(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់លោកប្រធានមន្ទីរអប់រំ រាជធានី-ខេត្ត ឲ្យបញ្ឈប់ការយកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ មកកែច្នៃប្រើប្រាស់ធ្វើជាជួងក្នុងសាលារៀន ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុណាមួយដល់កុមារកម្ពុជា។
នេះបើតាមលិខិតរបស់លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ផ្ញើទៅលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។
រដ្ឋមន្ដ្រី ហង់ ជួន ណារ៉ុន បានឲ្យដឹងថា តាមរយៈការណែនាំរបស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ទោះបីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ស្ថិតក្នុងសភាពល្អស្អាត ឬខូចខាតទ្រង់ទ្រាយដើមក៏ដោយ ក៏នៅតែអាចផ្ទុះនឹងបណ្ដាលឲ្យមានគ្រោះថ្នាក់គ្រប់ពេលវេលា នៅពេលដែលមាននរណាម្នាក់យកដំ កែច្នៃ ឬគ្រវែងលេងជាដើម៕
ខាងក្រោមនេះ ជាលិខិតរបស់ រដ្ឋមន្ដ្រី ហង់ ជួន ណារ៉ុន៖