(ស្វាយរៀង)៖ បុរសជនជាតិម៉ាឡេស៊ីម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ ក្នុងថ្លុកឈាមកាលវេលាម៉ោង២និង៣២នាទី ទាប​ភ្លឺថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចបន្ទប់ទឹក​ផ្សាររាត្រី​ ជាប់ភោជនីយដ្ឋាន ស៊ីឡាយ ស្ថិតនៅក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត​ ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឲ្យដឹងថា មានករណី​ឃាតកម្មនេះ បានកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានវាយសម្លាប់ជនរងគ្រោះ ​ឈ្មោះ ខាសេន​ ស៊ិនគា​សេង (CARSEN TION KAI SENG) អាយុ៦៣ឆ្នាំ ជាជនជាតិម៉ាឡេស៊ី មុខរបរមិនពិតប្រាកដ​ កាន់លិខិតឆ្លងដែនលេខ K-36579669 ស្រុកកំណើត​ក្រុង​សារ៉ាវ៉ក​ ប្រទេសម៉ាឡេស៊ី។

បើតាមសមត្ថកិច្ច ជនរងគ្រោះបានឆ្លងចូលមកកម្ពុជា តាមច្រកទ្វាអន្តរជាតិបាវិតម៉ុកបាយ តាំងពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ មកម្លេះ។ ចំពោះករណីនេះ ក្រោយពី ទទួលបានព័ត៌មានថា មានមនុស្សស្លាប់នៅផ្សារាត្រី ក្រុងបាវិត ភ្លាមសមត្ថកិច្ចជំនាញ និងគ្រូពេទ្យបានមកដល់កន្លែងកើតហេតុពិនិត្យលើខ្លួនសព ឃើញថា មានដាច់ក្បាលខាងក្រោយ និងភ្នែកខាងឆ្វេងជាំ។ ក្រោយពីពិនិត្យលើសពរួច សមត្ថកិច្ច និងគ្រូពេទ្យ បានសន្និដ្ឋានថា ជាករណីឃាតកម្មពិតប្រាដកមែន។

បច្ចុប្បន្ន សពត្រូវសមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្តពោធិ៍ថ្មី (ហៅវត្តបាវិត) រង់ចាំក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯជនល្មើសសមត្ថកិច្ច កំពុងធ្វើស្រាវជ្រាវ រកចាប់មុខសញ្ញាយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