(សិង្ហបុរី)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា សហរដ្ឋអាមេរិកនឹងមិនចេញថ្លៃចំណាយសូម្បីតែមួយសេន ទាក់ទិននឹងការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ខណៈក្រុមអ្នកជំនាញខ្លះប៉ាន់ប្រមាណថា ការលុបបំបាត់អាវុធនុយក្លេអ៊ែរនេះ អាចនឹងត្រូវចំណាយប្រាក់ជាង ២០ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨។
ការលើកឡើងខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយជំនួបជាមួយលោក គីម។ ជាមួយគ្នានោះដែរ នៅពេលត្រូវបានសាកសួរ ពីថ្លៃចំណាយលើការលុបបំបាត់អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ដែលកំពុងជាប់ទណ្ឌកម្មអន្តជាតិនោះ ប្រធានាធិបតីអាមេរិករូបនេះបាននិយាយថា កូរ៉េខាងត្បូង និងជប៉ុន មានសមត្ថភាពផ្ដល់ជំនួយហិរញ្ញវត្ថុ។ លោក ត្រំា បានគូសបញ្ជាក់ យ៉ាងខ្លីដូច្នេះថា «យើងនឹងមិនត្រូវជួយពួកគេទេ»។
គួរបញ្ជាក់ថា នរណាក៏ដឹងដែរថាប្រទេសជប៉ុន និងកូរ៉េខាងត្បូង ជាប្រទេសមានសេដ្ឋកិច្ចរីកចំរើនខ្លាំងនៅអាស៊ីបូព៌ា ដោយសារតែអាមេរិកជាអ្នកកាងនៅពីក្រោយ ហើយនៅពេលកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលម្តងៗ ប្រទេសទាំងពីរនេះ ក៏ជាអ្នកត្អូញត្អែរ និងភ័យខ្លាចខ្លាំងជាងគេផងដែរ។ ហេតុដូច្នេះការសម្រេចចិត្តរបស់ លោក ដូណាល់ ត្រាំ ដូចខាងលើនេះ គឺទំនងជាមានហេតុផលគ្រប់គ្រាន់៕