(ភ្នំពេញ)៖ ខណៈការប្រកួតបាល់ទាត់ជើងឯកពិភពលោក FIFA World Cup 2018 ខិតជិតមកដល់នារាត្រីថ្ងៃព្រហស្បត្តិ៍សប្ដាហ៍នេះ សូមក្រឡេកមកចាប់អារម្មណ៍ ជាមួយទស្សនៈរបស់កីឡាករជម្រើសជាតិកម្ពុជា ៣រូប ដែលបានទស្សន៍ទាយ តើក្រុមណាខ្លះ ដែលនឹងមានអាទិភាពខ្ពស់ក្នុងការគ្រងតំណែងជើងឯកពានរង្វាន់ ៤ឆ្នាំម្ដងនេះ ក្នុងនោះមានកីឡាករ ប្រាក់ មុន្នីឧត្តម, កីឡាករ នេន សុធារ័ត្ន និងអ្នកចាំទី អ៊ុំ សេរីរ័ត្ន។
សម្រាប់កីឡាករ ប្រាក់ មុន្នីឧត្តម ដែលទើបត្រូវបានក្លឹបលីគកំពូលម៉ាឡេស៊ី Negeri Sembilan បញ្ចប់កិច្ចសន្យាកាលពីពេលថ្មីៗនេះបានធ្វើការទស្សន៍ទាយថា ជើងឯក FIFA World Cup ឆ្នាំនេះ ភាគរកខ្ពស់បានទៅក្រុមជម្រើសជាតិប្រេស៊ីល ព្រោះប្រេស៊ីលឆ្នាំនេះ ពួកគេមានកីឡាករប្លែកៗ តែខ្លាំងៗ ដែលចម្រាញ់មកពីក្លឹបនានាក្នុងតំបន់អឺរ៉ុប និងជុំវិញពិភពលោក។ ដូច្នេះ ឧត្តម បានបង្ហាញភាពជឿជាក់ខ្លាំងលើក្រុមជើងខ្លាំងប្រចាំតំបន់អឺរ៉ុបនេះ។
រីឯកីឡាករខ្សែការពារ នេន សុធារ័ត្ន សមាជិកក្រុមព្រះខ័នរាជស្វាយរៀង ក៏មានទស្សនៈមិនខុសពីអតីតមិត្តរួមក្រុមកីឡាករ ប្រាក់ មុន្នីឧត្តម ដែរ ដោយខ្សែការពារក្រុមជម្រើសជាតិកម្ពុជារូបនេះ បានជ្រើសរើសយកក្រុមជម្រើសជាតិប្រេស៊ីលដូចគ្នា ព្រោះគេយល់ថា កីឡាករម្នាក់ៗរបស់ប្រេស៊ីលលេងស៊ីចង្វាក់គ្នា សាកសមក្នុងការលើកពាន FIFA World Cup 2018 ពិសេសគឺបទពិសោធន៍ក្នុងការលេងឲ្យក្លឹបធំៗនៅអឺរ៉ុប និងជុំវិញពិភពលោកតែម្ដង។
ដោយឡែកអ្នកចាំទីដៃទី១ របស់ក្រសួងការពារជាតិកីឡាករ អ៊ុំ សេរីរ័ត្ន បានសម្ដែងការពេញចិត្ត ចំពោះក្រុមពីរ ដែលខ្លួនស្រឡាញ់ និងចូលចិត្ត គឺប្រេស៊ីល និងអេស្ប៉ាញ តែជម្រើសចុងក្រោយ ដែលរូបគេទស្សន៍ទាយអាចលើកពា គឺប្រេស៊ីលដដែល។ ជុំវិញការទស្សន៍ទាយប្រេស៊ីលលើកពាន សេរីរ័ត្ន បានអះអាងថា ដោយសារកីឡាករម្នាក់ៗរបស់ក្រុមនេះ មានបច្ចេកទេសល្អ និងបទពិសោធន៍ច្រើន ហើយថែមទាំងមានការប្រមូលផ្ដុំបានយូរ ដើម្បីត្រៀមការប្រកួតនៅរុស្ស៊ីទៀតផង។
ប៉ុន្ដែយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការបញ្ចេញទស្សនៈផ្ទាល់ខ្លួនតាមការយល់ឃើញ និងការស្រឡាញ់ចូលចិត្ដពីសំណាក់កីឡាករកម្ពុជាប៉ុណ្ណោះ។ ចំណែកលទ្ធផលជាក់ស្ដែង គឺមានតែរង់ចាំទស្សនាការប្រកួតទាំងអស់គ្នា គ្រាដែលការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី១៤ ខែមិថុនា រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ដោយមាន៣២ប្រទេសចូលរួម ស្មើនឹង៦៤ប្រកួត នៅតាមពហុកីឡដ្ឋានចំនួន១២ ស្មើនឹង ១០ទីក្រុង នៅទូទាំងប្រទេសរុស្ស៊ី៕