហ៍មកនេះ ​នាយឧត្តមសេនីយ៍ មៀច សុផាន់ណា​ ជឿជាក់ថា សិក្ខាកាមទាំងអស់ បានខិតខំសិក្សារៀនសូត្រ ក្រេបយកចំណេះដឹងលើផ្នែក បទល្មើសឧក្រិដ្ឋកម្មគ្រឿងញៀន និងផលិតផលក្លែងក្លាយខុសច្បាប់មួយនេះ ដើម្បីស្វែងយល់ពីប្រភព ការផលិត លាក់ទុក បណ្ដាញចែកចាយ បច្ចេកទេសនៃការតាមដានស៊ើបអង្កេត វិធីសាស្ដ្រក្នុងការបង្ក្រាបចំពោះការធ្វើចរាចរណ៍គ្រឿងញៀន ទាំងនោះក៏ដូចជាផលិតផល​ ពាក់ព័ន្ធដែលសង្ស័យថា ក្លែងក្លាយខុសច្បាប់ទាំងឡាយ។

ជាមួយគ្នានេះ លោកស្រី ​អេ​វ៉ា ង្វៀន ប៊ិ​ញ ក៏បានលើកឡើងថា ក្នុងកិច្ចសហប្រតិបត្តិការទ្វេរភាគីក្នុងវិស័យសន្ដិសុខផ្ទៃក្នុង រវាងកម្ពុជា និងបារាំង បានធ្វើឡើងក្រោមទម្រង់ជាបេសកកម្មជំនាញ ដោយមានវគ្គបណ្ដុះបណ្ដាលបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពប្រតិបត្ដិការរបស់នគរបាលកម្ពុជា និងកងរាជអាវុធហត្ថ លើវិស័យនានាដែលក្នុងនោះ បញ្ហាសន្ដិសុខផ្ទៃក្នុងកំពុងជាបញ្ហាប្រឈម ពោលការប្រយុទ្ធប្រឆាំងគ្រឿងញៀន ផលិតផលក្លែងក្លាយ ការរំលោភបំពានផ្លូវភេទលើអនីតិជន ការជួញដូរមនុស្សជាដើម។

បើតាមលោកស្រីឯកអគ្គរដ្ឋទូត ចាប់តាំងពីដើមឆ្នាំ២០១៨ ផ្នែកសន្ដិសុខផ្ទៃក្នុងរបស់ស្ថានទូតបារាំង បានរៀបចំវគ្គបំប៉ននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ លើការគ្រប់គ្រង​កន្លែងកើតហេតុ ជូនកងរាជអាវុធហត្ថ និងវគ្គបំប៉នស្ដីពីការស៊ើបអង្កេតលើអំពើរំលោភបំពានផ្លូវភេទអនីតិជន ជូនដល់មន្ដ្រីនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕​