(កោះកុង​)៖ ​តុលាការ​ខេត្ត​កោះកុង​ សម្រេច​រុះរើ​ខ្ទម​ស្បូវ​លំហែ​កាយ​ចំនួន​០៥​ ចេញ​ពី​ដី​កម្មសិទ្ធិ​របស់​លោក​ មីន​ ហ៊ាន​ និង​ បាន​បំពាន​លើ​ចំណី​មាត់​ឆ្នេរ​សមុទ្រ​របស់​រដ្ឋ​ផងដែរ​ ។

គណៈកម្មការ​ចម្រុះ​ដឹកនាំ​ដោយ ​លោក​ អ៊ង​ រី​ ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​កោះកុង​ថ្មីៗ​នេះ​ សម្រេច​រុះរើ​ខ្ទម​ស្បូវ​ទាំង​នេះ​ ពី​កូនបំណុល​ឈ្មោះ​ ប៉ុក​ ចាន់​ និង​ ឈ្មោះ​ អ៊ុង​ កែត​ នៅ​ចំណុច​ភូមិ​នេសាទ​ ឃុំ​ជ្រោយ​ស្វាយ​ ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង​ ។

ការ​អនុវត្ត​ដីកា​សម្រេច​រក្សា​ការពារ​នេះ​ គឺ​ ពុំ​មាន​ភាគី​ណា​ជំទាស់​ឡើយ​ តែ​តុលាការ​បើក​ឱ្យ​ប្តឹង​តវ៉ា​តាម​កំណត់​ច្បាប់​ ប្រសិន​បើ​មិន​សុខចិត្ត​ការ​សម្រេច​នេះ​ ។

ប៉ុន្ដែ​ក្រោយ​ការ​អនុវត្ត​នេះ​ ភាគី​កូនបំណុល​បែរ​ជា​បាន​បង្ហោះ​ហ្វេសប៊ុក​ រិះគន់​តុលាការ​និង​ម្ចាស់​បំណុល​ទៅ​វិញ​ ។ ចំណុច​នេះ​ លោក​ មីន​ ហ៊ាន​ ជា​ម្ចាស់​បំណុល​ បញ្ជាក់​ថា​ នេះ​ជា​ការ​សម្រេច​របស់​តុលាការ​ តែ​រឿង​នេះ​ពុំ​ទាន់​បញ្ចប់​ទេ​ គ្រាន់តែ​ជា​រឿង​មុន​អង្គសេចក្តី​ប៉ុណ្ណោះ​ ពោល​គឺ​ភាគី​កូន​បំណុល​អាច​ប្តឹង​ទៅ​តុលាការ​បន្ត​ទៀត​បាន​ ។

លោក​មីន​ ហ៊ាន​ អះអាង​ថា​ ការ​ប្រឆាំង​ឬ​ប្រមាថ​ស្ថាប័ន​តុលាការ​ គឺ​ អាច​ប្រឈម​នឹង​ផ្លូវ​ច្បាប់​ ហើយ​ការ​ប្រមាថ​បុគ្គល​ គឺ​ អាច​ប្រឈម​បទល្មើស​បរិហារកេរ្តិ៍​ផងដែរ​ ៕