(ភ្នំពេញ)៖ បណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ សូមលើកយកនូវកិច្ចសម្ភាសន៍ពិសេសជាមួយ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ជុំវិញករណីទណ្ឌិត សម រង្ស៊ី ដែលបានប្រៀបធៀបខ្លួនទៅនឹងព្រះបរមរតនកោដ្ឋ ដែលធ្លាប់និរទេសខ្លួនទៅបរទេសក្រោយការធ្វើរដ្ឋប្រហារ ហើយបានប្រឡប់មកមាតុប្រទេសវិញ ដើម្បីដឹកនាំប្រទេសជាថ្មី។
លោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានចាត់ទុកថា កាលដែលទណ្ឌិត សម រង្ស៊ី ប្រហើនហ៊ានប្រៀបធៀបខ្លួនទៅនឹងអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ដែលនិរទេសខ្លួនទៅបរទេស ហើយមកដឹកនាំវិញនោះ គឺជារឿងដែលល្ងង់ខ្លៅបំផុត ព្រោះទណ្ឌិត សម រង្ស៊ី កំពុងតែរត់គេចខ្លួនពីរសំណាញ់ច្បាប់ខ្លួនឯងសោះ ស្រាប់តែហ៊ានថា ខ្លួនកំពុងនិរទេសដើម្បីជាតិទៅវិញ។
ដោយឡែកករណីដែលទណ្ឌិត សម រង្ស៊ី ហ៊ានឆ្លើយឆ្លងរឿងព្រះរាជសាររបស់ព្រះមហាក្សត្រ ដែលព្រះអង្គបានអំពាវនាវឲ្យប្រជានុរាស្ដ្ររបស់ព្រះអង្គ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនោះ ត្រូវបានឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បញ្ជាក់ថា នេះមិនមែនជាការប្រមាថព្រះរាជសារនោះទេ ពោលគឺជាការប្រមាថព្រះមហាក្សត្រកម្ពុជាតែម្ដង ដែលប្រជាពលរដ្ឋគោរពស្រលាញ់ពេញនគរ។
ខាងក្រោមនេះ គឺជាកិច្ចសម្ភាសន៍ពិសេសរវាង លោក លឹម ជាវុត្ថា អគ្គនាយក នៃបណ្ដាញព័ត៌មាន Fresh News ជាមួយឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង អតីតប្រមុខការបរទេសកម្ពុជា លើបញ្ហានេះ៖
លោក លឹម ជាវុត្ថា៖ «តើឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង អាចពន្យល់បានទេ ជុំវិញករណីដែលលោក សម រង្ស៊ី ដែលជាទណ្ឌិតសោះ ហើយបានប្រៀបធៀបខ្លួនទៅនឹងព្រះបរមរតនកោដ្ឋ ជុំវិញការនិរទេសខ្លួនទៅក្រៅប្រទេស តើឯកឧត្តមអាចពន្យល់លើករណីនេះយ៉ាងណាដែរ»?
ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង៖ «ខ្ញុំយល់ថាទណ្ឌិត សម រង្ស៊ី ដែលបានប្រៀបធៀបខ្លួនជាមួយព្រះរាជបិតាជាតិ ព្រះបរមរតនកោដ្ឋ ដែលត្រូវគេធ្វើរដ្ឋប្រហារទម្លាក់ ហើយត្រូវនិរទេសរាប់ទស្សវត្ស ហើយបានត្រឡប់មកឡើងគ្រងរាជ្យវិញ ដូច្នេះគេចង់ប្រៀបធៀបខ្លូនគេថា កំពុងតែនិរទេសទៅបរទេស ហើយថ្ងៃណាមួយអាចវិលមកកាន់អំណាចវិញ។ ខ្ញុំយល់ថាការប្រៀបធៀបនេះ ជាការល្ងង់ខ្លៅបំផុត។
ព្រះមរតនកោដ្ឋ ជាព្រះប្រមុខរដ្ឋស្របច្បាប់ គេធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គមិនស្របច្បាប់ ធ្វើរដ្ឋប្រហារនាំមកនូវសង្គ្រាមដែលយើងដឹងឭទាំងអស់គ្នាហើយ នាំមកនូវការខ្ទេចខ្ទីទាំងអស់ អត់មានកសាងអីបាន។ ដូចសម្ដេចតេជោលោក មានប្រសាសន៍ច្រើនដងហើយ ប្រសិនបើអត់មានរដ្ឋប្រហារខែមីនា ឆ្នាំ១៩៧០ ប្រទេសកម្ពុជាសព្វថ្ងៃ មានការអភិវឌ្ឍខ្លាំងខ្លាណាស់ មិនដូចឆ្នាំ១៩៧៩ទេ ដូច្នេះឯអតីតមេដឹកនាំគណបក្សប្រឆាំងនេះ ដែលជាទណ្ឌិតនេះ គឺគណបក្សរបស់ខ្លួនជាគណបក្សក្បត់ជាតិ ចង់ធ្វើបដិវត្តពណ៌ដែលនាំមកនូវសង្គ្រាម ផ្ទុយនឹងព្រះមរតនកោដ្ឋ នាំមកនូវការច្របូកច្របល់សង្គម ដែលនាំឲ្យអត់មានការអភិវឌ្ឍប្រទេសជាតិបាន។
ដូច្នេះខ្ញុំយល់ថាការប្រៀបធៀបនេះ គឺជាការល្ងង់ខ្លៅបំផុតអត់ដឹងប្រវត្តិសាស្ដ្រទាល់តែសោះ ហើយលើកខ្លួននេះ លើកទាំងងងឹតងងុលតែម្ដង»។
លោក លឹម ជាវុត្ថា៖ «តើឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង យល់យ៉ាងណា ចំពោះការប្រមាថព្រះរាជសារ របស់ព្រះមហាក្សត្រ ដែលព្រះអង្គបានអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦»?
ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង៖ «ខ្ញុំយល់ថា មិនមែនជាការប្រមាថព្រះរាជសារនោះទេ គឺជាការប្រមាថព្រះករុណា ជាអង្គម្ចាស់ជីវិតដម្កល់លើត្បូង ដែលប្រជាជនកម្ពុជាគោរពទូទាំប្រទេស។ នេះក៏ជាការក្បត់ជាតិរបស់មេដឹកនាំ អតីតគណបក្សប្រឆាំង ហើយនេះក៏ជាការក្បត់ប្រជាជនកម្ពុជា ដែលមានសិទ្ធិពេញទីពុំអាចមាននរណាហាមឃាត់ បានឲ្យទៅបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួនដើម្បីដឹកនាំប្រទេស។ ដូច្នេះនេះជាការក្បត់ព្រះមហាក្សត្រ ជាការក្បត់ជាតិ ជាការក្បត់ប្រជាជន»៕