(ភ្នំពេញ)៖ លោក អ៊ូ ពៅ អធិការរងខណ្ឌ៧មករា ទទួលផែន​អន្តោប្រវេសន៍ បានចេញមុខបកស្រាយថា លោក​មិនបានប្រើអំពើហិង្សាទៅលើអ្នកស្រី ឌី សារៀម អតីតចៅសង្កាត់ពន្សាំង និងប្តី ដូចការលើក​ឡើង និង​ចោទប្រកាន់នោះទេ ហើយរឿងនោះ​ផ្តើមឡើងកំរៃជើងសារ (គក់ជេរ​ដី) និងរឿង​អ្នកស្រី ឌី សារៀម លួចថតរូបលោក ដោយគ្មានការអនុញ្ញាត ហើយដៃអ្នកស្រី ឌី សារៀម គឺបណ្ដាលមកពី​គ្រោះថ្នាក់ចរាចរណ៍កាលពីកន្លងមក។

លោក អ៊ូ ពៅ បានឲ្យដឹងថា ​នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ លោក និងបងប្រុស​ម្នាក់ទៀត ឈ្មោះ យី សុខជា បានទៅ​សាកសួរ​ឈ្មោះ សេត សីម និងប្រពន្ធឈ្មោះ ឌី សារៀម រឿង​កំរៃជើងសារ ពី​អ្នកស្រី ឌី សារៀម​ ​ព្រោះ​លោក និងបង​ប្រុសបាននាំ​គេទៅទិញដីគាត់​ ប៉ុន្តែ​អ្នកស្រី ឌី សារៀម បដិសេធមិនព្រមឲ្យលោក ក៏បានទៅប្តឹង​នៅសាលាសង្កាត់​ពន្សាំង ឲ្យ​ជួយដោះស្រាយ ខណៈពេល​​អាជ្ញាធរ​កំពុងវែក​ញែក​ដោះស្រាយ នៅសាលាសង្កាត់ អ្នកស្រី ឌី សារៀម បានយកទូរស័ព្ទថត​រូប​លោក។

ភ្លាមនោះលោក​ក្រឡេកឃើញ​ក៏បានទាមទារឲ្យ អ្នកស្រី ឌី សារៀម លុបរូបនោះចេញវិញ តែគាត់មិនលុប​ដោយបោះស​ម្ដីថា នឹង​យករូបថត​នេះឲ្យកាសែត គេចុះផ្សាយ លឺដូច្នេះ​លោកក៏បាន​ស្ទុះទៅ​ចាប់​ដៃ និងមានការប្រទាញប្រទងគ្នា ជាមួយ​អ្នក​ស្រី សារៀម ដើម្បីយក​ទូរស័ព្ទ​មកបើកមើល និងលុបរូបលោកចេញ ក្រោយពីលុបរួចលោកក៏​បានឲ្យ​ទូរស័ព្ទ​ទៅគាត់វិញ​។​

លោក អ៊ូ​ ពៅ បន្តថា ក្រោយពីមានការសម្រេបសម្រួល ជាមួយអាជ្ញាធរ និងស្មៀនចប់សព្វគ្រប់​លោក​ក៏ត្រឡប់មក​ផ្ទះវិញ ប៉ុន្ដែ​អ្នកស្រី ឌី សារៀម រាយការណ៍ទៅអ្នកកាសែត​ចោទ​ថា លោក​ប្រើ​ហិង្សាទៅលើ​អ្នកស្រីទៅវិញ​។

ដូច្នេះហើយ ជុំវិញករណីអ្នក​ស្រី ឌី សារៀម ចោទលោក​ថា បានប្រើអំពើហិង្សានោះ លោកសូមធ្វើការបដិសេធចោលទាំង​ស្រុង តែលោកទទួលស្គាល់​ថា លោកពិត​ជាបាន​ប្រទាញ​ប្រទង​ជាមួយអ្នកស្រី ឌី សារៀម យកទូរស័ព្ទមកលុប​រូបពិតមែន ព្រោះ​អ្នកស្រី​លួច​ថតរូបលោក​មានបំណងមិនល្អ​ និងដោយគ្មាន​ការ​អនុញ្ញាត។

​សូមរំលឹកថា ការចេញមកបកស្រាយនេះ បន្ទាប់ពីលោកអធិការរងខណ្ឌ៧មករា ទទួលបន្ទុកអន្ដោប្រវេសន៍ រហ័សនាម​០៦ បាន​រងបណ្តឹងថា បាននាំបក្ខពួក​ទៅវាយ​អតីតចៅសង្កាត់ពន្សាំង គឺលោកស្រី ឌី សារៀម និងប្តីលោកស្រី ដល់ក្នុងសាលាសង្កាត់ បណ្តាលឲ្យរងរបួស ព្រោះរឿង​លុយកម្រៃជើងសារ​ទិញលក់ដីធ្លី។

យោងតាមពាក្យរបស់លោក សេត សឹម ជាប្តី និងលោកស្រី ឌី សារៀម អតីតចៅសង្កាត់ពន្សាំង ជាប្រពន្ធ​បានប្តឹង​ឈ្មោះ លោក អ៊ូ ពៅ ភេទប្រុស អាយុប្រហែល ៤១ឆ្នាំ មុខរបរ​ជាអធិការរងខណ្ឌ៧មករា ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង ខណ្ឌព្រែកព្នៅ ដោយចោទប្រកាន់ឈ្មោះ អ៊ូ ពៅ ថាបាន​វាយពួកខ្លួនបណ្តាលឲ្យត្រូវក្បាល និងដងខ្លួន​រងរបួសហើម ហើយចំពោះកម្រៃជើងសារនោះវិញ គឺអ្នកផ្សេង មិនមែនលោក អ៊ូ ពៅ និងឈ្មោះ យី សុខជានោះឡើយ ហើយម្យ៉ាងទៀតឈ្មោះទាំង២នាក់នេះ ក៏មិនស្ថិតនៅលើក្រដាសទិញលក់ដីផងដែរ៕