(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា​ ឆ្នាំ២០១៨​ នាយឧត្តមសេនីយ៍​ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្ត​បន្ទាយមានជ័យ​ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់នូវផ្លូវក្រាលគ្រួសក្រហម១ខ្សែ ប្រវែង២៨៣២ម៉ែត្រ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ​ឃុំអូរប្រាសាទ​ នៅភូមិអូរប្រាសាទ ឃុំអូរប្រាសាទ​ ស្រុកមង្គលបុរី​ ខេត្តបន្ទាយមានជ័យ​ ដែលមានអ្នកចូលរួមជាង៤០០០នាក់។

ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិមាន​ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​, សម្តេចក្រឡាហោម​ ស​ ខេង​, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងថា​ ក្រោមគោលនយោបាយបក្ស​ និងរាជរដ្ឋាភិបាលដឹកនាំដោយសម្តេច​តេជោ ​ហ៊ុន​ សែន​ និងការចូលរួមអនុវត្តគោលនយោបាយនេះ ពីបងប្អូនប្រជាពលរដ្ឋ​ មន្រ្តីរាជការ​ កងកម្លាំងប្រដាប់អាវុធ និងក្មួយៗជាយុវជន​យុវនារី​ទាំងអស់​ ប្រទេស​កម្ពុជាយើងទទួលបានសុខសន្តិភាព និងរីកចម្រើនលូតលាស់រុងរឿងបានដូចសព្ធថ្ងៃ ដែលយើងគ្រប់គ្នាបានឃើញ​។

ក្នុងឱកាសនោះដែរ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងអំណរគុណដល់មហាគ្រួសារអ្នកបន្ទាយមានជ័យ ដែលបានចូលរួមថែរក្សា និងសូមបន្តថែរក្សានូវសន្តិភាពនេះឲ្យបានស្ថិតស្ថេរគង់វង្ស​ដើម្បីបន្តកសាងសង្គមគ្រួសារ និងប្រទេសជាតិអោយកាន់តែរុង​រឿង​សំបូរសប្បាយ សូមបងប្អូនត្រៀមខ្លូនទៅបោះឆ្នោតជូនគណបក្សប្រជា​ជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី២០ ​នៅថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០១៨ខាងមុខ​ឲ្យបានគ្រប់គ្នា​។

ជាវប្បធម៌ចែករំលែក​ និងគិតគូរពីសុខទុក្ខ​ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកថវិកា​ សម្ភារ​ និងអំណោយចែកជូនមាន​៖

ទី១៖ ប្រជាពលរដ្ឋចំនួន៤០០០នាក់​ ម្នាក់ៗ​ ទទួលបានសារ៉ុង១
ទី២៖ មនុស្សចាស់ពីអាយុ៧០ឆ្នាំឡើង នៅឃុំអូរប្រសាទចំនួន៣៧៦នាក់  ក្នុងម្នាក់ៗ ទទួលបាន៖ ថវិកា២ម៉ឺនរៀល​, សារ៉ុង១, កំសៀវដាំទឹកក្ដៅ​, មី, ពិល​, ទឹកដោះគោ​​, ប្រេងកូឡា​, ប្រេងខ្យល់​, ស្ករស អំបិលអ៊ីយ៉ូត​តែ, កៅអៀក ។ ល។  
ទី៣៖ ​សាលាឃុំអូរប្រាសាទ ថវិកា១លានរៀល
ទី៤៖ មណ្ឌលសុខភាពឃុំអូរប្រាសាទ ថវិកាចំនួន៥០ម៉ឺនរៀល
ទី៥៖ សាលាអនុវិទ្យាល័យ​អូរស្ងួត​ ផ្តល់អគារសិក្សា១ខ្នង​ ៣បន្ទប់
ទី៦​៖ សាលាបឋមសិក្សាភ្នំធំ​ ផ្តល់អគារសិក្សា១ខ្នង​ ៣បន្ទប់​
ទី៧៖ ប្រគេនបច្ច័យកសាងវត្តប្រាសាទ​ភ្នំធំ
ទី៨៖ ជួសជុលនិងកសាងផ្លូវក្នុងឃុំអូរប្រាសាទទាំងអស់
ទី៩៖ ចាក់ដី៣០ឡានជូនសាលាបឋមសិក្សាអូរប្រាសាទ៕