(កំពង់ចាម)៖ ថ្លែងចេញពីទឹកដីស្រុកកងមាស ខេត្តកំពង់ចាម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា ការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី មេចលនាសង្គ្រោះជាតិ ដែលមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត ជាអំពើក្បត់ប្រជាជន និងក្បត់ជាតិដ៏ធ្ងន់ធ្ងរ និងមិនអាចលើកលែងឱ្យបាន ព្រោះការបោះឆ្នោត វាជាសិទ្ធរបស់ប្រជាពលរដ្ឋ ក្នុងការជ្រើសរើសមេដឹកនាំ ដែលពួកគាត់ពេញចិត្ត មិនអាចមាននរណាប៉ះពាល់សិទ្ធិនេះ បាននោះទេ។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសលោកបានអញ្ជើញចុះ ជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ចំនួន៦៥០០នាក់ ព្រមទាំងផ្តល់អំណោយជាផ្លូវបេតុងមួយខ្សែថ្មីទៀត ប្រវែង៣០៧ម៉ែត្រផងដែរ។
ឧបនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «សព្វថ្ងៃអតីតបក្សប្រឆាំងគេ អំពាវនាវកុំឱ្យទៅបោះឆ្នោត នេះជាអំពើក្បត់ប្រជាជន មូលហេតុដោយសារសិទ្ធិបោះឆ្នោតជាសិទ្ធិរបស់ប្រជាជនម្នាក់ៗ ពុំអាចមាននរណាប៉ះពាល់បានទេ ជាសិទ្ធិរបស់ប្រជាជន ដើម្បីជ្រើសអ្នកដឹកនាំល្អ អ្នកដឹកនាំគិតអំពីការកសាងជាតិ អំពីសន្តិភាព។ ដូចនេះមិនឱ្យប្រជាជន ទៅបោះឆ្នោតមានន័យថាប្រឆាំង និងប្រជាជន ក្បត់ប្រជាជន ហើយសព្វថ្ងៃគេដើរឃោសនា នៅក្រៅប្រទេសចង់មកបោះឆ្នោតវិញ។ យើងមិនមានហាម ដោយអត់គោលការណ៍អត់ច្បាប់ទេ ដោយសារអតីតបក្សប្រឆាំងនេះ ចង់ធ្វើបដិវត្តពណ៌ ដើម្បីរំលំរាជរដ្ឋាភិបាលស្របច្បាប់ ឡើងកាន់អំណាចដោយបដិវត្តពណ៌»។
ជាមួយនេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានពន្យល់ពលរដ្ឋ ពីអ្វីទៅដែលហៅថាបដិវត្តពណ៌នេះ គឺធ្វើឡើងបះបោរដោយអាវុធផង ដោយប្រឆាំងដោយកំរោលឃោរឃៅផង ដើម្បីទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីខ្លួនបានឡើងកាន់អំណាចដែលខុសច្បាប់។
ឧបនាយករដ្ឋមន្ត្រីបានបន្តថា ថ្មីនេះព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជសារអំពាវនាវ ឱ្យប្រជាជន ឱ្យទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាកុំញញើត ញញើមគ្មានអ្នកណាបង្ខំ គ្មានអ្នកណាធ្វើអីនោះទេ។ ប៉ុន្តែបែរជាអតីតមេបក្សប្រឆាំង ទណ្ឌិត សម ររង្ស៊ី រូបនេះ បានប្រឆាំងនឹងព្រះរាជសាររបស់ព្រះមហាក្សត្រទៅទៀត ហើយហ៊ានប្រមាថមើលងាយព្រះមហាក្សត្រ យ៉ាងធ្ងន់ធ្ងរទៅទៀត គឺមុនដំបូងចោទថា