(ភ្នំពេញ)៖ ​លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានកិតិ្តយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះ ​នាំយកអំណោយ​របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំ​របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន​៥០គ្រួសារ ក្នុងសង្កាត់ជើងឯក។​

អំណោយដែលបានចែកជូន ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម, ទឹកត្រី០១យួរ, គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់១០មុខផ្សេងទៀត រួមជាមួយថវិកា​៣ម៉ឺនរៀល។ ក្នុងនោះ​ព្រះគ្រូ ម៉ា ធារី ចៅអធិការវត្តឫស្សីសាញ់ បានឧបត្ថម្ភបន្ថែម​នូវគ្រឿងឧបភោគបរិភោគ ក្នុងមួយគ្រួសារ មួយកញ្ចប់ផងដែរ។

ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា បាន​នាំការសាកសួរសុខទុក្ខពី​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់​ប្រជាពលរដ្ឋក្រីក្រទាំងអស់ ដែលជានិច្ចកាល​សម្តេចទាំងពីរ​តែងបានគិតគូរ និងយកចិត្តទុកដាក់ចំពោះ​ប្រជាពលរដ្ឋ​​នៅមូលដ្ឋាន ជាពិសេសចំពោះបងប្អូនក្រីក្រ ជួបការលំបាក ទុរគតជន ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ជាដើម ហើយសម្តេចទាំងទ្វេរ បានផ្តាំផ្ញើ​ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យគិតគូរពីសុខទុក្ខ និងការលំបាកនានារបស់​ពលរដ្ឋ ដើម្បីដោះស្រាយឲ្យបានទាន់ ពេលវេលា។​

លោក នុត ពុធដារ៉ា ក៏បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើន ឥតឈប់ឈររបស់ប្រទេសជាតិ​ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំ​របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំតស៊ូរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ អភិវឌ្ឍន៍ជាតិឲ្យបានរីកចម្រើន លើគ្រប់វិស័យ ក្រោមដំបូលសន្តិភាព។​

ជាមួយគ្នានេះ លោកក៏បានផ្តាំផ្ញើ​ឲ្យប្រជាពលរដ្ឋទាំងអស់ ពិសេសលោកតា លោកយាយ សូមយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យការរស់នៅ ដើម្បីរស់នៅបានយូរអង្វែង មើលការអភិវឌ្ឍន៍ រីកចម្រើនរបស់ជាតិ​បន្តទៀត និងសូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំដែលល្អ ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍ទៅមុខទៀត៕