(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចុះសាកសួរសុខទុក្ខកម្មករ-កម្មាការិនីរោងចក្រ ជួបគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៦៦-៦៧ ត្រង់ចំណុចភូមិត្រពាំងអត់ទឹក ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នាឱកាសនោះ លោក វ៉ី សំណាង បានឧបត្ថម្ភដល់កម្មករ-កម្មាការិនី ដែលរងរបួសទាំងអស់ក្នុងម្នាក់ៗ ចំនួន៥០,០០០រៀល ផងដែរ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី៩ ខែមិថុនានេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ 3A-5619 អ្នកបើកបរ មិនស្គាល់ឈ្មោះ បើកបរមកពីទិសខាងកើតទៅលិច។ មកដល់ចំណុចខាងលើបានរេចង្កូត ទៅបុករថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ខៀវ ពាក់ផ្លាកលេខ កំពង់ស្ពឺ 2A-0652 ដឹកកម្មករ-កម្មការិនីរោងចក្រ វ៉ាសាន់ ចំនួន៤៥នាក់ ដែលមានអ្នកបើកបរឈ្មោះ សៀក ថេង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បើកបរបញ្ច្រាសទិសគ្នា។

អ្នករបួសត្រូវបានរថយន្តសង្រ្គោះ មន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ បង្អែកខេត្តកំពង់ស្ពឺ ដែលមានសរុប ចំនួន២៩នាក់ និងរងរបួសស្រាល ចំនួន២៥នាក់ ខណៈអ្នករបួសធ្ងន់ ចំនួន៤នាក់ទៀត ត្រូវបានបញ្ជូនមកព្យាបាលនៅភ្នំពេញ៕