ព្រះមហាក្សត្រធ្វើនឹង (ព្រះរាជសារ) ក្លែងក្លាយ បន្ទាប់មកជនអគតិរូបនេះ បែរជាចោទថាព្រះរាជសារនេះ ធ្វើឡើងដោយសារមានការគាបសង្កត់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ទៅវិញ ទាំងនេះបង្ហាញឱ្យឃើញថាទណ្ឌិត សម រង្ស៊ី បានចេតនាប្រមាថដល់អង្គព្រះមហាក្សត្រ ដែលមិនអាចលើកលែកទោសបានឡើយ។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានផ្តាំផ្ញើរទៅទណ្ឌិត សម រង្ស៊ី ឱ្យដឹងច្បាស់ថា អង្គព្រះមហាក្សត្រគ្មានជនណាម្នាក់ ឬក្រុមណាមួយមកបញ្ជា ឬគាបសង្កត់ទ្រង់បាននោះឡើង។ ដូច្នេះសូមប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស កុំស្តាប់ការញុះញង់បំភ្លើសការពិត គ្មានដឹងខ្យល់អ្វីសូម្បីតែបន្តិច ពីសំណាក់ជនក្បត់ជាតិរូបនេះ។
អតីតប្រមុខការទូតកម្ពុជារូបនេះ បានបន្ថែមទៀតថា ថ្មីៗនេះ ទណ្ឌិត សម រង្ស៊ី បានដើរឃោសនាថា ព្រះមហាក្សត្រ ជាចំណាប់ខ្មាំងរបស់សម្តេចតេជោ ហ៊ុន សែន បន្ថែមទៀត។ ដូច្នេះពីមួយថ្ងៃទៅមួយថ្ងៃជនទុច្ចរិតនេះ បានប្រព្រឹត្តអំពើក្បត់ជាតិ កាន់តែធ្ងន់ធ្ងរឡើងៗ ដោយចង់ធ្វើបដិវត្តពណ៌ មិនត្រឹមតែក្បត់ប្រជាជន មិនឱ្យទៅបោះឆ្នោតនោះទេ ថែមទាំងក្បត់ព្រះមហាក្សត្រទៀត។ ដូច្នេះអតីតបក្សប្រឆាំងរូបនេះ គឺមានទោសធ្ងន់ធ្ងរណាស់ ហើយមួយទៀតអ្វីដែលសំខាន់លើសពីនេះទៀត បានបង្ហាញឱ្យឃើញថាការក្បត់ជាតិ ដ៏ឆ្កួតលីលាជនអគតិនេះ គឺបានលួចចុះហត្ថលេខាកាត់ដី៤ខេត្តរបស់កម្ពុជា ឱ្យទៅជនជាតិភាគតិតវៀតណាម ម៉ុងតេញ៉ា ឬដេកា នៅពេលដែលខ្លួនបានឡើងកាន់អំណាច ប្រសិនបើរាប់ពីទង្វើក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី វិញសឹងតែរាប់មិនអស់នោះឡើយ ខេត្តទាំង៤នេះរួមមាន៖ ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។
ឧបនាយករដ្ឋមន្ត្រី បានចោទសួរជាចំងល់ថា តើទណ្ឌិត សម រង្ស៊ី អាចអនុញ្ញាតឱ្យដឹកនាំប្រទេសបាន ឬទេ? ដែលមានដីការបស់តុលាការ នៅជាប់ខ្លួននោះ? នៅពេលដែលប្រជាជនខ្មែរ ត្រូវបានពួកខ្មែរក្រហមកាប់សម្លាប់រាប់លាននាក់ អត់ទឹក អត់បាយ ជនក្បត់ជាតិនេះ រស់នៅលើទឹកដីបារាំង សើចសប្បាយ ដល់ពេលបង្កើតរដ្ឋាភិបាលចម្រុះប្រទេសមានសន្តិភាពជននេះ បានចូលមករស់នៅក្នុងប្រទេសកម្ពុជាវិញ ហើយស្រែកថា ខ្លួនបានតស៊ូ អស់រយៈពេល២៥ឆ្នាំទៅវិញ។ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ មេត្តាពិចារណាទាំងអស់គ្នា តើជនក្បត់ជាតិនេះ បានតស៊ូនៅកន្លែងណា?៕